កំពុង​ដេក​យ៉ាង​ស្រួល ស្រាប់តែ​ស្រែក​ផ្អើល​ទាំង​យប់

ខេត្តកណ្តាល ៖ ក្នុង​ពេល​កំពុង​ដេក​លង់លក់​យ៉ាង​ស្រួល ស្រាប់តែ​ហាក់ដូចជា​មាន​អ្វី​មក​ប៉ះ​ក្បាលពោះ​របស់​ខ្លួន ធ្វើ​ឲ្យ​ស្ត្រី​មេម៉ាយ​កូន​៤​នាក់​មួយ​រូប​ភ្ញាក់​ក្រ​ញ៉ា​ង​បើកភ្នែក​ឡើង​ស្រែក​ឆោឡោ​ហៅ​គេឯង​ជួយ​ព័ទ្ធ​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ដែល​បាន​លបចូល​ផ្ទះ​បម្រុង​ចាប់​នាង​រំលោភ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​នៅផ្ទះ​ស្ត្រី​មេម៉ាយ​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​ព្រែក​ក្របៅ​ទី​៣ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

នគរបាល​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ អ៊ី​ម រ័​ត្ន ហៅ លូ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្របៅ​ទី​៣ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ចំណែក​ស្ត្រី​រង​គ្រោះ​អាយុ​៣៩​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​៤ ។

ស្ត្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ថា កាលពី​ជិត​ភ្លឺ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ ខណៈ​ពេល​កំពុង​ដេក​លក់​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ស្រាប់តែ​ហាក់ដូចជា​មាន​អ្វី​មក​ប៉ះ​ក្បាលពោះ​ធ្វើ​ឲ្យ​នាង​ភ្ញាក់​ក្រ​ញ៉ា​ង​ដឹងខ្លួន​បើកភ្នែក​មើល​ក៏​ឃើញ​និង​ស្គាល់​ច្បាស់​ថា​ជា​ជនសង្ស័យ​ឈ្មោះ អ៊ី​ម រ័​ត្ន ដែល​ជា​អ្នក​ជិតខាង​គ្នា ក៏​ស្រែក​ឆោឡោ​ឲ្យ​គេ​ជួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កូន​ៗ និង​អ្នក​ជិតខាង​មក​ជួយ​ព័ទ្ធ​ចាប់​ជនសង្ស័យ​យក​មក​ប្រគល់​ឲ្យ​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​តែ​ម្តង ៕