លោក គង់ សភា និង​លោក ញ៉យ ចំរើន ប្តឹងទៅ​ឧទ្ធរណ៍​ប្រឆាំង​សាលក្រម​សាលាដំបូង​ និពន្ធដោយ : ម៉ៅ សុផា       June-15-2016, 9:19 pm         74

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក គង់ សភា និង​លោក ញ៉យ ចំរើន ប្តឹងទៅ​ឧទ្ធរណ៍​ប្រឆាំង​សាលក្រម​សាលាដំបូង​​ភ្នំពេញ​៖ លោក គង់ សភា និង​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​នូវ​អំពើហិង្សា ពី​សំណាក់​ជនដៃដល់​មួយក្រុម នៅក្បែរ​វិមាន​រដ្ឋសភា កាលពី​ខែតុលា ឆ្នាំ​២០១៥ កន្លងទៅ បាន​បន្ត​ប្តឹងទៅ​សាលាឧទ្ធរណ៍​។  បណ្តឹងឧទ្ធរណ៍​នេះ គឺ​ដើម្បី​ជំទាស់​នឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ឲ្យ​ជនល្មើស​ទាំង​៣​នាក់ ជាប់ពន្ធនាគារ​១​ឆ្នាំ ដោយ​ព្យួរទោស​៣​ឆ្នាំ​។​

​លោក គង់ សភា បាន​ប្រាប់​ពី​មូល​ហេតុថា ការសម្រេចចិត្ត​ប្តឹងទៅ​កាន់​សាលាឧទ្ធរណ៍​នេះ គឺ​ដោយសារតែ​រូបលោក និង​លោក ញ៉យ ចំរើន មិនអាច​ទទួលយកបាន ចំពោះ​សាលក្រម​របស់​តុលាការ​រាជធានី​ភ្នំពេញ​។ លោក គង់ សភា អះអាងថា ក្រុម​មេធាវី​របស់លោក បានដាក់​ពាក្យ​ប្តឹងទៅ​សាលាឧទ្ធរណ៍​រួចហើយ កាលពីពេល​ថ្មីៗ​នេះ​។ យ៉ាងណាក៏ដោយ លោក មិនទាន់​អាច​បញ្ជាក់​បានទេ​ថា សាលាឧទ្ធរណ៍​នឹង​បើកសវនាការ ដើម្បី​ជំនុំជម្រះ​លើ​ពាក្យបណ្តឹង​របស់​ពួកលោក​នៅពេលណា​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក គង់ សភា នៅតែ​បញ្ជាក់​ដូច​មុន​ថា ពួកលោក មិន​សុខចិត្ត​ឡើយ ចំពោះ​សាលក្រម​របស់​តុលាការ​រាជធានី​ភ្នំពេញ​។ តំណាងរាស្ត្រ​បក្សប្រឆាំង​រូបនេះ លើកឡើងថា ការផ្តន្ទាទោស មិន​សម​នឹង​ទង្វើ​របស់​ជនល្មើស ដែល​បាន​ប្រព្រឹត្ត​នោះទេ​។

​លោក គង់ សភា ប​ន្តែ​ម​ទៀតថា អំពើហិង្សា​ដែល​បង្កឡើង​ដោយ​ក្រុម​ជនល្មើស មាន​លក្ខណ​សាហាវព្រៃផ្សៃ ប៉ុ​នែ្ត​តុលាការ​បែរជា​ដាក់ទោស​ពួកគេ បន្តិចបន្តួច​ទៅវិញ​។ លោក​បានបញ្ជាក់​បែបនេះ​ថា​៖«​ការកាត់ទោស​នេះ គ្រាន់តែ​ជាការ​ប​ង្ក្រ​ប់​កិច្ច ដើម្បី​បិទបាំង​អ្នក​នៅ​ពី​ក្រោយខ្នង​តែប៉ុណ្ណោះ​។ យើង​មិន​យល់ព្រម​ទេ​»​។

​បើទោះបីជា​ព្យាយាម​ប្តឹង​ពី​តុលាការ​ជាន់​ទាប រហូតដល់​តុលាការ​ជាន់ខ្ពស់​ក៏ដោយ ប៉ុន្តែ​តំណាងរាស្ត្រ​ទាំង​២​រូបនេះ ហាក់ដូចជា​គ្មាន​សង្ឃឹម​សោះឡើយ ថា​នឹង​អាច​ទទួលបាន​យុត្តិធម៌​ពី​ការ​កាន់​ក្តី​។ ការបន្ត​ប្តឹង​បែបនេះ គឺ​គ្រាន់តែ​ធ្វើ​ឲ្យ​អស់ពី​លទ្ធភាព ទៅតាម​នីតិវិធី​ប៉ុណ្ណោះ​។  នេះ​ជាការ​បន្ថែម​របស់លោក គង់ សភា ហើយ​បន្ទាប់មក​លោក​ក៏បាន​សង្កត់ធ្ងន់ថា​៖«​ទល់​តែ​ផ្លាស់ប្តូរ ទើប​យើង​អាច​ទទួលបាន​យុត្តិធម៌​»​។

​សូម​រំឭកថា កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦ តុលាការ​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម ដោយ​ចោទ​ជន​ទាំង​៣​នាក់ គឺ​លោក ចាយ សារិទ្ធ លោក​ម៉ៅ ហឿន និង​លោក​សុ​ត វណ្ណ​នី ដែល​ប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ ពីបទ «​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» ហើយ​ផ្តន្ទាទោស​ពួកគេ​ឲ្យ​ជាប់​ពន្ធនាការ​ចំនួន​៤​ឆ្នាំ តែ​អនុវត្ត​ទោស​តែ​១​ឆ្នាំ​ប៉ុណ្ណោះ ហើយ​៣​ឆ្នាំ​ទៀត ត្រូវបាន​ព្យួរ​។ ជាងនេះទៀត សាលក្រម ក៏បាន​កំណត់​ឲ្យ​ពិរុទ្ធជន​ទាំងនោះ បង់ប្រាក់​ចូល​រដ្ឋ (​ផ្នែក​ព្រហ្មទណ្ឌ​) ចំនួន​៦​លាន​រៀល ក្នុង​ម្នាក់ៗ ហើយ​ផ្តល់​សំណង​រួមគ្នា (​ផ្នែក​រដ្ឋប្បវេណី​)  ចំនួន​៨០​លាន​រៀល ជូន​លោក គង់ សភា និង​លោក ញ៉យ ចំរើន ដែលជា​ជនរងគ្រោះ​៕