ទោះ​​​​វីដេអូ​​​គំរា​ម​​ពួក ​ISIS ​​ក៏មិនអាចបង្អាក់​ព្រឹត្តិការ​បាល់ទាត់ Euro 2016 បាន​​ទេ

បារាំង​​ដែល​ជា​ប្រទេស​ធ្លាប់​បាន​រង​គ្រោះ​​យ៉ាងអាណោចអាធ័ម ​ពី​ភេរ​វ​​កម្ម​របស់​សកម្មជន​ជ្រុល​និយម ISIS ចំនួន​២​ដង​ផ្ទួន​ៗគ្នា​ក្នុង​ឆ្នាំ​តែ​មួយ​​​រួច​មក​ហើយ​នោះ ហើយក៏​កំពុង​ជា​​ម្ចាស់ផ្ទះ​ក្នុង​​ការ​ប្រកួត​បាល់ទាត់​ទ្វីបអឺរ៉ុប Euro 2016 ដែល​បាន​ចាប់ផ្តើម​ កាលពី​​ថ្ងៃ​ទី​១០ មិថុនា រហូត​ដល់​ថ្ងៃ​ទី​១០​ កក្កដា ២០១៦ ​។

ទោះបីជា​មានការ​បង្ហោះ​វី​ដេអូ​គំរាមកំហែង​ពី​​សកម្មជន ISIS ម្នាក់ ​ឈ្មោះ​​ Larossi Abballa ដែល​បាន​ផ្សាយ​​ផ្ទាល់​នៅ​លើ​បណ្តាញ​សង្គម​​ហ្វេ​ស​ប៊ុ​ក ក្រោយ​ចាក់​សម្លាប់​បូលិស​​​​ (​ប្តី) ​ឈ្មោះ​​ថា Jean-Baptiste Salvaing អាយុ​៤២​ឆ្នាំ ចំនួន​៩​កាំបិត និង​សម្លាប់​​​ស្ត្រីជា​​ប្រពន្ធ​ឈ្មោះ Jessica Schneider រួច​មក​ក្តី ក៏​បារាំង​បាន​​ត្រៀមខ្លួន​ពង្រឹង​សន្តិសុខ​​ នៅ​ក្នុង​ការ​ប្រកួតបាល់ទាត់​​នោះ​រួច​​ជា​​ស្រេច ​។

​​វី​ដេ​អូ​ដែល​បាន​បង្ហោះ​ កាលពី​យប់​ថ្ងៃ​ចន្ទ ទី​១៣ ​មិថុនា​ ២០១៦ កន្លង​ទៅ​ ​​​បង្ហើប​ឱ្យ​ដឹង​ពី​​គំរោងការណ៍ នៃ​ការ​វាយប្រហារ​របស់​រដ្ឋ​អ៊ី​ស្លា​ម ISIS ទៅ​លើ​ព្រឹត្តិការណ៍​​បាល់ទាត់​អឺរ៉ុប Euro ឆ្នាំ​២០១៦ ដោយ​សកម្មជន ISIS ម្នាក់​នោះ​​និយាយ​ថា «​យើង​កំពុង​រក្សា​ភាព​​ភ្ញាក់ផ្អើល​មួយទៀត សម្រាប់ Euro ប៉ុន្តែ​ខ្ញុំ​នឹង​​មិន​និយាយ​អ្វី​ទៀត​ឡើយ​»​ ។

ងាក​មក​មើល​បារាំង​វិញ​ គឺ​យើង​ឃើញ​ថា នៅ​មុន​ពេល​ចាប់ផ្តើម​ទទួលភ្ញៀវ​ជាតិ​ និង​ភ្ញៀវ​អន្តរជាតិ ឱ្យ​​មក​ចូលរួម​ក្នុង​ការ​ប្រកួត​នេះ បារាំង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ​ដោយ​បំពាក់​​កម្លាំង​ការពារ​រហូត​ទៅ​ដល់៩០.០០០​នាក់ ​ដើម្បី​ធានា​ទីក្រុង​ទាំង​​ដប់​មាន​សុវត្ថិភាព​ ។ «​ទោះបីជា​មានការ​វាយប្រហារ​មក​លើ​យើង​ដល់​ទៅ​២​ដង​​ក្នុង​មួយ​ឆ្នាំ ក៏​យើង​ត្រូវ​ឱ្យ​​ព្រឹត្តិការណ៍​បាល់ទាត់​អឺរ៉ុប Euro ​​២០១៦ ប្រព្រឹត្ត​ទៅ​បាន​ដែរ​» ។  នេះ​ជា​ការ​ថ្លែង​​ឱ្យ​ដឹង ដោយ​ប្រធានាធិបតី​បារាំង លោក Francois Hollande ​។

គួររំលឹកថា​ ការ​ប្រកួត​បាល់ទាត់ Euro 2016​ នេះ បាន​មក​ដល់​ស​ប្តា​ហ៍​ទី​២​ហើយ​ ។ យើង​មិន​ទាន់​ឃើញ​មាន​អ្វី​កើតឡើង​នៅ​ឡើយ​ទេ ទោះបីជា​មានការ​បង្ហោះ​វី​ឌី​អូ​គំរាម​កំហែង​ពី​សកម្មជន ISIS នៅ​បណ្តាញ​សង្គម Facebook ក៏​ដោយ ​។