រថយន្ដ​ដឹកឈើ​ខុសច្បាប់ បើក​លឿន​ក្រឡាប់​ធ្លាក់​ផ្លូវ​ ម្ចាស់​រត់​បាត់​

Videos


រថយន្តក្រុមអ្នករកស៊ីដឹកឈើមួយគ្រឿងបានក្រឡាប់ជាច្រើនត្រឡប់ ដោយសារបើកបរក្នុងល្បឿនលឿន ហើយបានប្រដេញប្រជែងគ្នា ព្រោះជាទម្លាប់នៃក្រុមប្រព្រឹត្តបទល្មើសបែបនេះជារៀងរាល់ថ្ងៃ ។ ហេតុការណ៍នោះបានកើតឡើងនៅចំណុចខាងលើស្ពានទេព ស្ថិតនៅសង្កាត់រកាកណ្ដាល ក្រុងក្រចេះ កាលពីវេលាទៀបភ្លឺថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៦ ។

ប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុបានឲ្យដឹងថា រថយន្ដដែលក្រឡាប់ធ្លាក់ពីលើផ្លូវនោះ គឺជារថយន្តក្រុមអ្នករកស៊ីដឹកឈើខុសច្បាប់ ។ រថយន្តដឹកឈើនេះតែងតែបើកបរជាក្រុមមានចំនួនពី ៦ ទៅ ៧ គ្រឿងក្នុងមួយ យប់ៗដើម្បីជាការងាយស្រួលដល់ការដោះស្រាយតាមផ្លូវពេលជួបបញ្ហា ។ កន្លងមកពួកគេបើកបរគឺមានល្បឿនលឿនហួសកំណត់ ក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំងណាស់ ។

រថយន្តគ្រោះថ្នាក់ជារថយន្តសាំងយ៉ុងមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Q-1730 បើកលឿនជែងគ្នា ក៏ជ្រុលចង្កូតទៅបុកដើមឈើ រួចបានក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ពីផ្លូវតែមិនមានគ្រោះថ្នាក់ដល់បាត់បង់ជីវិតមនុស្សនិងទ្រព្យសម្បត្តិអ្នកដទៃឡើយ ។

រថយន្ដ​ដឹកឈើ​ខុសច្បាប់ បើក​លឿន​ក្រឡាប់​ធ្លាក់​ផ្លូវ​ ម្ចាស់​រត់​បាត់​

ក្រោយពីរថយន្តក្រឡាប់មួយសន្ទុះ ក៏ឃើញមនុស្សពីរនាក់លូនចេញមកក្រៅមិនមានរបួសធ្ងន់ធ្ងរទេ ហើយបានប្រាប់ថារថយន្តដាច់ហ្វ្រាំងរួចក៏គេចខ្លួនបាត់ទុករថយន្តនិងឈើនៅកន្លែងកើតហេតុ ៕

                                                                                                      សុថាត់