អ្នកសង្កេតការណ៍មើលឃើញថា លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ដើរថយក្រោយ

ភ្នំពេញ — អ្នកសង្កេតការណ៍ក្នុងស្រុកនិយាយថា ការបំភិតបំភ័យផ្នែកនយោបាយ ការគាបសង្កត់ការបញ្ចេញមតិក្នុងរឿងនយោបាយ និងការរឹតបន្តឹងសេរីភាពក្នុងការជួបប្រជុំនានា បានធ្វើឲ្យលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីនៅក្នុងប្រទេសកម្ពុជា ស្ថិតក្រោមការគម្រាមកំហែង។

អ្នកសង្កេតការណ៍មើលឃើញថា លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ដើរថយក្រោយ

មន្រ្តីរដ្ឋាភិបាលនិយាយថា ការដាក់កំហិតទៅលើសេរីភាពគឺជាការចាំបាច់ ដើម្បីបញ្ចៀសនូវអ្វីដែលពួកគេមើលឃើញថា អាចនាំឲ្យមាន«បដិវត្តន៍ពណ៌»ដ៏គ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា ដូចដែលធ្លាប់បានផ្ទុះឡើងនៅប្រទេសស៊ីរីកាលពីប្រាំឆ្នាំកន្លងទៅនេះ។ ការងើបប្រឆាំងតវ៉ា ដែលកើតឡើងចំពេលនៃការសង្ឃឹមថា នឹងមានការរីករាលដាលនៃលទ្ធិប្រជាធិបតេយ្យទូទាំងតំបន់អារ៉ាប់ ចុងក្រោយបែរជានាំឱ្យប្រទេសនេះ ធ្លាក់ចូលទៅក្នុងភាពចលាចលទៅវិញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា រូបលោកកំពុងតែការពារ «សន្តិភាពនិងស្ថិរភាពនយោបាយ ដែលទទួលបានយ៉ាងលំបាក» សម្រាប់ប្រទេសកម្ពុជា នេះបើតាមសំដីរបស់លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា។

រដ្ឋាភិបាលនៅតែទទួចថា ចំណាត់ការរបស់ខ្លួន សុទ្ធតែធ្វើឡើងដោយផ្អែកទៅលើច្បាប់។ ប៉ុន្តែការចាត់វិធានការខុសគ្នាដោយក្រុមអាជ្ញាធរ ទៅលើបាតុករគាំទ្ររដ្ឋាភិបាល និងបាតុករប្រឆាំងរដ្ឋាភិបាល និងចំណាត់ការតាមផ្លូវតុលាការជាបន្តបន្ទាប់ ដែលហាក់ដូចជាមានការជំរុញលើកទឹកចិត្តផ្នែកនយោបាយ បានបង្ហាញអំពីការអនុវត្តស្តង់ដារពីរផ្សេងគ្នា។

អ្នកសង្កេតការណ៍មើលឃើញថា លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ដើរថយក្រោយ

«វានៅខ្វះភាពស្មើរគ្នា ឬក៏ខ្វះនូវយុត្តិធម៌សង្គម ដែលយើងគិតថា ជាស្តង់ដានីតិរដ្ឋសំខាន់មួយ» នេះបើតាមសំដីរបស់លោក ព្រាប កុល ដែលបានប្រៀបធៀបការវិវត្តថ្មីៗនៃលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ទៅនឹងដំណើរចង្វាក់រាំប្រពៃណីខ្មែរមួយ «រាំទៅមុខ៣ជំហាន រាំមកក្រោយ៣ជំហាន។ លោកបានថ្លែងថា «វាទៅមុខយឺត» ហើយនៅក្នុងកាលៈទេសៈខ្លះ «ថយក្រោយមកវិញលឿនដែរ»។

វិធានការថ្មីៗនេះ ហាក់ដូចជាត្រូវបានរៀបចំឡើង ដើម្បីបំបិទមាត់ដៃគូប្រជែងរបស់លោក ហ៊ុន សែន ដែលបានចាប់ផ្តើមតាំងពីខែសីហាឆ្នាំមុននេះ។ ជាក់ស្តែង សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំង លោក ហុង សុខហួរ ត្រូវបានចាប់ខ្លួនពីបទក្លែងបន្លំឯកសារសាធារណៈ ពាក់ព័ន្ធនឹងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមឆ្នាំ១៩៧៩ បើទោះជារូបលោកនៅមានអភ័យឯកសិទ្ធិ ដែលអាចរួចផុតពីការកាត់ទោសក៏ដោយ។

