រុស្ស៊ីចាញ់ប្រៀបអាមេរិកដោយសារតែអាមេរិកដាក់ទណ្ឌកម្មរុស្ស៊ីបាន តែរុស្ស៊ីមិនអាចដាក់ទណ្ឌកម្មអាមេរិកបានទេ

អាមេរិកជាប្រទេសមហាអំណាចទីមួយនៅលើពិភពលោក ហើយអាមេរិកមានសិទ្ធិពេញលេញ នៅក្នុងការនិយាយទៅកាន់ប្រទេសណាមួយ ឬដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មដោយឯកតោភាគី មិនចាំបាច់ឆ្លងការអនុញ្ញាតពីអង្គការសហប្រជាជាតិឡើយ ។ ជាក់ស្តែង ដូចជាការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីជាដើម អាមេរិកបានសម្រេចជាឯកតោភាគីរួមគ្នា កៀរគរ ប្រទេសជាមិត្តចូលរួមដាក់ទណ្ឌកម្ម ។

ចំណែករុស្ស៊ីវិញមិនអាចដាក់ទណ្ឌកម្មទៅលើអាមេរិកដូចអាមេរិកធ្វើទៅលើខ្លួននោះឡើយ ទាំងនោះហើយដែលធ្វើឲ្យរុស្ស៊ីចាញ់ប្រៀបអាមេរិក បើទោះជាមានគ្រាប់បែកបរមាណូច្រើនជាងអាមេរិកក៏ដោយ។ ការដាក់ទណ្ឌកម្មគឺជាអាវុធដ៏មុតស្រួចបំផុតរបស់អាមេរិកសម្រាប់វាយប្រហារទៅលើសត្រូវរបស់ខ្លួនដែលអាវុធនេះវាមានកម្លាំងបំផ្លាញជាងគ្រាប់បែកបរមាណូទៅទៀត។ ការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសណាមួយនោះគឺធ្វើឲ្យប្រទេសនោះត្រូវរងទុក្ខវេទនាមិនអាចងើបរួច។ ការរង ទណ្ឌកម្មរយៈពេលកន្លងមកធ្វើឲ្យរុស្ស៊ីស្ទើរតែដួលរលំទៅហើយបើរុស្ស៊ីជា ប្រទេសតូចគ្មានទំនាក់ទំនងទូលំទូលាយនៅខាងក្រៅនោះរុស្ស៊ីនឹងត្រូវដួលជាមិនខាន។

ប្រវត្ដិសាស្ដ្រនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមិនត្រឹមតែកើតមាននាសម័យកាលនេះឡើយ ទណ្ឌកម្មសេដ្ឋកិច្ចបានកើតមានតាំងពីឆ្នាំ៤៣២មុនគ្រិស្ដសករាជពេលនោះអ្នកនយោបាយប្រទេសក្រិកនិងមេទ័ពPericles បានអនុវត្ដច្បាប់មួយដែលមានឈ្មោះថា Megarian ដើម្បីប្រឆាំងទៅនឹងករណីចាប់ខ្លួនស្ដ្រីApasian៣នាក់ ។

ក្នុងសម័យកាលទំនើបកម្មរបស់អាមេរិកបានប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចសម្រាប់បំពេញគោលនយោបាយដែលអាមេរិក ចង់បាន ។ នៅក្នុងសង្គ្រាមត្រជាក់អាមេរិកបានប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចបង្កឱ្យមានអស្ថិរភាពនយោបាយនៅក្នុងប្រទេសមួយចំនួនដែលមិនមានភាពជិតស្និទ្ធជាមួយអាមេរិកក្នុងនោះក៏មានតំបន់អាមេរិកឡាទីនផងដែរ ។ អតីតសហភាពសូវៀតក៏ធ្លាប់បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់ប្រទេសចិន អាល់បានៀ និងយូហ្គោស្លាវី ។ ការដាក់ទណ្ឌកម្មភាគច្រើនធ្វើឡើងដល់ប្រទេសធំប្រទេសមហាអំណាចប្រឆាំងទៅនឹងប្រទេសតូចតាចដែលមិនព្រមស្ដាប់បង្គាប់ខ្លួន ។

ភាគច្រើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចគឺជាការសងសឹកទៅលើប្រទេសដែលរារាំងធ្វើឱ្យបានត់បង់ផលប្រយោជន៍ដល់ប្រទេសមហាអំណាច ។ អាមេរិកជាប្រទេសអនុវត្ដការដាក់ទណ្ឌកម្មទៅលើប្រទេសដទៃច្រើនជាងគេបំផុតនៅលើពិភពលោក។ អាមេរិកមាន២៤កម្មវិធីហាមប្រាមដឹកជញ្ជូនបានអនុវត្ដទៅលើប្រទេសជាច្រើនក្នុងនោះមានប្រទេសកូដឌីវ័រ បេឡារូស ស៊ីរី …។ ចាប់តាំងពីអំឡុងឆ្នាំ១៩៩០ច្បាប់ដាក់ទណ្ឌកម្មដឹកជញ្ជូនក្លាយជាប្រធានបទសំខាន់មួយដែលប្រទេសជាច្រើនមិនចង់ជួបប្រទះនោះឡើយ ដោយសារតែវាប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន ។ អាមេរិកធ្លាប់បានអនុម័តដាក់ទណ្ឌកម្មដឹកជញ្ជូនទៅលើវិស័យពាណិជ្ជកម្មអីុរ៉ាក់ និងគុយបាធ្វើឱ្យសេដ្ឋកិច្ចប្រទេសទាំងនោះមិនអាចងើបឈរឡើងវិញបាន ។

ច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសគុយបាចាប់ផ្ដើមនៅឆ្នាំ១៩៦០ដោយពេលនោះអាមេរិកបញ្ចប់ការនាំចូលស្ករពីគុយបាដែលជាផលិតផលសំខាន់បំផុតរបស់ប្រទេសនេះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។ ការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសគុយបាមានរយៈពេលយូរបំផុតបើប្រៀបធៀបនានា ។ចាប់តាំងពីអតីតប្រធានាធិបតី ប៊ីល គ្លីនតុន ឡើងកាន់អំណាចដឹកនាំអាមេរិក លោកបានអនុវត្ដគោលនយោបាយដាក់ទណ្ឌកម្មសេដ្ឋកិច្ចឈ្លាសវៃបំផុតដោយលោកបានដាក់ទណ្ឌកម្មទៅលើបុគ្គលឬស្ថាប័នឯក រាជ្យមិនបានដាក់ទណ្ឌកម្មទៅលើប្រទេសទាំងមូលនោះឡើយ ។ ចំណែកច្បាប់ដាក់ទណ្ឌកម្មដឹកជញ្ជូនក្រោមរបបប្រធានាធិបតីប៊ូស សំដៅទៅលើទណ្ឌកម្មចរាចរណ៍ហិរញ្ញវត្ថុដោយលោកប្រើប្រាស់ឥទ្ធិពលប្រាក់ដុល្លារសម្រាប់បិទទ្វារធនាគារជាច្រើនដែលផ្ដល់ផលប្រយោជន៍ដល់ប្រទេសដែលមិនស្ដាប់បង្គាប់អាមេរិក ៕ ម៉ែវ សាធី

ប្រភព៖ nokorwatnews

 

  • រុស្ស៊ីចាញ់ប្រៀបអាមេរិកដោយសារតែអាមេរិកដាក់ទណ្ឌកម្មរុស្ស៊ីបាន តែរុស្ស៊ីមិនអាចដាក់ទណ្ឌកម្មអាមេរិកបានទេ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:ជីវិតនិងសង្គម
Tags: