Hamsik ផ្តល់ភាពអាម៉ាសដល់រុស្ស៊ី ខណៈស្លូវ៉ាគី ស្គាល់រសជាតិឈ្នះ

ខ្សែបម្រើ Marek Hamsik បានជួយឲ្យមិត្តរួមក្រុមរកគ្រាប់បាល់បើកឆាក១គ្រាប់ និងបានស៊ុតបាល់បញ្ចូលទីខ្លួនឯងយ៉ាងល្អមួយគ្រាប់ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិស្លូវ៉ាគី បានផ្តួលក្រុមជម្រើសជាតិរស្ស៊ី ក្នុងលទ្ធផល ២-១ ក្នុងទីក្រុង Lille កាលពីថ្ងៃពុធ ដើម្បីកត់ត្រាជ័យជម្នះក្នុងព្រឹត្តិការណ៍ Euro ជុំផ្តាច់ព្រ័ត្រជាលើកទីមួយរបស់ពួកគេ។

Russy-Euro-ft16

ការបញ្ជូនបាល់យ៉ាងល្អរបស់ Hamsik បានជួយឲ្យកីឡាករ Vladimir Weiss រកគ្រាប់បាល់បំប៉ោងសំណាញ់ទីនៅនាទី ទី៣២ នាកីឡាដ្ឋាន Stade Pierre Mauroy ហើយតារាឆ្នើមរបស់ក្លិប Napoli រូបនេះ បានបន្ថែមការនាំមុខរបស់ក្រុម តាមរយៈការស៊ុតបាល់ពីចេញតំបន់ខាងស្តាំងចូលទីយ៉ាងល្អ នៅជិតបញ្ចប់តង់ទីមួយ។

ក្រុមជម្រើសជាតិរុស្ស៊ី បានធ្វើការវាយបកវិញនៅក្នុងតង់ទី២ ប៉ុន្តែ ត្រូវតែធ្វើការងារជាច្រើន ហើយបើទោះបីកីឡាករ Denis Glushakov បានរកគ្រាប់បាល់វាយបកមួយគ្រាប់វិញនៅនាទី ទី៨០ ក៏ដោយ ប៉ុន្តែ ពួកគេនៅតែមិនអាចរកគ្រាប់បាល់តាមស្មើឡើយ។ លទ្ធផលនេះបានជួយឲ្យក្រុមរបស់លោក Jan Kozak បំពេញការស្រោចស្រង់មួយ ក្រោយពីបានរងបរាជ័យ ២-១ ក្រោមស្នាដៃក្រុមជម្រើសជាតិវេលស៍ ក្នុងការប្រកួតបើកឆាកក្នុងពូល B នៃយុទ្ធនាការ Euro ឆ្នាំ២០១៦ របស់ពួកគេ និងបានដាក់សម្ពាធទៅលើគូប្រជែងក្នុងពូល B របស់ពួកគេ នៅមុនពេលក្រុមជម្រើសជាតិអង់គ្លេស ប៉ះជាមួយនឹងវេលស៍ ក្នុងទីក្រុង Lens នៅថ្ងៃព្រហស្បតិ៍នេះ។

ក្រុមជម្រើសជាតិរុស្ស៊ី បានធ្លាក់ទៅឈរនៅបាតតារាងនៃពូល ដោយមាន១ពិន្ទុពីការប្រកួត២លើក ហើយនិងត្រូវតែផ្តួលក្រុមជម្រើសជាតិវេលស៍ ក្នុងការប្រកួតចុងក្រោយក្នុងពូល ដើម្បីរក្សាឱកាសនៃការឈានទៅវគ្គ១៦ក្រុមចុងក្រោយ៕
ប្រភពព័ត៌មាន៖ The Guardian