ក្នុងខែតុលា ការធ្វើទុក្ខបុកម្នេញមកលើគណបក្សប្រឆាំង បានក្លាយទៅជាអំពើហិង្សា នៅពេលដែលតំណាងរាស្រ្តពីររូបនៃគណបក្សសង្គ្រោះជាតិ លោក ញ៉យ ចំរើន និងលោក គង់ សភា ត្រូវបានវាយ យ៉ាងដំណំនៅក្រៅអគាររដ្ឋសភាជាតិ ពីសំណាក់ក្រុមយុវជន ដែលទំនងជាមានទំនាក់ទំនងជាមួយគណបក្សកាន់អំណាច។ ក្រុមនេះទទួលបានសិទ្ធិទូលំទូលាយជាងក្នុងការធ្វើបាតុកម្ម។ ក្រុមបាតុករ បានទាមទារឲ្យលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង ចុះចេញពីតំណែងអនុប្រធានរដ្ឋសភា។ ការស៊ើបអង្កេតផ្លូវការលើការវាយដំនេះ ហាក់ជាប់គាំងនៅតុលាការអស់រយៈពេលយ៉ាងយូរ។

អ្នកសង្កេតការណ៍មើលឃើញថា លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ដើរថយក្រោយ

ការបំភិតបំភ័យ បានឈានដល់កម្រិតកំពូលនៅក្នុងខែមករា នៅពេលមានការចោទប្រកាន់បន្ថែមទៅលើលោក សម រង្ស៊ី ដែលរួមបញ្ចូលទាំងការចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធទៅនឹងការចែកចាយឯកសារក្លែងក្លាយរបស់លោក ហុង សុខហួរ លើបណ្តាញសង្គមហ្វេសប៊ុករបស់លោក។ បណ្តឹងបរិហាកេរ្តិ៍ប្រឆាំងលោក សម រង្ស៊ី ដែលត្រូវបានប្តឹងប៉ុន្មានឆ្នាំកន្លងមក ដោយអតីតរដ្ឋមន្រ្តីការបរទេស លោក ហោ ណាំហុង ត្រូវបានសើរើឡើងវិញយ៉ាងតក់ក្រហល់។ លោកក៏ត្រូវបានប្តឹងបន្ថែមពីបទបរិហាកេរ្តិ៍មួយទៀត ពីសំណាក់ប្រធានរដ្ឋសភា លោក ហេង សំរិន។

លោក សម រង្ស៊ី បាននិរទេសខ្លួនជាលើកទី៤។ «វប្បធម៌សន្ទនា» ដែលទទួលបានការសាទររវាងគណបក្សដៃគូប្រជែងទាំងពីរ ក្នុងការដោះស្រាយការខ្វែងគំនិតគ្នានៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ ត្រូវបានប្រេះស្រាំ មុនពេលមានចំណាត់ការខាងផ្លូវតុលាការទៅទៀត។

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួនក្នុងខែមេសា ដោយសារការបញ្ចេញមតិទៅលើបញ្ហាព្រំដែនកម្ពុជា-វៀតណាម។ ជាថ្មីម្តងទៀត អភ័យឯកសិទ្ធិសភា ត្រូវបានព្រងើយកន្តើយ ដោយហេតុផលថា លោកត្រូវបានចាប់ខ្លួននៅក្នុងបទល្មើសជាក់ស្តែង។ លោកត្រូវបានបដិសេធសំណើរសុំនៅក្រៅឃុំ ហើយបន្តជាប់ឃុំនៅក្នុងពន្ធនាគារ។

អ្នកសង្កេតការណ៍មើលឃើញថា លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ដើរថយក្រោយ

ការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទ ត្រូវបានបំផុសឡើង ដោយសកម្មជនយុវជនដែលត្រូវបានគេជឿថា មានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេស។ ក្រុមយុវជនបានទាមទារឲ្យលោក កឹម សុខា ប្រឈមនឹងចំណាត់ការផ្លូវច្បាប់ ចំពោះការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហា ដែលត្រូវបានបញ្ចេញតាមខ្សែអាត់ថតសម្លេង ដែលត្រូវបានបង្ហោះនៅលើបណ្តាញអ៊ីនធឺនេត។

