ចំរើន សុភ័ក្រ​ សម្រស់​មិន​អំណោយ​ផល​ដល់​ការ​សម្ដែង

តារា​ចម្រៀង​ប្រចាំ​ We Production ចំរើន សុភ័ក្រ​ ថ្លែង​មក​កាន់ Sabay ថា ​នាង​ចង់​ក្លាយ​ជា​តារា​សម្តែង​ដែរ ប៉ុន្តែ​សម្រស់​ រូប​រាង​ មិន​អំណោយ​ផល​។

 

“ចាស​បង…និយាយ​រឿង​​សម្ដែង​គឺ​ស្រលាញ់​​ដែរ ប៉ុន្តែ​ដឹង​ខ្លួន​ឯង​ថា ​សម្រស់​មិន​សូវ​បាន ហើយ​កម្ពស់​អី​ ក៏​ទៅ​មិន​រួច​ទៀត​​ ចឹង​បាន​​តែ​ច្រៀង​សម័យ​ និង​​បុរាណ​ហ្នឹង​ឯង​បង”។ សុភ័ក្រ ថ្លែង។

 

ចំរើន សុភ័ក្រ​ សម្រស់​មិន​អំណោយ​ផល​ដល់​ការ​សម្ដែង

 

(រូបថត៖ ហ្វេស​ប៊ុក ចំរើន សុភ័ក្រ)

 

ជាមួយ​គ្នា​នេះ​ផង​ដែរ​ អតីត​បេក្ខភាព​ The Voice​ រដូវ​កាល​ទី​១​នេះ​អះអាង​ថា​ កាល​ចប់​ប្រឡង​ពី​កម្មវិធី​នេះ​ភ្លាម​ មាន​បណ្ដា​ក្រុម​ហ៊ុន ​និង​ផលិត​កម្ម​ផ្សេងៗ​ទាក់​ទង​ឲ្យ​សម្ដែង​ដែរ​ ប៉ុន្តែ​ដោយសារ​ជាប់​កុង​ត្រា​ជាមួយ​កម្មវិធី​​ទើប​មិន​បាន​នឹក​នា។

 

យ៉ាង​ណា​មិញ​ ឥឡូវ​មាន​ការងារ​រវល់​ច្រើន​ពាក់ព័ន្ធ​នឹង​សិល្បៈ​ ដូចជា​ការ​ច្រៀង​​ក្នុង​ផលិតកម្ម​ We Production ​ភ្លេង​ការ​ និង​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​ផង​ សុភ័ក្រ បញ្ជាក់ថា ​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​វិស័យ​សម្ដែង​នេះទេ​។

 

សុភ័ក្រ​ ថ្លែង ៖ “ដំបូង​កាល​ចប់​ The Voice ភ្លាមៗ​ មាន​គេ​ហៅ​ច្រើន​ ប៉ុន្តែ​ឥឡូវ​ដូច​ជា​អត់​មាន​ខាង​ណា​គេ​ហៅ​ទៅ​សម្ដែង​ទេ​បង ណាមួយ​យើង​ជាប់​កុង​ត្រា​ជាមួយ​ក្រុម​ហ៊ុន​ផង​”៕​

 

អត្ថបទ៖ ថា ម៉ាលីដា