ឃើញអត់! គ្មានអីចំណេញសោះ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូមានល្បឿនលឿនពេក​ ក៏​​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉កម៉ូតូ​​កង់៣​​មួយ​គ្រឿង​ពី​ក្រោយ បណ្ដាល​ឱ្យ​រង​របួស​ដាច់​មុខដាច់​មាត់ និង​រលាត់​ដៃជើង​៣​នាក់ ដែល​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​១៥ មិថុនា ស្ថិត​នៅ​លើ​ផ្លូវ​២១៧ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

បុរស​ជា​ម្ចាស់​ម៉ូតូ​​ឈ្មោះ​វឿ​ន វ័យ អាយុ​៣២​ឆ្នាំ ជា​កម្មករ​សំណង់ រស់នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​បុរស​ម្នាក់​ទៀត​មិន​បាន​ស្គាល់ឈ្មោះ ។ ចំណែក​ខាង​រ៉ឺ​ម៉កម៉ូតូ​ឈ្មោះ​អែម រស់ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រៃ​រាំង​១ ក្រុង​តា​ខ្មៅ ខេត្ត​កណ្ដាល ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រ៉ឺ​ម៉ក​ម៉ូតូ​មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AM 7222 ​ឌុបស្ត្រីម្នាក់​ ធ្វើ​ដំណើរ​​តាម​ផ្លូវ​២១៧ ​ក្នុងទិស​ដៅ​ពី​កើត​ទៅ​លិច ។ លុះមក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​បុរស​២​នាក់ជិះ​ម៉ូតូ​ម៉ាក​អ៊ែ​រ​ប្ល៊ែ​ត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AR 7400 ក្នុង​ទិស​ដៅ​ស្របគ្នា​មាន​ល្បឿន​លឿន​​ក្នុងស្ថានភាពស្រវឹង​ផង ក៏​ជ្រុល​បុក​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​ពី​ក្រោយ​​ពេញទំហឹង បណ្តាល​ឱ្យ​រ៉ឺ​ម៉ក​ម៉ូតូ​បត់​ក្បាល​ត្រលប់​ក្រោយ​វិញ ។ ​

ក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​ពីរ​បាន​ចរចា​គ្នា ដោយ​ខាង​រ៉ឺ​ម៉ក​ទារ​សំណង​១០០​ដុល្លារ តែ​ខាង​ម៉ូតូ​បង្ក​អត់​មាន​លុយ​សង​ទេ ។  សមត្ថកិច្ច​បាន​ម៉ូតូ​ទាំង​២​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ដើម្បី​ធ្វើការ​ដោះស្រាយ​។