ភ្នំ​ពេញ​ក្រោន ​នាំ​យក​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល ​និង​អាហ្វ្រិក ​មក​ជួយ​ក្រុម​

ភ្នំពេញ​ក្រោន នឹង​បន្ថែម​កម្លាំង​ប្រយុទ្ធ​២​នាក់​នៅ​ជុំ​ទី​២​ខាង​មុខ​នេះ ដោយ​ម្នាក់​មាន​សញ្ជាតិ​ប្រេស៊ីល​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​មាន​សមត្ថភាព​ខ្ពស់​ធ្លាប់​លេង​ជាមួយ​កីឡាករ​ល្បី​ៗ​នៅ​ប្រេស៊ីល ​និង​ម្នាក់​ទៀត​ជនជាតិ​អាហ្វ្រិក។

 

ភ្នំ​ពេញ​ក្រោន ​នាំ​យក​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល ​និង​អាហ្វ្រិក ​មក​ជួយ​ក្រុម​

 លោក សែម សំណាង

លោក សែម សំណាង ​គ្រូ​បង្វឹក​ក្លឹប​ភ្នំពេញ​ក្រោន​បាន​បង្ហើប​ថា​ក្រុម​របស់​លោក​នឹង​បន្ថែម​កម្លាំង​ប្រយុទ្ធ បើ​ទោះ​បី​ជា​ឱកាស​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​រសាត់​ទៅ​ឆ្ងាយ​ហើយ​ក៏​ដោយ។ ដោយ​កម្លាំង​ថ្មី​ទាំង​ពីរ​នេះ លោក​រំពឹង​ថា​នឹង​មាន​សមត្ថភាព​ខ្ពស់​​​អាច​ជួយ​ក្រុម​បាន​ច្រើន​សម្រាប់​ជុំ​ទី​២។

 

“ការ​ពិត​ទៅ យើង​ចុះ​ឈ្មោះ​ពួកគេ​ហើយ ប៉ុន្តែ​មិន​ទាន់​សម្រេច​បាន​១០០​% ព្រោះ​ពួកគេ​មិន​ទាន់​មក​កម្ពុជា។ ដូច្នេះ​សប្ដាហ៍​នេះ ប្រហែល​ជា​មិន​ទាន់​ឃើញ​ពួកគេ​នោះ​ទេ។ ខ្ញុំ​ដឹង​ថា​កីឡាករ​ប្រេស៊ីល​ដែល​នឹង​មក​លេង​ជាមួយ​យើង មាន​សមត្ថភាព ព្រោះ​គាត់​ធ្លាប់​លេង​ជាមួយ​កីឡាករ​ល្បី​ៗ”។ សម្ដី​លោក សែម សំណាង។

 

យ៉ាង​ណា​មិញ ដោយសារ​តែ​មិន​ទាន់​មក​ដល់​ប្រទេស​កម្ពុជា លោក សំណាង សូម​មិន​បញ្ចេញ​ឈ្មោះ​នោះ​ទេ ដោយ​បញ្ជាក់​ថា​នៅ​ពេល​ពួកគេ​មក​ដល់ អ្នក​ទាំង​អស់​គ្នា​នឹង​បាន​ឃើញ​ពី​សមត្ថភាព​និង​ស្គាល់​ឈ្មោះ អាយុ ​និង​ការ​លេង​របស់​ពួកគេ​ហើយ៕

 

អត្ថបទ៖ មុន្នី រម្យ