ពលរដ្ឋ​ខេត្ត​កំពង់ធំ​ថា​អាជ្ញាធរ​ដាក់​កម្លាំង​រារាំង​មិន​ឲ្យ​ពួក​គាត់​ចូល​ដាំ​ដំណាំ​លើ​ដី​របស់​ខ្លួន

ប្រជាពលរដ្ឋ​នៅ​ឃុំ​មានរិទ្ធ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ បារម្ភ​ថា​នឹង​ត្រូវ​ខកខាន​ការ​ដាំ​ដុះ​ដំណាំ​ផ្សេងៗ​នៅ​ឆ្នាំ​នេះ​មិន​ខាន។ ក្ដី​បារម្ភ​នេះ ក្រោយ​ពេល​អាជ្ញាធរ​បាន​ដាក់​កម្លាំង​ការពារ មិន​ឲ្យ​ពលរដ្ឋ​ចូល​ទៅ​ដាំ​ដំណាំ​លើ​ដី​របស់​ពួក​គាត់​ជាច្រើន​ថ្ងៃ​មក​ហើយ។ ចំណែក​អភិបាល​ស្រុក​សណ្ដាន់ អះអាង​ថា កម្លាំង​ដាក់​នោះ គឺ​មិន​មែន​ដើម្បី​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ដាំ​ដំណាំ​លើ​ដី​ពួក​គាត់​ទេ ប៉ុន្តែ​ការពារ​ក្រែង​មាន​អ្នក​ភូមិ​ចូល​កាន់​កាប់​ដី​ថ្មី​បន្ថែម​ទៀត​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​មានរិទ្ធ ស្នើ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់​ជា​មុន ជៀសវាង​ធ្វើ​ឲ្យ​ពួក​គាត់​ត្រូវ​ខកខាន​ដាំ​ដំណាំ​នៅ​ពេល​រដូវ​ដាំ​ដុះ​ចូល​មក​ដល់។ ការ​ស្នើ​នេះ ក្រោយ​ពេល​អាជ្ញាធរ​បាន​ដាក់​កម្លាំង​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​កាន់​ដី​ដែល​ពួក​គាត់​អះអាង​ថា បាន​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​រួច​មក​ហើយ។

ពលរដ្ឋ​នៅ​ឃុំ​មានរិទ្ធ មួយ​រូប លោក ថោង ប៉ុញ រៀបរាប់​ថា ដី​របស់​ពួក​គាត់​បាន​កាន់​កាប់​តាំង​ពី​ឆ្នាំ​២០១១ ហើយ​ខ្លះ​ចូល​កាន់​កាប់​នៅ​ក្រោយ​គ្នា​បន្តបន្ទាប់។ លោក​ថា ចាប់​តាំង​ពី​អាជ្ញាធរ​ខេត្ត​បាន​ដាក់​ដី​តំបន់​នោះ​ជា​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​មក​ពី​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ចុង​ឆ្នាំ​២០១៤ អាជ្ញាធរ​ក៏​បាន​ឈូស​ឆាយ​ដី​ពួក​គាត់​ដោយ​មិន​បាន​ឆ្វៀល​ចេញ​ទេ។ បន្ថែម​ពី​នេះ អាជ្ញាធរ​បាន​ដាក់​កម្លាំង​សមត្ថកិច្ច​នៅ​យាម​ដី រារាំង​មិន​ឲ្យ​អ្នក​ភូមិ​ចូល​ទៅ​កាន់​ដី​របស់​ខ្លួន​ជិត​មួយ​សប្ដាហ៍​មក​ហើយ៖ «ដី​ដែល​ខ្ញុំ​កាប់​នៅ​ឆ្នាំ​២០១១ នេះ មាន​ចន្ទី ខ្ញុំ​បេះ​បី​បួន​ឆ្នាំ​ហើយ។ ពេល​នោះ ក្រោយ​ថ្ងៃ​ទី​៨ ទី​៩ នោះ គាត់​ហាម ដែល​ខ្ញុំ​ថា​បាញ់​មួយ​គ្រាប់​នោះ អត់​ឲ្យ​ពួក​ខ្ញុំ​ទៅ។ គាត់​លួច​កាប់​ចន្ទី​ខ្ញុំ​ទ្រួស​ចោល​អស់​ប្រហែល​កន្លះ​ហិកតារ»

ប្រជាពលរដ្ឋ​ដែល​មាន​ដី​រង​ផល​ប៉ះពាល់​មាន​ចំនួន​ប្រមាណ ៥០​គ្រួសារ​លើ​ទំហំ​ដី​ជិត ១០០​ហិកតារ។ កន្លង​មក ពលរដ្ឋ​ខ្លះ​បាន​ដាំ​ស្វាយ​ចន្ទី ដំឡូង ឬ​ស្រូវ ជាដើម។ ប្រភព​ដដែល​បន្ត​ថា តាំង​ពី​អាជ្ញាធរ​ខេត្ត​សម្រេច​ប្រគល់​ដី​ប្រមាណ ២​ពាន់​ហិកតារ​ដាក់​ជា​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​ពលរដ្ឋ​មក​ពី​ខេត្ត​ត្បូងឃ្មុំ គឺ​មិន​ដែល​ឃើញ​ពលរដ្ឋ​ទាំង​នោះ​មក​កាន់​កាប់​ដី​សម្បទាន​ទេ ឃើញ​តែ​ឈ្មួញ​នាំ​គ្នា​កាន់​កាប់​ដី​តំបន់​នោះ​ប៉ុណ្ណោះ។

ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​សណ្ដាន់ លោក ឡង់ គីសឺង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ មិថុនា ថា កម្លាំង​ដាក់​យាម​ក្នុង​តំបន់​ដី​សម្បទាន​សង្គមកិច្ច ពីព្រោះ​ខ្លាច​ក្រែង​ពលរដ្ឋ​នាំ​គ្នា​ទៅ​ចាប់​យក​ដី​តំបន់​នោះ។ ម្យ៉ាង ជា​ដី​ដែល​ទើប​នឹង​ឈូស​ឆាយ​ស្អាត ទុក​ឲ្យ​ពលរដ្ឋ​មក​ពី​ខេត្ត​ត្បូងឃ្មុំ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​មិន​បាន​ដាក់​កម្លាំង​ដើម្បី​ហាម​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​អាស្រ័យ​ផល​ដី​របស់​ខ្លួន​ឡើយ ពីព្រោះ​ដី​តំបន់​នោះ អ្នក​ភូមិ​ទើប​នាំ​គ្នា​ចូល​ទៅ​រុក​រាន​កាល​ពី​ពេល​ថ្មីៗ​នេះ៖ «ដី​ហ្នឹង​អត់​មាន​ព្រៃ​ទេ។ ដល់​អត់​មាន​ព្រៃ វា​ជះ​ផល​អវិជ្ជមាន​ដល់​អាជ្ញាធរ​ដែរ ព្រោះ​ពួក​គាត់​ចូល​ទៅ​ដាំ​តែ​ម្តង»

លោក​ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ទាមទារ គឺ​មាន​មិន​ដល់ ១០​គ្រួសារ​ផង ហើយ​អាជ្ញាធរ​នឹង​ដោះស្រាយ​ជូន​ពលរដ្ឋ ប្រសិន​អ្នក​ភូមិ​មាន​ភស្តុតាង​គ្រប់គ្រាន់​បញ្ជាក់​ថា ធ្លាប់​បាន​អាស្រ័យ​ផល​លើ​ដី​ទាំង​នោះ​ពិត​ប្រាកដ។

ចំណែក​បញ្ហា​ដី​សម្បទាន​សង្គមកិច្ច​ខ្លះ គឺ​មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​លក់​បន្ត​មែន ហើយ​អាជ្ញាធរ​នឹង​ស៊ើប​អង្កេត​បន្ថែម​ជុំវិញ​ករណី​នេះ ជៀសវាង​ដី​ទាំង​នោះ​ធ្លាក់​លើ​ដៃ​ឈ្មួញ​ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ជំទប់​ទី​២ ឃុំ​មានរិទ្ធ មក​ពី​បក្ស​ប្រឆាំង លោក ហេង សុខ អះអាង​ថា ពិត​ជា​មាន​ករណី​ទិញ​លក់​ដី​សម្បទាន​សង្គមកិច្ច​ប្រាកដ​មែន ដោយ​មាន​តម្លៃ​ចាប់​ពី ១.៥០០​ដុល្លារ​ទៅ ២.០០០​ដុល្លារ​ក្នុង​មួយ​ហិកតារ។ បញ្ហា​នេះ គឺ​ខុស​ពី​គោលការណ៍​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​រស់នៅ​បាន​យ៉ាង​ហោច ៥​ឆ្នាំ ទើប​អាច​លក់​ដូរ​បាន ប៉ុន្តែ​ករណី​នេះ ពលរដ្ឋ​មិន​ទាន់​បាន​ទៅ​រស់នៅ​ផង បែរ​ជា​មាន​សិទ្ធិ​លក់​ដូរ​ទៅ​វិញ។ លោក​បារម្ភ​ថា ដី​សម្បទាន​សង្គមកិច្ច​ទាំង​នោះ អាច​ត្រូវ​ធ្លាក់​លើ​ដៃ​ឈ្មួញ ស្រប​ពេល​អាជ្ញាធរ​មិន​ទាន់​ដោះស្រាយ​ជូន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ឲ្យ​បាន​ចប់​សព្វគ្រប់​ផង៖ «សួរ​គេ​នៅ​ហ្នឹង ថា​អី​ណា​ដី​ប្រជាពលរដ្ឋ គេ​ថា​អត់​មាន​ទេ មាន​តែ​ដី​អ្នក​ទិញ ប៉ុន្តែ​អ្នក​ទិញ​ហ្នឹង​គេ​អត់​ប្រាប់​ឈ្មោះ​យើង។ គេ​លាក់​ឈ្មោះ»

លោក​បន្ថែម​ទៀត​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​បង្កបង្កើនផល​បាន វា​នឹង​ធ្វើ​ឲ្យ​ពួក​គាត់​ត្រូវ​ខកខាន​ដាំ​ដំណាំ​ផ្សេងៗ​នៅ​រដូវ​ដាំ​ដុះ​ឆ្នាំ​នេះ។ ជាមួយ​គ្នា​នេះ អ្នក​ភូមិ​គ្រោង​នឹង​ប្រមូល​ស្នាម​មេដៃ​ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គាត់​ពេល​នេះ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។