អាង​ប្រពន្ធ​មេភូមិ បឹ្តង​ប្រជាពលរដ្ឋ​ដាក់​គុក គ្រាន់តែ​រឿង​អំបែង​ដប​មុត​ជើង​ភ្ញៀវ

អាង​ប្រពន្ធ​មេភូមិ បឹ្តង​ប្រជាពលរដ្ឋ​ដាក់​គុក គ្រាន់តែ​រឿង​អំបែង​ដប​មុត​ជើង​ភ្ញៀវ



ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​ភូមិ​ភ្នំ​ដំបង ត្រូវ​បាន​ប្រពន្ធ​លោក​មេភូមិ​ចោទ​ប្រកាន់​ថា ​បញ្ជា​ក្មេង​ឲ្យ​យក​អំបែង​ដប​ទៅ​បោះចោល​ក្នុង​ស្ទឹង​ភ្នំ​ដំបង បណ្ដាល​ឲ្យ​មុត​ជើង​ភ្ញៀវ​ទេសចរណ៍ ហើយ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ចុះទៅ​ឃាត់​ខ្លួន​បញ្ជូន​មក​ទីបញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត កាល​ពីពេល​ថ្មីៗ​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​រងគ្រោះ និង​ជា​ចុង​បណ្ដឹង​ឈ្មោះ សេង នាង អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា រូប​គាត់​ត្រូវ​បាន​ប្រពន្ធ​លោក​មេភូមិ​ភ្នំ​ដំបង​ចោទ​ប្រកាន់​ថា បាន​ប្រើ​ក្មេង​ប្រុស​ម្នាក់​ឱ្យ​វាយ​បំបែក​ដប​ស្រា​បៀ រួច​យក​ទៅ​បោះចោល​នៅ​ក្នុង​ទឹកស្ទឹង​ភ្នំ​ដំបង ក្បែរ​អាហារដ្ឋាន​របស់​អ្នក​មានអំណាច​ម្នាក់ ដែល​បម្រើ​ការងារ​នៅ​សាលា​ដំបូង​ខេត្ត​ប៉ៃលិន បណ្ដាល​ឱ្យ​មុត​ជើង​ភ្ញៀវ​ទេសចរណ៍​ ដែល​ទៅលេង​កម្សាន្ត នៅ​ទីនោះ។ ស្ត្រី​រងគ្រោះ និង​ជា​ចុង​បណ្ដឹង បាន​បន្ត​ទៀត​ថា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា កន្លងទៅ រូប​គាត់​ត្រូវ​កម្លាំង​កង​រាជអាវុធហត្ថ​ខេត្ត ហៅ​ទៅ​សាកសួរ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បន្ទាប់ពី​សាកសួរ​ទៅលើ​ក្មេង​ប្រុស​ម្នាក់​ដែល​ស្នាក់នៅ​ជាមួយ​គាត់​រួចមក។ នៅ​ពេល​ដែល​សមត្ថកិច្ច​ធ្វើការ​សាកសួរ ពី​ការចោទប្រកាន់​របស់​ប្រពន្ធ​មេភូមិ រូប​គាត់​បាន​បដិសេធ​ទាំងស្រុង ព្រោះ​អី​ខាង​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ហាមឃាត់​ដាច់ខាត​មិន​ឱ្យ​ម្ចាស់​ភោជនីយដ្ឋាន​នៅ​ក្បែរ​មាត់​ស្ទឹង​ភ្នំ​ដំបង លក់​ស្រា​បៀរ​ដប​ដែល​មាន​អំបែង ហើយ​រូប​គាត់​ក៏​មិនបាន​លក់​ដែរ។

