ការព្យាបាល ជំងឺ​កៀប​សរសៃ​ដៃ​

ការព្យាបាល ជំងឺ​កៀប​សរសៃ​ដៃ​


ការព្យាបាល ជំងឺ​កៀប​សរសៃ​ដៃ​

​ជំងឺ​កៀប​សរសៃ​ដៃ (Carpal Tunnel Syndrome) គួរតែ​ត្រូវ​ព្យាបាល ឲ្យបាន​លឿន​បំផុត តាម​តែ​អាច​ធ្វើបាន ក្រោយ​ពី​អ្នក​មាន​រោគសញ្ញា​របស់​វា​ហើយ​។ ប៉ុន្តែ អ្នក​ដែល​មាន​រោគសញ្ញា​បន្តិចបន្តួច​ខ្លះ ក៏​អាច​ស្រួលបួល​មក​វិញ​ដែរ តាមរយៈ​ការ​តម​សកម្មភាព​នៅ​ប្រអប់ដៃ ចៀសវាង​សកម្មភាព​ណា ដែល​នាំ​ឲ្យ​រោគសញ្ញា​កាន់តែ​ធ្ងន់ធ្ងរ និង​ស្អំ​ទឹកកក ដើម្បី​សម្រក​ហើម​។

​បើសិនជា​ការធ្វើ​បែប​នេះ មិន​អាច​បំបាត់​រោគសញ្ញា ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ទេ ជម្រើស​ព្យាបាល​បន្ថែមទៀត​ដូចជា ការ​អ​បកដៃ ការប្រើ​ថ្នាំ និង​វះកាត់​អាច​នឹង​ត្រូវថ្វើ​។ ការ​អ​បកដៃ និង​វិធី​ព្យាបាល​ដោយ​មិន​វះកាត់ ទំនងជា​អាច​ដោះស្រាយបាន បើសិន​ជា​អ្នក​មាន​រោគសញ្ញា​ពី កម្រាម​តិចតួច​ដល់​មធ្យម ឬ​រយៈពេល​តិចជាង ១០ ខែ​។

​ការព្យាបាល​ដោយ​មិន​វះកាត់​
•​    ​អ​បកដៃ ៖ ការ​អ​បកដៃ គួរតែ​ត្រូវធ្វើ ទោះបីជា​អ្នក​គេង​ក៏ដោយ ព្រោះ​វា​នឹង​ជួយ​បំបាត់​រោគសញ្ញា​ឈឺ​ឈៀបៗ និង​ស្ពឹក នៅពេល​យប់​បាន​។ ការ​អ​បកដៃ នៅពេល​យប់​ប្រហែលជា​ជម្រើស​ដ៏​ល្អ​មួយ បើសិន​ជា​អ្នក​ជា​ស្ត្រី​មាន​ផ្ទៃពោះ​។
•​    ​ថ្នាំ Nonsteroidal Anti-inflammatory Drugs (NSAIDs) ៖ ថ្នាំ​នេះ​មានដូចជា Ibuprofen (Advil, Motrin) ប្រហែល​ជា​ជួយ​បន្ថយ​ការឈឺចាប់ បាន​រយៈពេល​ខ្លី​ដែរ​។ ប៉ុន្តែ វា​មិនទាន​អំណះអំណាង​ណាមួយ ដែល​បញ្ជាក់ថា វា​ជួយ​សម្រួល​ដល់​រោគសញ្ញា​ជំងឺ Carpal Tunnel Syndrome ឡើយ​។
•​    ​ថ្នាំ Corticosteroids ៖ គ្រូពេទ្យ​ប្រហែលជា​ចាក់​ថ្នាំ Corticosteroid ចូលក្នុង​បំពង់​សរសៃប្រសាទ​ដែល​គៀប​នោះ ដើម្បី​បន្ថយ​ការឈឺចាប់​។ ថ្នាំ​នេះ​អាច​បន្ថយ​ការ​រលាក និង​ហើម ព្រមទាំង​បន្ធូ​រការ​គៀប នៅ​សរសៃប្រសាទ Median Nerve បាន​។ ថ្នាំ​គ្រាប់ Corticosteroid មិនមែន​ត្រូវ​បាន​គេ​ចាត់ទុកថា មាន​គុណភាព​ល្អ ដូច​ថ្នាំ​ចាក់​សម្រាប់​ព្យាបាល​ជំងឺ​នេះ​ទេ​។

​ការវះកាត់​
​បើសិនជា​រោគសញ្ញា​របស់​អ្នក មាន​លក្ខណៈ​ធ្ងន់ធ្ងរ ឬ​ជាប់​រហូត ក្រោយពី​ធ្វើការ​ព្យាបាល​ដោយ​មិន​វះកាត់​នោះ ការវះកាត់​ប្រហែលជា ជម្រើស​ដ៏​សមស្រប​បំផុត​ហើយ​។ គោលបំណង​នៃ​ការវះកាត់ គឺ​ធ្វើ​យ៉ាងណា​បន្ធូរ​សម្ពាធ ដែល​គៀប​លើ​សរសៃប្រសាទ Median Nerve តាមរយៈ​ការ​កាត់​សរសៃ​ចង​ឆ្អឹង ដែល​សង្កត់​លើ​សរសៃប្រសាទ​នេះ​។
​ការវះកាត់​នេះ​មាន​ពីរ​ប្រភេទ​ដូចជា ៖
•​    ​ការវះកាត់​ដោយ​ប្រើ​បំពង់​ឆ្លុះ ៖ ការវះកាត់​ប្រភេទ​នេះ គឺ​គ្រូពេទ្យ​វះកាត់​ត្រូវ​ប្រើ​ឧបករណ៍ ដែល​មាន​រូបរាង​ដូច​កែវ​យឺត ហើយ​មាន​កាំ​មេ​រ៉ា​នៅ​ខាងចុង ដើម្បី​អាច​មើលឃើញ​ក្នុង​បំពង់​ដែល​សរសៃប្រសាទ រត់​កាត់​នៅ​កដៃ ហើយក៏​អាច​ប្រើ​វា ដើម្បី​កាត់​សរសៃ​ចង​ឆ្អឹង​ដែល​គាប​នោះ​ផងដែរ​។ ចំពោះ​លទ្ធផល​នៃ​ការវះកាត់​បែបនេះ មិនសូវ​ជា​បង្ក​ការឈឺចាប់​អ្វី​ច្រើន ជាង​ការវះកាត់​ដោយ​បើក​ធំ​ឡើយ​។
•​    ​ការ​វះ​បើក ៖ ការវះកាត់​ប្រភេទ​នេះ តម្រូវ​ឲ្យ​គ្រូពេទ្យ​វះកាត់​វះ​ស្បែក នៅ​បាតដៃ​យ៉ាង​ធំ​មួយ ដើម្បី​មើល​ឃើញ​បំពង់​ដែល​សរសៃប្រសាទ​រត់​កាត់ និង​កាត់​សរសៃ​ចង​ឆ្អឹង ដែល​ធ្វើឲ្យ​គាប់​សរសៃប្រសាទ​នោះ​តែម្តង​។ គេ​ក៏​អាច​វះកាត់​ក្នុង​ទំហំ​តូច​ដែរ ដើម្បី​បន្ថយ​ការប្រឈមមុខ នឹង​ផលវិបាក​ផ្សេងៗ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។