អ្នកវិភាគនយោបាយ បុគ្គលិកអង្គការសង្គមស៊ីវិល និងសូម្បីតែបុគ្គលិកអង្គការសហប្រជាជាតិ ក៏ត្រូវជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវនេះដែរ។ ពួកគេមួយចំនួនត្រូវបានចោទប្រកាន់ថា បានពាក់ព័ន្ធនឹងការបង្ខំឱ្យស្រ្តី ដែលត្រូវបានគេសង្ស័យថាជាស្រីស្នេហ៍លួចលាក់របស់លោក កឹម សុខា ឱ្យបដិសេធការចោទប្រកាន់ជាសាធារណៈ។ ជាការឆ្លើយតប លោក កឹម សុខា នៅតែប្រកាន់ទស្សនវិទ្យារបស់លោក គឺ «មិនឆ្លើយ មិនឆ្លង មិនឈ្លោះ» ហើយសុខចិត្តប្រគល់ខ្លួនឱ្យតុលាការ ជាជាងការនិរទេសខ្លួន។

ទីភ្នាក់ងារសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានហៅចំណាត់ការនេះ ថាជា «ការធ្វើទុក្ខបុកម្នេញ ដែលមានការលើកទឹកចិត្តផ្នែកនយោបាយ» និងបានចាត់ទុកបណ្តឹងនេះថាជា «ដំណើរការដែលមិនអនុលោមទៅតាមច្បាប់ឱ្យបានត្រឹមត្រូវ»។ ទីភ្នាក់ងារនេះបាននិយាយថា បណ្តឹងបរិហាកេរ្តិ៍លើតំណាងរាស្រ្តគណបក្សប្រឆាំង និងការចាប់ខ្លួនបុគ្គលិកសមាគមន៍សិទ្ធិមនុស្សអាដហុក គឺជាការរំលោភបំពាន «សិទ្ធិជាសាកលនៃសេរីភាពក្នុងការបញ្ចេញមតិ »។

អ្នកសង្កេតការណ៍មើលឃើញថា លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ដើរថយក្រោយ

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានអះអាងថា រាជរដ្ឋាភិបាលបេ្តជ្ញាអនុវត្តនីតិរដ្ឋ ហើយបាននិយាយថា ចំណាត់ការថ្មីៗក្នុងការជម្រុញឱ្យមន្រ្តីរដ្ឋាភិបាល ឆ្លើយតបភ្លាមៗទៅសាធារណជនតាមរយៈប្រព័ន្ធផ្សព្វផ្សាយ គឺជាការបង្ហាញពីភាពប្រសើរឡើងនៃសេរីភាពក្នុងការបញ្ចេញមតិ។

លោកបានបន្តថា៖ «ការពង្រឹងរវាងការប្រើប្រាស់សិទ្ធិ និងការគ្រប់គ្រងសិទ្ធិដោយអាជ្ញាធរ ត្រូវតែឆ្លើយឆ្លងគ្នានៅក្នុងសង្គមប្រជាធិបតេយ្យ។»

ប៉ុន្តែ អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យល់ឃើញថា ចំណាត់ការថ្មីៗរបស់រដ្ឋាភិបាល បានធ្វើឲ្យស្ថានភាពនយោបាយមាន«ភាពតានតឹង»។ អ្នកស្រីបានបន្ថែមថា «វាជាសញ្ញាគម្រាមកំហែងដល់អង្គការសង្គមស៊ីវិលផ្សេងៗទៀត ដែលបានបំពេញតួនាទីស្រដៀងគ្នាក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស»។

អ្នកស្រី ចក់ សុភាព កត់សម្គាល់ថា មន្រ្តីរដ្ឋាភិបាលបានចំណាយពេលវេលាដ៏ច្រើនសន្ធឹកសន្ធាប់ធ្វើការទៅលើរឿងអាស្រូវផ្លូវភេទ និងការបង្ក្រាបជាបន្តបន្ទាប់។ អ្នកស្រី បានបន្ថែមថា រដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិល ហាក់បីដូចជានិយាយភាសាពីរផ្សេងគ្នា និងបកស្រាយអត្ថន័យនៃនីតិរដ្ឋ និងសេរីភាពក្នុងការបញ្ចេញមតិខុសគ្នា។

អ្នកស្រី បានបន្តថា «គ្មាននរណាប្រឆាំងនឹងអ្វីដែលរដ្ឋាភិបាលហៅថាសន្តិភាព និងការអភិវឌ្ឍទេ។ តាមពិត សង្គមស៊ីវិលកំពុងចូលរួមជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋវិញទេ»៕

ប្រភពៈ VOA