អាស៊ាន-ចិន៖​ហេតុអ្វី​បាន​ជា​អាស៊ាន​សម្រេច​ដក​សេចក្តីថ្លែងការណ៍​ចេញ​វិញ​ជា​បន្ទាន់​?

នៅក្នុងប្រទេសចិន ចប់ហើយកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិនដែលរៀបចំក្នុងទីក្រុងគុនមីង។ មានប្រធានបទជាច្រើនដែលអាស៊ាន និងចិនបានលើកយកទៅជជែក រួមមានទំនាក់ទំនងពាណិជ្ជកម្ម សន្តិសុខក្នុងតំបន់ ពិសេសបញ្ហាជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។ នៅរសៀលថ្ងៃអង្គារ ទី១៤ មិថុនា អាស៊ានបានចេញសេចក្តីថ្លែងការណ៍មួយដោយសម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះជម្លោះនៅសមុទ្រចិនខាងត្បូង។ តែនៅប៉ុន្មានម៉ោងក្រោយមកក្នុងថ្ងៃអង្គារដដែល អាស៊ានបែរជាដកសេចក្តីថ្លែងការណ៍នោះចេញវិញ។

អាស៊ាន-ចិន៖​ហេតុអ្វី​បាន​ជា​អាស៊ាន​សម្រេច​ដក​សេចក្តីថ្លែងការណ៍​ចេញ​វិញ​ជា​បន្ទាន់​?

ជំនួបថ្នាក់រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសសមាជិកអាស៊ានទាំង ១០ ជាមួយនឹងរដ្ឋមន្រ្តីការបរទេសចិនដែលរៀបចំក្នុងទីក្រុងគុនមីងស្ថិតប៉ែកនិរតីប្រទេសចិន ជាជំនួបរវាងអាស៊ាន និងចិន ពោលមិនមែនជាជំនួបតែក្នុងរង្វង់អាស៊ានគ្នាឯងទេ។ ដូច្នេះការដែលអាស៊ានបានផ្សព្វផ្សាយសេចក្តីថ្លែងការណ៍អ្វីមួយនៅក្រោយកិច្ចប្រជុំ គឺជាលទ្ធផលបានមកពីជំនួបរវាងអាស៊ាន និងចិន។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយជាសាធារណៈនៅរសៀលថ្ងៃអង្គារ ទី១៤ មិថុនា អាស៊ានបានសម្តែងក្តីព្រួយបារម្ភជាពន់ពេកចំពោះបញ្ហានៅក្នុងសមុទ្រចិនខាងត្បូងដែលចិនកំពុងមានជម្លោះជាមួយប្រទេសអាស៊ានមួយចំនួន ពិសេសវៀតណាម ហ្វីលីពីន ព្រុយណេ និងម៉ាឡេស៊ី។

តាមរយៈសេចក្តីថ្លែងការណ៍នេះនាំឲ្យគេយល់បានថា អាស៊ានហាក់ដូចជាបានបង្ហាញពីជំហរម៉ឹងម៉ាត់របស់ខ្លួនចំពោះចិនទាក់ទងនឹងបញ្ហានៅសមុទ្រចិនខាងត្បូង។ តែសេចក្តីថ្លែងការណ៍របស់អាស៊ានរបៀបនេះបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភ្ញាក់ផ្អើលព្រោះកន្លងមក អាស៊ានមិនដែលហ៊ានប្រើពាក្យខ្លាំងៗ និងសម្តីថ្លោសៗដាក់ចិនពាក់ព័ន្ធនឹងជម្លោះនៅសមុទ្រចិនខាងត្បូងទេ។ នៅប៉ុន្មានម៉ោងក្រោយមកក្នុងថ្ងៃអង្គារ ទី១៤ មិថុនាដដែល ប្រទេសម៉ាឡេស៊ីបានប្រកាសឲ្យដឹងថា អគ្គលេខាធិការអាស៊ានបានសម្រេចដកសេចក្តីថ្លែងការណ៍នោះចេញវិញ ហើយនៅថ្ងៃពុធ ទី១៥ មិថុនានេះ ប្រទេសឥណ្ឌូណេស៊ីបានចេញមុខបញ្ជាក់ថា សេចក្តីថ្លែងការណ៍នោះត្រូវបានផ្សព្វផ្សាយខុស។
 
អាស៊ានបានទទួលគំនាបចិន
 
អ្វីជាការកត់សម្គាល់ដំបូង គឺប្រទេសម៉ាឡេស៊ីជាអ្នកផ្សព្វផ្សាយសេចក្តីថ្លែងការណ៍ ហើយប្រទេសម៉ាឡេស៊ីដដែលជាអ្នកដែលបានប្រកាសឲ្យដឹងពីការដកសេចក្តីថ្លែងការណ៍នោះចេញវិញ ដោយលើកយកហេតុផលថា មានចំណុចខុសឆ្គងមួយចំនួនដែលតម្រូវឲ្យមានការកែសម្រួលជាបន្ទាន់។ តែនៅខាងភាគីចិនឯណោះវិញ លោកប្រមុខការទូតចិនបានចេញមុខប្រកាសថា សេចក្តីថ្លែងការណ៍ដែលផ្សព្វផ្សាយនោះមិនមែនជាឯកសារផ្លូវការ ឬអាចនិយាយបែបម្យ៉ាងទៀតថា មិនមែនជាលទ្ធផលបានមកពីជំនួបថ្នាក់រដ្ឋមន្រ្តីអាស៊ាន និងចិនទេ។
 
