ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ស្លាប់​ដោយមាន​ជំងឺលើសឈាម​ក្នុង​សណ្ឋាគារ​ក្លា​រ៉ា​ម៉ុ​ន

ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ស្លាប់​ដោយមាន​ជំងឺលើសឈាម​ក្នុង​សណ្ឋាគារ​ក្លា​រ៉ា​ម៉ុ​ន



សៀមរាប ៖ ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ស្លាប់​ក្នុង​សណ្ឋាគារ ក្លា​រ៉ា​ម៉ុ​ន​បង្ក​ការ​ភ្ញាក់ផ្អើល​ ដោយមាន​ជំងឺលើសឈាម​ កាលពី​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​១៥ ​ខែមិថុនា ឆ្នាំ​២០១៦ នៅ​ក្នុង​ក្រុង​សៀមរាប​។ តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ទោ ផេង ពេជ្រ​ នាយការិយាល័យ​នគរបាល​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា ​ជនជាតិ​បរទេស​ដែល​ដួល​ស្លាប់​មានឈ្មោះ SIVANANDAM KUPPOSANY ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ជនជាតិ​ម៉ាឡេស៊ី ជា​ភ្ញៀវ​ទេសចរណ៍ មក​ជា​លក្ខណៈ​គ្រួសារ ​ហើយ​បាន​ដួល​ស្លាប់​នៅ​ក្នុង​បន្ទប់​លេខ​២០៧​ជាន់​ទី​០១ នៃ​សណ្ឋាគារ​ក្លា​រ៉ា​ម៉ុ​ន​ស្ថិត​ក្នុង​ក្រុង​សៀមរាប​។

លោកនាយ​ការិយាល័យ​បាន​បន្ត​ថា ​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​ដោយ​យកចិត្តទុកដាក់​(​ថត​ក្បាល​)​ឃើញ​ថា ​ដាច់​សរសៃឈាម​និង​មាន​ឈាមកក​ក្នុង​ខួរក្បាល​ ដូចនេះ​យើង​អាច​សន្និដ្ឋាន​បាន​ថា ​ជន​រងគ្រោះ​ស្លាប់​ដោយសារ​លើសឈាម មិនតែប៉ុណ្ណោះ​ជនរងគ្រោះ​មាន​ថ្នាំ​លើសឈាម​លេប​ជាប្រចាំ​ថ្ងៃ​ទៀត​ផង​។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវ​បាន​រក្សាទុក​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​រង់ចាំ​ក្រុម​គ្រួសារ​រៀបចំ​សំណុំ​បែបបទ​ដឹក​យក​ទៅ​ប្រទេស​កំណើត​វិញ​៕