លោក Hodgson ថា ពាក្យសម្តីរបស់ Bales ជាពាក្យថោក នៅមុនពេលជួបគ្នានៅរាត្រីនេះ

លោក Roy Hodgson បានបញ្ជាក់ថា កីឡាករអង់គ្លេសរបស់លោក នឹងមានអារម្មណ៍ «អាម៉ាស» ប្រសិនបើពួកគេធ្វើឲ្យខ្លួនពួកគេបែកអារម្មណ៍ដោយសារតែពាក្យសម្តីបង្កជំនួសរបស់ក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ នៅមុនពេលក្រុមទាំងពីរត្រូវជួបគ្នានៅកីឡដ្ឋាន Stade Bollaert-Delelis ក្នុងការប្រកួតដ៏សំខាន់នៃយុទ្ធនាការ Euro ឆ្នាំ២០១៦ ក្នុងជុំទី២នៃពូល B និងបានចាត់ទុកថា ជាពាក្យសម្តីថោក។

Hodgson-ft16

ការឡើងកម្តៅផ្សេងៗនៅមុនពេលការប្រកួតពូល B បានកើតឡើង ខណៈដែលខ្សែប្រយុទ្ធ Gareth Bale បានអះអាងថា មិត្តរួមក្រុមរបស់គេមានសេចក្តីស្រឡាញ់ និងមោទនភាពច្រើនជាងក្រុមអង់គ្លេស ក្រោយពីតារាឆ្នើមរបស់ក្លិប Real Madrid រូបនេះ បាននិយាយថា មិនមានកីឡាកររូបណារបស់លោក Hodgson មានសមត្ថភាពខ្លាំងគ្រប់គ្រាន់ក្នុងការចូលរួមជាមួយនឹងក្រុមជម្រើសជាតិវេលស៍ឡើយ។

ការប្រើពាកយសម្តីចំអកមួយនេះ បានកើតឡើង ខណៈដែលក្រុមជម្រើសជាតិវេលស៍ សម្លឹងរកការកត់ត្រាជ័យជម្នះជាលើកទីមួយរបស់ពួកគេក្នុងរយៈពេល៣២ឆ្នាំនៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស។ ខណៈដែលលោក Chris Coleman បានបញ្ជាក់ថា កីឡាករវេលស៍របស់លោក មានសេរីភាពក្នុងការសម្តែងមតិរបស់ពួកគេ មិនថា ធ្វើឲ្យគូប្រជែងរបស់ខ្លួនខកចិត្តក៏ដោយ លោក Hodgson មិនបានបន្ថែមកម្តៅទៅលើបញ្ហានេះឡើយ។

លោក Hodgson បានបញ្ជាក់ថា៖ «ការជជែងគឺជាការជជែក ខណៈដែលវាមិនប៉ះពាល់ដល់សកម្មភាពប្រកួតនៅលើទីលានឡើយ។ ប្រសិនបើយើង ពោលគឺខ្លួនខ្ញុំផ្ទាល់ និងកីឡាកររបស់ខ្ញុំ ពិតជាចាត់ទុកជារឿងធំដុំ គិតពីកីឡាករផ្សេងដែលនិយាយនៅមុនពេលការប្រកយត និងធ្វើឲ្យជះឥទ្ធិពល ដល់ការផ្តោតអារម្មណ៍របស់យើង នោះយើងនឹងធ្វើឲ្យខ្លួនផ្ទាល់មានភាពអាម៉ាស»។ ការប្រកួតនៅរាត្រីនេះនឹងចាប់ផ្តើមនៅម៉ោង៨យប់៕

ប្រភពព័ត៌មាន៖ The Guardian