ថា​កុំឱ្យ​គេ​ឮ

*បន្ទាប់​ពី​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ចាត់តាំង​ក្រុម​អធិការកិច្ច និង​ក្រុម​ការិយាល័យ​ទ្រព្យ​រដ្ឋ​របស់​ក្រសួង ចុះ​ស្រាវជ្រាវ​ករណី​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង លួច​លក់​ដី​រដ្ឋ​ចំនួន​៣០​អា និង​៤១​ស​ង្ទី​អា​រួច​មក តាំងពី​ថ្ងៃ​ទី​៣ មិថុនា ២០១៦ រហូត​មក​ដល់​ពេល​នេះ មន្ត្រី​ជា​ច្រើន​របស់​មន្ទីរ​កសិកម្ម​ខេត្ត ដែល​ជាដើម​បណ្តឹង កំពុង​រង់ចាំ​មើល​ចំណាត់ការ​ថា តើ​បាន​ប្រើ​កណ្តាប់ដៃ​ដែក​ឬទេ បើ​ក្រុម​អធិការកិច្ច​របស់​លោក​រដ្ឋមន្ត្រី​បាន​រក​ឃើញ​បទល្មើស និង​ក្រុម​មន្ត្រី​រាប់​សិប​នាក់ ជា​សាក្សី​រស់ និង​ជាដើម​បណ្តឹង​កំពុង​កើតទុក្ខ មិន​សុខចិត្ត​បែប​នេះ ។

*នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា លោក មាស សុភាព ប្រធាន​មន្ទីរ​កសិកម្ម បាន​ប្រាប់​ក្រុម​អ្នកកាសែត ដែល​ចូល​ទៅ​សម្ភាសន៍​ដល់​ក្នុង​មន្ទីរ​របស់​ខ្លួន​ថា ករណី​នេះ ក្រុម​អធិការកិច្ច បាន​ធ្វើ​របាយការណ៍​ជូន​ទៅ​លោក​រដ្ឋមន្ត្រី​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា លោក​រដ្ឋមន្ត្រី​មាន​ចំណាត់ការ​យ៉ាងណា​នោះ​ឡើយ ។ លោក​ប្រធាន​មន្ទីរ​រូប​នេះ បាន​និយាយ​ទៀត​ថា សាលាខេត្ត​បាន​បញ្ជា​មក​រូប​គាត់​មិន​ឱ្យ​ជួប​ជាមួយ​អ្នកកាសែត​ទេ ។ និយាយ​បែប​នេះ សង្ស័យ​មន្ត្រី​នោះ​ពាក់ព័ន្ធ​ក្នុង​រឿង​លក់​ដី​នេះ​ដែរ ។ លោក​ប្រធាន​មន្ទីរ​បាន​ឆ្លើយ​ទៀត​ថា បើ​លក់​ដី​ក៏​មិន​លក់​ឱ្យឈ្មោះ​នេះ​ដែរ ប៉ុន្តែ​មិនដឹង​ថា លោក មាស សុភាព ចង់​និយាយ​ថា លក់​ដី​ឱ្យឈ្មោះ​ណា​ទេ។ ​

*លោក រស់ វី​រ៉ា​វុ​ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ២០១៦​ថា ក្រុមការងារ​របស់​មន្ទីរ​កំពុង​ចុះ​ស្រាវជ្រាវ ព្រោះ​ករណី​នេះ មាន​ពាក់ព័ន្ធ​ជាមួយ​លោក ហាក់ បូ​រ៉ា ប្រធាន​ការិ​យា​ល័យ​ភូមិបាល​ក្រុង​ខេមរភូមិន្ទ តែ​មិន​ទាន់​បាន​ធ្វើ​របាយការណ៍​ជូន​ទៅ​ក្រសួង​រៀបចំ ដែនដី​នគរូបនីយកម្ម និង​សំណង់​នៅ​ឡើយ​ទេ។

*លោក អ៊ូច ទូច នាយក​រដ្ឋបាល​សាលាខេត្ត​កោះកុង បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ២០១៦ នេះ​ដែរ​ថា លោក​មិន​​ទាន់​បាន​ទទួល​របាយការណ៍​ណាមួយ​ពាក់ព័ន្ធ​នឹង​ការ​លក់​ដី ដែល​លោក​ប្រធាន​មន្ទីរ​កសិកម្ម បាន​លក់​នោះ​ឡើយ ប៉ុន្តែ​លោក​បានដឹង​ថា មាន​ក្រុម​អធិការកិច្ច​របស់​ក្រសួងកសិកម្ម ចុះ​មក​អង្កេត​ករណី​ខាងលើ​នេះ ។ បើ​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​មាន​ចំណាត់​ការ​យ៉ាងណា លោក​នឹង​ផ្តល់​ព័ត៌មាន​តាម​ក្រោយ ៕ ​ ​ ​