លោកយាយ​អាយុ​73​ឆ្នាំ​ដើរ​រើស​អេ​ត​ចាយ​ឆ្លងខេត្ត​ចិញ្ចឹម​ចៅ​កំព្រា​3​នាក់

ខេត្តកំពង់ចាម ៖ ផ្ទះ​ឈើ​១​ខ្នង​ទំហំ​៦​គុណ​៧​ម៉ែត្រ​ប្រក់​ស័ង្កសី ដែល​មាន​តែ​សម្បក​ផ្ទះ មាន​សមាជិក​ក្រុម​គ្រួសារ​៤​នាក់​ស្នាក់​នៅ ស្ថិត​ក្នុងភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ក្នុង​នោះ​មាន​លោកយាយ​អាយុ​៧៣​ឆ្នាំ ប្រកប​របរ​ដើរ​រើស​អេ​ត​ចាយ​រហូត​ដល់​ក្រុង​កំពង់ចាម តាំងពី​ព្រលឹម​រហូត​ដល់​យប់​ទើប​វិល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ដើម្បី​ចិញ្ចឹម​ចៅ​កំព្រា​ប្រុស​ស្រី​៣​នាក់ ។

លោកយាយ​ម្នាក់​ឈ្មោះ ហៀ​ក មាឃ  អាយុ​៧០​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​ថា រូប​គាត់​បាន​ស្គាល់​យាយ បូ អាយ  តាំង​តែ​ពី​ឆ្នាំ​១៩៧០ ដោយ​គាត់​បាន​ទិញ​អុស​ពី​អ្នក​ភូមិ​យក​ទៅ​លក់​នៅ​ក្រុង​កំពង់ចាម គ្រា​ដែល​សាឡា​ង​ទន្លេ​បិទ​នៅ​ឆ្លង​ទៅ​មក ។ លុះ​ពេល​ស្ពាន​គី​ហ៊្សុ​ណា​បាន​សាងសង់​រួច គាត់​ក៏​បាន​ប្តូរ​មុខរបរ​មក​រើស​អេ​ត​ចាយ​វិញ ដើម្បី​ចិញ្ចឹម​ចៅប្រុស​ស្រី​៣​នាក់ គឺ​បាន​១​ថ្ងៃ​ហូប​១​ថ្ងៃ មាន​ពេល​ខ្លះ​អ្នក​ភូមិ​ពេល​មាន​បាយ​សម្ល​ឆ្ងាញ់ ក៏​ដួស​មក​ជូន​លោកយាយ​ពិសា​ដែរ ព្រោះ​អាណិត​គាត់​វ័យ​កាន់តែ​ចាស់​ហើយ ប៉ុន្តែ​ត្រូវ​រ៉ាប់រង​រកស៊ី​ចិញ្ចឹម​ចៅ​ៗ​ទៀត ។

លោកយាយ បូ អាយ  អាយុ​៧៣​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​ថា បងប្អូន​របស់​គាត់​ស្លាប់​អស់ហើយ គឺ​សព្វថ្ងៃ​មាន​តែ​ម្នាក់ឯង​គត់​ដោយ​ទទួល​រ៉ាប់រង​បីបាច់​ថែរក្សា​ចិញ្ចឹម​ចៅ​៣​នាក់​មាន ១-​ឈ្មោះ ចាន់ ធី ភេទ​ស្រី អាយុ​១៧​ឆ្នាំ  ២-​ឈ្មោះ ចាន់ ធា ភេទ​ស្រី អាយុ​១៣​ឆ្នាំ និង​៣-​ឈ្មោះ ចាន់ ធូ ភេទ​ប្រុស អាយុ​៧​ឆ្នាំ ។

