ក្រសួងកសិកម្ម ណែនាំ​ពី វិធានការ​ជំរុញ​ការ​បង្កបង្កើនផល​ស្រូវវស្សា​ឆ្នាំ​២០១៦

ក្រសួងកសិកម្ម ណែនាំ​ពី វិធានការ​ជំរុញ​ការ​បង្កបង្កើនផល​ស្រូវវស្សា​ឆ្នាំ​២០១៦



ភ្នំពេញ ៖ ភ្លៀង​បាន​ចាប់ផ្តើម​ធ្លាក់​ជា​បណ្តើរៗ នៅ​គ្រប់​តំបន់​ទាំងអស់ ក្នុង​ព្រះរាជា ណា​ចក្រ​កម្ពុជា​ទាំងមូល បន្ទាប់ពី​ព្រះរាជ​ច្រត់ព្រះនង្គ័ល ដែល​ជា​សញ្ញា​បង្ហាញ​ថា រដូវវស្សា​បាន​ឈាន​ចូល​មកដល់​ហើយ។ ជាមួយគ្នានេះ ប្រជាកសិករ​បាន​ចាប់ផ្តើម បង្កបង្កើនផល ស្រូវ​រដូវវស្សា​នៅ​តាម​តំបន់ ដែល​មាន​ទឹក​គ្រប់គ្រាន់ ដោយ​សម្រេច​បាន ចំនួន ១៤៧, ៧៣០ ហិច​តា នៃ​ផែនការ ២,៤៧៤, ៤៤៦ ហិច​តា គិត​ត្រឹម​ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៦។

យោង​តាម​សេចក្តី​ជូនដំណឹង ចុះ​កាលពី​ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៦​ថ្មីៗ​នេះ បាន​ឲ្យ​ដឹង​ថា ដើម្បី​ជំរុញ​ផលិតកម្ម​ស្រូវ ឲ្យ​សម្រេច​បាន​តាម​ផែនការ​យ៉ាងតិច ៧​លាន​តោន នៅ​ក្នុង​ឆ្នាំ​២០១៦ និង​ដើម្បី​បង្កើន​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្គ ឲ្យ​មាន​សន្ទុះ​កើន​ឡើង ថែមទៀត​នោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ធ្វើ​ការណែនាំ​អង្គភាព ក្រោម​ឳ​វាទ និង​មន្ទីរ​កសិកម្ម​រាជធានី ខេត្ត​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់​ជំរុញ​ផលិតកម្ម ស្រូវវស្សា​តាមរយៈ​ការ​ផ្តល់​អនុសាសន៍ ដល់​ប្រជា​កសិករ​អនុវត្ត​ផលិតកម្ម ដំណាំ​ស្រូវ តាម​លក្ខណ​:​ប្រពលវប្បកម្ម ឲ្យ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធិ​ផល​ខ្ពស់ ដោយ​ពិចារណា​ទៅលើ យន្តការ និង​បទដ្ឋាន​បច្ចេកទេស គន្លឹះ​សំខាន់ៗ ៦​ចំណុច រួមមាន​៖
១ ត្រូវ​រៀបចំ​មធ្យោបាយ​ផលិតកម្ម​រួមមាន កម្លាំង​អូសទាញ​ជា​សត្វពាហណៈ គ្រឿងយន្ត​កសិកម្ម ឧបករណ៍​កសិកម្ម​គ្រប់​ប្រភេទ ដើម្បី​ចាប់ផ្ដើម​ភ្ជួរ​រាស់​ដី និង​កៀរ​ពង្រាប ស្រែ​ឲ្យ​បាន​ល្អ​ត្រៀម​សម្រាប់​ធ្វើ​ការ​ដាំដុះ ដោយ​អនុវត្ត​តាម​គោលការណ៍ ភ្ជួរ​ឲ្យ​ប្រសើរ កៀរ​ដី​ឲ្យ​ស្មើ រាស់​ឲ្យ​បាន​ម៉ដ្ឋ។

២ ត្រូវ​រៀបចំ​ប្រព័ន្ធ​ភ្លឺ និង​ប្រឡាយ​បញ្ចេញបញ្ចូល​ទឹក ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ស្ថាន ភាព​ដីស្រែ​ក្នុង​តំបន់ ដើម្បី​ធានា​ការគ្រប់គ្រង​ទឹក ឲ្យ​មាន​ប្រសិទ្ធភាព​សម្រាប់​ដំណាំ​ស្រូវ ព្រមទាំង​ជីក​ស្តារ​ស្រះ ប្រឡាយ អាង​ស្តុក​ទឹក រក្សា​ទឹក​ទុក​បង្ការ​ខ្វះ​ទឹក​នៅ​ចុង​រដូវ ដោយ អនុវត្ត​តាម​គោលការណ៍ «​ផ្តល់​ទឹក​គ្រប់គ្រាន់ តម្រូវ​បន្ទាន់​តាម​ដំណាក់កាល​»​។