រហូតមកពេលនេះ គ្មានការពន្យល់បកស្រាយច្បាស់លាស់ណាមួយទាក់ទងនឹងព័ត៌មានដ៏ច្របូកច្របល់មួយនេះទេ ព្រោះនៅទីបំផុត ភាគីនីមួយៗទាំងចិន និងអាស៊ានហាក់ដូចជាបានព្យាយាមរំងាប់ព័ត៌មានមួយនេះ។ តែយ៉ាងណាក៏ដោយ អ្វីដែលបានបែកធ្លាយរួចហើយកំពុងបំផុសឲ្យមានការយល់ឃើញខុសៗគ្នា។ អ្នកខ្លះយល់ថា សេចក្តីថ្លែងការណ៍នោះអាចជាឯកសារសម្ងាត់ក្នុងរង្វង់អាស៊ាន តែត្រូវបានផ្សព្វផ្សាយដោយភាន់ច្រឡំ តែមតិភាគច្រើនបានយល់ឃើញថា ការដែលអាស៊ានបានបង្ខំចិត្តដកសេចក្តីថ្លែងការណ៍នោះចេញភ្លាមៗ និងទាន់ហន់ គឺមកពីទទួលគំនាបខ្លាំងពីចិន។
 
ចិនដែលយល់ឃើញថា ការដែលអាស៊ានបានចេញសេចក្តីថ្លែងការណ៍មួយវ៉ៃប្រហារចិនបន្ទាប់ពីបានជួបចរចាជាមួយចិន គឺជារឿងមួយដែលខ្លួនមិនអាចទទួលយកបានទេ។
 
ចិនប្រើឥទ្ធិពលសេដ្ឋកិច្ច
 
មានមូលហេតុច្រើនដែលឆ្លុះបញ្ជាំងពីការសម្រេចចិត្តរបស់អាស៊ាន ពិសេសការខ្លាចឥទ្ធិពល និងសក្តានុពលសេដ្ឋកិច្ចរបស់ចិន។ កុំថាឡើយប្រទេសសមាជិកអាស៊ាន សូម្បីតែប្រទេសផ្សេងក្នុងលោកក៏ត្រូវការរណបចិនដើម្បីទទួលបានប្រយោជន៍សេដ្ឋកិច្ចដែរ។ បើនិយាយតែនៅផ្ទៃក្នុងអាស៊ាន មានប្រទេសសមាជិកភាគច្រើនដែលដង្ហើមសេដ្ឋកិច្ចបានពឹងខ្លាំងលើដង្ហើមសេដ្ឋកិច្ចរបស់ចិន។ ចិនដែលកំពុងក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំរបស់អាស៊ាន ហើយជារៀងរាល់ឆ្នាំ ការដោះដូរពាណិជ្ជកម្មរវាងចិន និងអាស៊ានមានទឹកប្រាក់ដល់ទៅ ៤៧០ ០០០លានដុល្លារ ហើយនឹងកើនរហូត ១ ០០០ ០០០លានដុល្លារពីពេលនេះទៅដល់ឆ្នាំ ២០២០។
 
ម្យ៉ាងទៀត ជម្លោះនៅសមុទ្រចិនខាងត្បូងមិនមែនជាជម្លោះរវាងអាស៊ាន និងចិនផ្ទាល់ទេ តែជាជម្លោះរវាងចិន និងប្រទេសសមាជិកអាស៊ានមួយចំនួនប៉ុណ្ណោះ ពិសេសវៀតណាម ហ្វីលីពីន ព្រុយណេ និងម៉ាឡេស៊ី។ ប្រទេសសមាជិកអាស៊ានខ្លះយល់ថា គ្មានហេតុផលណាមួយដែលខ្លួនត្រូវប្រឈមមុខផ្ទាល់ទល់នឹងចិនទេ។ តែបើគេពិនិត្យជាលក្ខណៈទូទៅ ការដែលអាស៊ានបានដកចេញវិញនូវសេចក្តីថ្លែងការណ៍ដែលនិយាយច្រើនពីរឿងសមុទ្រចិនខាងត្បូងពេលនេះ ជាសក្ខីកម្មថ្មីមួយទៀតដែលបញ្ជាក់ពីអត្តទត្ថបុគ្គលរបស់ប្រទេសសមាជិកអាស៊ាននីមួយៗ។

រឿងអាត្មានិយមរបស់ប្រទេសសមាជិកអាស៊ានមិនមែនជារឿងថ្មី និងគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើល ព្រោះអាស៊ានបានប្រកាន់យកនយោបាយមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់សមាជិកដទៃ៕

ប្រភពៈ RFI