លោកយាយ​បាន​រៀបរាប់​ពី​ជីវិត​គ្រួសារ​គាត់​ថា មាន​ពេល​មួយ​កាលពី​៧​ឆ្នាំ​មុន​គាត់​បាន​ចេញ​ទៅ​ច្រូតស្មៅ​ឲ្យ​គេ​នៅ​ម្តុំ​ហាង​បឹង​ទន្លេ​មាស ឃុំ​ទន្លេ​បិទ ។ ខណៈ​កំពុង​អង្គុយ​ច្រូត ក៏​ត្រូវ​ម៉ូតូ​មក​បុក​គាត់​បាក់ជើង​ទាំង​សងខាង ហើយ​ត្រូវ​បាន​នាំ​ទៅ​ព្យាបាល​នៅ​គ្រូខ្មែរ​ថ្នល់ទទឹង ឃុំ​ជប់​។ ចំណែក​កូនស្រី​ពៅ​របស់​គាត់​ឈ្មោះ បូ សេត  អាយុ​៣៦​ឆ្នាំ បាន​សម្រាលកូន​ប្រុស​ពៅ​ទី​៣​នៅ​មន្ទីរពេទ្យ ។ ក្រោយ​ពី​ត្រឡប់​មក​ដល់​ផ្ទះ​វិញ  មិន​បាន​នៅ​អាំងភ្លើង​ឱ្យ​រឹង​ដៃ​រឹង​ជើងទេ​បែរជា​ប្រឹងប្រែង​ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ​គាត់​នៅផ្ទះ​គ្រូ​ខ្មែរ​ទាំង​កូនខ្ចី ។ លុះ​កូនស្រី​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ទាស់​ស្លាប់​ចោល​គាត់ ទាំង​មិន​បាន​មើល​មុខ​កូន​ជា​លើក​ចុង​ក្រោយ​ផង ដោយសារ​គាត់​ត្រូវ​នៅ​ដេក​ព្យាបាល​នៅផ្ទះ​គ្រូខ្មែរ​អស់​៧​ខែ​។ កូនស្រី​គាត់​ស្លាប់​ចោល​កូន​ទើបតែ​អាយុ​បាន​១​ខែ ដូច្នេះ​បន្ទុកគ្រួសារ​ត្រូវ​បាន​ធ្លាក់​ទៅ​លើ​គាត់​ជា​អ្នក​ចិញ្ចឹម​បីបាច់​យ៉ាង​លំបាក ។

ក្រោយមក​មិន​បាន​ប៉ុន្មាន​ផង កូនប្រសា​ប្រុស​ឈ្មោះ ណៃ ឃាន អាយុ​៤១​ឆ្នាំ ក៏​ស្លាប់​ទៀត ដោយសារ​ក្អួត​ធ្លាក់ឈាម​គ្រាំគ្រា   ក្រោយ​ពី​ទៅ​ធ្វើ​ជា​កម្មករ​លី​សែង​នៅ​មាត់ទន្លេ បាក់កម្លាំង ។

អ្នកគ្រូ សុខ ផា​រី  បង្រៀន​នៅ​សាលា​បឋម​សិក្សា​ទន្លេ​បិទ ឲ្យ​ដឹង​ថា  ចៅប្រុស​របស់​លោកយាយ បូ អាយ ឈ្មោះ ចាន់ ធូ ជា​កូនសិស្ស​របស់​គាត់ ។ តាម​ការ​សង្កេត គេ​មក​សិក្សា​មិន​បាន​ទៀងទាត់​ទេ ដោយសារ​តែ​ស្ថានភាព​ជីវភាព​ក្រីក្រ មាន​ពេល​ខ្លះ​ត្រូវ​ទៅ​ដើរ​រើស​អេ​ត​ចាយ​ជាមួយនឹង​ជីដូន​របស់​គេ​នៅ​ក្រុង​កំពង់ចាម ។ ការ​ហូប​ចុក​ក៏​មិនសូវ​គ្រប់គ្រាន់​ទៀត ពេល​ខ្លះមក​រៀន​មិន​មាន​លុយ​ចាយ​បាន​មិត្តភក្ដិ​ឲ្យ​នំចំណី​ហូប ចំ​ណែ​អ្នកគ្រូ​បាន ផ្តល់​សម្ភារ​សិក្សា​មាន​សៀវភៅ ខ្មៅ​ដៃ និង​របស់​ផ្សេង​ៗ​ទៀត មិន​ដែល​យក​លុយ​ពី​កុមារ​កំព្រា​នេះ​ទេ ទោះបី​ជីវភាព​អ្នកគ្រូ​ក៏​ជួប​បញ្ហា​ក្ដី ៕