បើ​តាម​ចម្លើយ​របស់​ក្មេង​ប្រុស​ឈ្មោះ ទូច វាសនា អាយុ​១៣​ឆ្នាំ ដែល​រស់នៅ​ជាមួយ​ស្ត្រី​រងគ្រោះ និង​ជា​ចុង​បណ្ដឹង បាន​ឱ្យ​ដឹង​ថា ប្រពន្ធ​លោក​មេភូមិ​ដែល​មាន​ឈ្មោះ​សៅ ចន្ថា ដែល​ជា​មេការ​នៅ​អាហារដ្ឋាន​មាត់​ស្ទឹង​ភ្នំ​ដំបង របស់​ព្រះរាជអាជ្ញារង​ខេត្ត​ប៉ៃលិន បាន​បង្ខំ​ឱ្យ​រូបគេ​និយាយ​ចោទ​ប្រកាន់​ទៅលើ​ឈ្មោះ​សេង នាង ថា ​បាន​ប្រើ​រូបគេ យក​អំបែង​ដប​ទៅ​បោះចោល​នៅ​ក្នុង​ស្ទឹង តែ​ដោយ​មាន​ការភ័យខ្លាច ​រូបគេ​ក៏​ឆ្លើយ​តាម​ប្រពន្ធ​មេភូមិ​បង្គាប់​តែម្តង។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន បាន​បង្ហើប​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៦ មាន​ភ្ញៀវ​ទេសចរណ៍​មួយ​ចំនួន មកពី​ខេត្ត​បាត់ដំបង បាន​ទៅលេង​នៅ​រមណីយដ្ឋាន​ភ្នំ​ដំបង ដោយ​ចូល​ទៅ​កម្សាន្ត​នៅ​អាហារដ្ឋាន​របស់​លោក ​សេង គឹម​ឡាក់ ព្រះរាជ​អាជ្ញារង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន។ ហើយ​ពួកគេ​ក៏បាន​ចុះទៅ​ហែល​លេង​នៅ​ទីនោះ​ស្រាប់តែ​ភ្ញៀវ​ទេសចរណ៍​ទាំងនោះ មុត​អំបែង​ដប ដែល​គេ​យក​ទៅ​បោះចោល​នៅ​ក្នុង​ស្ទឹង​នោះ បណ្តាល​ឱ្យ​ចេញឈាម។ ប្រភព​ព័ត៌មាន បាន​បន្ត​ទៀត​ថា ក្រោយពី​ហេតុការណ៍​ប្រពន្ធ​មេភូមិ​បាន​ទៅ​មើល ហើយក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះ​ត្រួតពិនិត្យ ព្រមទាំង​ធ្វើការ​ចោទប្រកាន់​ទៅលើ​ម្ចាស់​ហាង ដែល​លក់​នៅ​ក្បែរ​គ្នា​នោះ​ថា បាន​ប្រើ​ក្មេង​ឱ្យ​យក​ទៅ​បោះចោល​ទីនោះ តែ​ប្រភព​ព័ត៌មាន បាន​បញ្ជាក់​ថា បើ​តាម​ការ​សន្និដ្ឋាន អំបែង​ដប​នោះ ត្រូវ​គេ​បោះចោល​អស់​រយៈពេល​ជា​យូរ​មក​ហើយ ព្រោះ​មាន​ស្លែ​រុំ មិនមែន​ទើបតែ​បោះចោល​នៅ​ប៉ុន្មាន​ថ្ងៃនេះ​ទេ។ ប្រភព​ព័ត៌មាន បាន​បង្ហើប​ប្រាប់​អ្នកយកព័ត៌មាន​ទៀត​ថា តាម​ការ​សួរចម្លើយ​ទៅលើ​ក្មេង​ប្រុស​ចំនួន​ពីរ​លើក​ឃើញ​ថា ,​លើក​ទី​១ ក្មេង​នោះ​ឆ្លើយ​ថា គឺ ស្ត្រី ឈ្មោះ សេង នាង បាន​ប្រើ​រូបគេ​ឱ្យ​យក​ទៅ​បោះចោល​នៅ​ទីនោះ​មែន រួច​ពេល​សាកសួរ​ទៅលើ​ក្មេង​ប្រុស​នោះ​ជា​លើក​ទី​២ ស្រាប់តែ​គេ​ឆ្លើយ​ថា ចម្លើយ​របស់​គេ​ខាងលើ​ត្រូវ​ប្រពន្ធ​លោក​មេភូមិ​ដែល​ជា​មេការ​នៅ​អាហារដ្ឋាន​ព្រះរាជអាជ្ញារង សេង គឹម​ឡាក់ បង្ខំ​ឱ្យ​គេ​ឆ្លើយ ទើប​ចោទប្រកាន់​ទៅ​លើ​ស្ត្រី​ដែល​ខ្លួន​ស្នាក់នៅ​ជាមួយ​រាល់​ថ្ងៃ​នោះ។

សូម​បញ្ជាក់​ថា ស្ត្រី​រងគ្រោះ និង​ជា​ចុង​បណ្ដឹង ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​សាកសួរ​បន្ត​តាម​នីតិវិធី ។ បច្ចុប្បន្ន ស្ត្រី​ខាងលើ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត ដោះលែង​ឲ្យ​ទៅ​លំនៅដ្ឋាន​នៅ​ភូមិ​ភ្នំ​ដំបង នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ នេះ​៕