នយោបាយ ឈ្នះ ឈ្នះ​… និង​នយោបាយ ឈ្នះ

ប៉ុន្មាន​ថ្ងៃមុន​នេះ​មាន​ប្រ​ឡូយ​ពាក្យ​ថា កាលណា​មានការ​ចាប់ខ្លួន​លោក កឹ​ម សុខា នឹង​មាន​បាតុកម្មផ្ទុះ​ឡើង​...​បាតុកម្ម​ប្រឆាំង​ការ​ចាប់ខ្លួន​...

ពេល​មាន​ពាក្យ​ផ្លោង​ថា បាតុកម្ម​ប្រឆាំង​ការ​ចាប់ខ្លួន​...​ក៏​មាន​ពាក្យ​ផ្លោង​មួយទៀត​ចេញ​មក​ដែរ​ថា បើ​បក្ស​ប្រឆាំង​ហ៊ាន​ធ្វើ​បាតុកម្ម​មែន​...​ក្រុម​យុវជន​ដែល​ប្រកាស​គាំទ្រ​ឱ្យ​មានការ​ចាប់ខ្លួន ក៏​ប្រកាស​ធ្វើ​បាតុកម្ម​តប​វិញ​ដែរ​...

ធ្វើ​បែប​នេះ​សំដែង​ឱ្យ​ឃើញ​ថា​...​បើ​បន្លា​មុត​គេ​យក​បន្លា​ជួស​...​ជួស​ចេញ​ទឹក ចេញ​ឈាម​មិនដឹង​ទេ​...​ព្រោះ​វា​គ្រាន់តែ​គេ​ផ្លោង​គ្រាប់​ដាក់​គ្នា​តែ​ប៉ុណ្ណោះ​...​។

ថ្ងៃ​១៤ មិថុនា ដែល​ជា​ថ្ងៃ​អង្សា...​ជា​ថ្ងៃ​ដែល​សាលាដំបូង​កោះហៅ​ឱ្យ​ចូលខ្លួន​...​ក៏​ជា​ថ្ងៃ​ដែល​បក្ស​ប្រឆាំង​បាន​ប្រកាស​ឱ្យ​អ្នកគាំទ្រ​ទាំងឡាយ​មក​អាយ​ជុំ​គ្នា​នៅ​ស្នាក់​ការ​...​ជុំ​គ្នា​បាន​ច្រើន​ពូន​ជា​កម្លាំង​...​កម្លាំង​ទប់​...​កុំឱ្យ​មេ​ភ័យ​ញ័រ​ពេក​...​កុំឱ្យ​មេ​បាក់​ឆ្អឹងខ្នង​...​។

ថ្ងៃ​ណាត់​ប្រមូល​កម្លាំង​ទប់​នោះ​...​ក៏​ជា​ថ្ងៃ​ដែល​បក្ស​ខាង​ដឹកនាំ​ប្រទេស​បញ្ជា​កម្លាំង​ប្រមូលផ្តុំ​...​កម្លាំង​រួម​គ្រប់​ច្រក​ផ្លូវ​សំខាន់​ៗ...​ជា​កម្លាំង​ប្រកបដោយ​ឯកសណ្ឋាន​ឈ្នះ​...
ប៉ុន្តែ​សំណាង​ណាស់​...​សំណាង​ដែល​មេដឹកនាំ​ធំ​ៗ​នៃ​បក្ស​ប្រឆាំង ឬ​ឱ្យឈ្មោះ​ថា​បក្ស​ជំទាស់ មិន​បាន​ពន្យុះ​ឱ្យធ្វើ​ទេ​...​ហាក់ដូចជា​ស្លូត​បន្តិច​មក​វិញ​...​មិន​កាច​ដូច​សម័យ​ក្រោយ​បោះ​ឆ្នោត​ទេ​...​ទំនង​គ្រាន់តែ​ចង់​សាកល្បង​កម្លាំង​...​តើ​នៅ​មាន​អ្នកគាំទ្រ​ច្រើន​ដែរ​ឬ​អត់ ?

ប្រ​សិន​មាន​អ្នក​ជួយ​ទប់​ច្រើន​គ្នា​...​អាសនៈ​លោក​ប្រធាន​អាច​សង្ឃឹម​...ក៏​សំណាង​ដែរ​...​ចេះ​ស្លូត​ទាន់ !

ប្រសិនបើ​ថ្ងៃ​១៤ មិថុនា ចង់​សាក​កម្លាំង​ជាមួយ​អ្នក​កាន់​អំណាច​...​មតិ​នានា​យល់​ថា ប្រាកដជា «​ត្រូវហើយ !» ហក់​តិច ត្រូវ​តិច​...​ហក់​ខ្លាំង ត្រូវ​ខ្លាំង​...​។​ល​។ ព្រោះ​ខែល ដំបង​ឆក់ ដំបង​តាន់ រនាំង​បន្លា រថយន្ត​ទឹក កម្លាំង​ទើប​ហាត់​សម​...​ច្បាស់​ជា​សាកល្បង​...​ឬ​ប្រាកដជា​ស្វាគមន៍​...​។

ដឹង​ស្រាប់​ហើយ​...​បក្ស​កាន់​អំណាច​បាន​ជាង​៣០​ឆ្នាំ​ដោយ​បោះ​ឆ្នោត​មិនធម្មតា​ទេ​...​ពេញ​ទៅ​ដោយ​បទ​ពិសោធន៍​...​ពេញ​ទៅ​ដោយ​កម្លាំង​...​កម្លាំង​មហា​សាមគ្គី​ក៏​មាន​...​យ៉ាងច្រើន​មហាជន​ភ័យ​ព្រួយ​មួយ​ដង្ហើមចង្រិតប៉ុណ្ណោះ​...​ទីបំផុត​ល្អ​លើស​ដើម​...

ពេល​នេះ​ប្រហែល​មិនមែន​នយោបាយ ឈ្នះ ឈ្នះ ទេ ! នយោបាយ​ឈ្នះ ឈ្នះ គឺ​ឈ្នះ​ទាំងអស់​គ្នា​...​រឿង​នេះ​ប្រាកដជា​នយោបាយ​ឈ្នះ​...​តែ​មួយ​មុខ !! ឯ​អ្នក​ចាញ់​សូមជ្រាប នៅ​តែ​ចាញ់​រហូត​...​ហេ ! ហេ !

ប្រសិនបើ​ចាញ់​រហូត​មែន​...​នយោបាយ​រុញ​ទូក​បណ្តោយ​ទឹក​របស់​មេ​បក្ស​កាន់​អំណាច​...​កាន់តែ​មាន​ប្រសិទ្ធភាព​ទៅ​ហោង​...
                អា​ឡេវ