៣ ត្រូវ​ចុះ​ណែនាំ​បច្ចេកទេស​កសិកម្ម​សម​ស្រប ដល់​ប្រជាកសិករ និង​ត្រូវ​ត្រៀម ជាស្រេច​នូវ​គ្រាប់​ពូជ ស្រូវ​ដែល​មាន​ភាព​សុទ្ធ​ល្អ មាន​ដំណុះ​ខ្ពស់ និង​មាន​សុខភាព​ល្អ សម្រាប់​យក​ទៅ​ធ្វើ​ការ​ដាំ​ដុះ ដោយ​ប្រើ​កម្រិត​គ្រាប់​ពូជ ឲ្យ​សមស្រប​ទៅតាម​ប្រភេទ​ពូជ និង​វិធីសាស្ត្រ​ដាំ​ដុះ (​ព្រោះ​ដោយ​ដៃ ប្រើ​ឧបករណ៍​អូស​ដាំ និង​ស្ទូង​) ។​ម្យ៉ាងទៀត ត្រូវ​សម្អាត​គ្រាប់​ពូជ​ឲ្យ​បាន​ស្អាត ដោយ​យក​គ្រាប់​ស្មៅ​ចេញ​ឲ្យ​អស់ និង​សម្លាប់​មេរោគ នៅ​លើ​គ្រាប់​ពូជ​មុន​ពេល​យក​ទៅ​ដាំ ដើម្បី​ជៀសវាង​ការ​ដុះ​ស្មៅ​ច្រើន និង​កើត​ជំងឺ​ក្នុង​ស្រែ ដោយ​អនុវត្តតាម​គោលការណ៍ «​ប្រើ​គ្រាប់​ពូជ​សុទ្ធ ជ្រើសរើស​ហ្មត់ចត់ មាន​គុណភាព​ខ្ពស់​»។

៤ ត្រូវ​ប្រមូល​ជីធម្មជាតិ រួមមាន ជី​លាមក​សត្វ ជី​ជីកំប៉ុស ជី​ពី​ឡ​ជីវឧស្ម័ន យក​ទៅ​ដាក់​ស្រែ​ជា​ជី​ទ្រាប់​បាត រួច​ភ្ជួរ​លប់​វា​ឲ្យ​បាន​ល្អ ដើម្បី​ទប់ស្កាត់​ការបាត់បង់​សារធាតុ ចិញ្ចឹម ជាពិសេស​ការ​បំភាយ​សារធាតុ​អាសូត N ទៅ​ក្នុង​បរិយាកាស។ ត្រូវ​ពិនិត្យ​ឲ្យ​អស់ លទ្ធភាព​លើ​ការប្រើប្រាស់​ជីធម្មជាតិ និង​ការប្រើប្រាស់​ថ្នាំ​កសិកម្ម ដែល​លាយ​ផ្សំ​ដោយ ធម្មជាតិ ដែល​អាច​រក​បាន និង​មាន​ស្រាប់​នៅ​ក្នុង​មូលដ្ឋាន ដោយ​អនុវត្ត​តាម​គោលការណ៍​« គ្រប់គ្រង​ជីវជាតិ យក​ដី​ធម្មជាតិ​ជា​មូលដ្ឋានគ្រឹះ​» ។

៥ ត្រូវ​ស្វែងរក​ទីតាំង​សមស្រប​នៅ​ក្បែរ​ប្រភព ទឹក​សម្រាប់​ធ្វើ​ថ្នាល​សំណាប​បាន ល្អ​ដោយ​អនុវត្ត​តាម​គោលការណ៍ «​សាប​លើ​ថ្នាល​គោក ដី​មាន​មមោក សំណាប​ថ្លោស​ល្អ​»​។

៦ ចំពោះ​ដំណាំ​ស្រូវ​ដែល​បាន​ដាំ​ដុះ​រួច ត្រូវ​ណែនាំ​កសិករ​ចុះ​ពិនិត្យ មើលថែ​ទាំង និង​ការពារ​ដំណាំ​ឲ្យ​បាន​ដិតដល់​ជាប្រចាំ ពោល​គឺ កម្ចាត់​ស្មៅ​ឲ្យ​បាន​ល្អ រក្សា​ទឹក​ឲ្យ​បាន គ្រប់គ្រាន់ និង​ពិនិត្យមើល​ស្ថានភាព​នៃ​ការបំផ្លាញ​របស់​សត្វ​ចង្រៃ និង​ជំងឺ ជាពិសេស សត្វ​ទ្រីប និង​អុច​ត្នោត​ដែល​តែងតែ​កើតឡើង នៅ​ដំណាក់កាល​សំណាប ក្នុង​លក្ខខណ្ឌ រាំងស្ងួត ដោយ​ចាត់វិធានការ​កម្ចាត់ ឲ្យ​ទាន់​ពេលវេលា៕
ក្រសួងកសិកម្ម ណែនាំ​ពី វិធានការ​ជំរុញ​ការ​បង្កបង្កើនផល​ស្រូវវស្សា​ឆ្នាំ​២០១៦

ក្រសួងកសិកម្ម ណែនាំ​ពី វិធានការ​ជំរុញ​ការ​បង្កបង្កើនផល​ស្រូវវស្សា​ឆ្នាំ​២០១៦

ក្រសួងកសិកម្ម ណែនាំ​ពី វិធានការ​ជំរុញ​ការ​បង្កបង្កើនផល​ស្រូវវស្សា​ឆ្នាំ​២០១៦

ក្រសួងកសិកម្ម ណែនាំ​ពី វិធានការ​ជំរុញ​ការ​បង្កបង្កើនផល​ស្រូវវស្សា​ឆ្នាំ​២០១៦