បែកធ្លាយ ដោយសារ​ស្ទាវ​២​ក្រុម​វ៉ៃ​គ្នា​តាម​ផ្លូវ

រាជធានី​ភ្នំពេញ ៖ ស្ទាវ​ឈាមរាវ​២​ក្រុម​បាន​ដេញ​វ៉ៃ​គ្នា​តាម​ផ្លូវ​ដូច​រឿង​ហុងកុង ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ល្បាត​ចុះ​ទៅ​ឃាត់​តែ​មិន​ព្រម​ឈប់​ទេ​ថែម​ទាំង​ប្រុង​វ៉ៃ​សមត្ថកិច្ច​អាវុធ​ហត្ថ​ថែម​ទៀត ក៏​ត្រូវ​សមត្ថកិច្ច​ហៅ​កម្លាំង​បន្ថែម​ចាប់​ទាំងអស់​តែ​ម្តង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​មុខ​មន្ទីរពេទ្យ​សែន​សុខ តាម​បណ្ដោយ​ផ្លូវ​១៩៨៦ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពេល​កម្លាំង​សមត្ថកិច្ច កំពុងធ្វើការ​ល្បាត​ទប់ស្កាត់​បទល្មើស​តាម​មូលដ្ឋាន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​មាន​ក្រុម​ក្មេង​ស្ទាវ​២​ក្រុម ម្ខាង​មាន​៣​នាក់ ឯ​ម្ខាង​ទៀត​មាន​៥​នាក់ ដេញ​វាយ​គ្នា​យ៉ាង​អនា​ធិប​តេយ្យ​តាម​ផ្លួ​វ​សាធារណៈ មិនតែប៉ុណ្ណោះ​ទេ​ពេល​កម្លាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​បាន​ធ្វើការ​ឃាត់កុំ​ឲ្យ​វ៉ៃ​គ្នា​ ក្រុម​ក្មេង​ស្ទាវ​ដែល​មាន​គ្នា​៥​នាក់​មិន​ព្រម​ស្ដាប់​នោះ​ឡើយ ដោយសារ​តែ​ពួក​គេ​ម្នាក់​ៗ​ស្រវឹង​ឡើង​ជោគ​ទៅ​ហើយ ហើយ​ថែម​ទាំង​បាន​យក​ដុំ​ថ្ម​កាន់​នៅ​នឹង​ដៃ​បំណង​ចង់វាយ​តបត​ជាមួយ​កម្លាំង​អាវុធហត្ថ​ថែម​ទៀត​ផង ទើប​កម្លាំង​អាវុធហត្ថ​បាន​ទាក់ទង​ហៅ​កម្លាំង​មក​បន្ថែម​ទៀត​ទើប​អាច​រារាំង​យុវជន​ឈាមរាវ​ទាំងនោះ​បាន ហើយ​នាំ​ខ្លួន​យក​ទៅ​សួរនាំ​នៅ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ ។

ក្រោយ​ពេល​កើតហេតុ នៅ​លើ​ខ្លួន​ខាង​ក្រុម​មាន​គ្នា​៣​នាក់ អាវុធហត្ថ​បាន​រក​ឃើញ​ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច​ហើយ​ពេលធ្វើការ​សួរនាំ​អ្នក​ទាំង​៣​នាក់​នោះ​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​បាន​ទិញ​ថ្នាំ​ញៀន​ពី​ម្ដុំ​ត្រឡោក​បែក​ដែល​ជា​សំបុក​ថ្នាំ​ញៀន​មិន​ចាញ់​តំបន់​ត្រពាំង​ឈូក​ប៉ុន្មាន​នោះ​ទេ ដោយ​ក្នុង​១​កញ្ចប់​នោះ​តម្លៃ​៥​ដុល្លារ​បំណង​យក​ទៅ​ជក់​នៅ​បន្ទប់​ជួល ហើយ​ពេល​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ស្រាប់តែ​មាន​ក្រុម​អ្នក​ដើរ​តាម​ផ្លូវ​ចំនួន​៥​នាក់​បាន​ដើរ​រេរា​ពេញ​ផ្លូវ ពេល​នោះ​ក្រុម​ដែល​មាន​គ្នា​៣​នាក់​នោះ​បាន​ជិះ​ម៉ូតូ​ចៀស​ក្រុម​បុរស​ដែល​ដើរ​នោះ ហើយ​ក្រុម​អ្នក​ដើរ​៥​នាក់​នោះ​បាន​បោះពាក្យ​ថា អី​ក៏​ជិះ​ម៉ូតូ​ឡូយ​ម៉េ​ស​ហ្អា៎ ពេល​នោះ​ក្រុម​អ្នក​ជិះ​ម៉ូតូ​៣​នាក់​នោះ​បាន​ស្រែក​ឲ្យ​វិញ ក៏​កើតជា​រឿង​ដេញ​វាយ​គ្នា ហើយ​ត្រូវ​បាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ធ្វើការ​ឃាត់ខ្លួន​បាន​ទាំងអស់ ។

ប្រភព​ពី​អាវុធហត្ថ​ខណ្ឌ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​ដែល​រក្សា​ទុក​ថ្នាំ​ញៀន​១​កញ្ចប់​នោះ​មាន ១-​ឈ្មោះ ស៊ី​ម ឡេ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខ​របរ​ជាងដែក ស្នាក់​នៅផ្ទះ​ជួល​នៅ​ម្តុំ​សំរោង​អណ្ដែត មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​គាំ ឃុំ​ព្រៃ​គាំ ស្រុង​មង្គល​បូ​រី ខេត្តតាកែវ​, ២-​ឈ្មោះ ហេង ហេ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ  និង ៣-​ឈ្មោះ សុ​ន កុសល ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ និង មានស្រុក​កំណើត​ជាមួយ​គ្នា ដោយ​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1O-3522 ។

ក្រោយ​ពេល​កើតហេតុ អ្នក​ទាំង​បី​ដែល​មាន​លាក់​ទុក​ថ្នាំ​ញៀន​១​កញ្ចប់​តូច​នៅ​លើ​ខ្លួន​ត្រូវ​បាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​កាន់​អាវុធហត្ថ​ក្រុង រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ ចំណែកឯ​អ្នក​ទាំង​៥​នាក់​ផ្សេង​ទៀត​ត្រួ​វ​បាន​អាវុធហត្ថ​យក​មក​ធ្វើការ​អប់រំ ហើយ​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​ធម្មតា ៕