ប្រាក់​ចំណូល​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ទាំង​24​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់ Euro 2016

យោង​តាម​គេហទំព័រ Daily Mail បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ទាំង​២៤ ដែល​ដឹកនាំ​កីឡាករ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​យូ​រ៉ូ​២០១៦ មាន​តែ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស Roy Hodgson ទេ​ ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ដទៃ​ទៀត​។

ខាងក្រោម​នេះ​ជា​ប្រាក់​ចំណូល​របស់​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ទាំង​២៤​ប្រទេស​៖

១-Roy Hodgson ៖ ៥​លាន​ដុល្លារ
គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស អាយុ​៦៨​ឆ្នាំ​រូប​នេះ ជា​អតីត​ខ្សែការពារ​ក្លិប​Crystal Palace អំឡុង​ឆ្នាំ​១៩៦៥-១៩៦៦​។ លោក​បាន​ចាប់​អាជីព​ជា​គ្រូបង្វឹក​ដំបូង​ឱ្យ​ក្លិប Halmstads តាំងពី​ឆ្នាំ​១៩៧៦​មក​ម្ល៉េះ និង​ចាប់ផ្តើម​បង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស បន្ទាប់​ពី​ការ​លាលែង​របស់​អតីត​គ្រូបង្វឹក Fabio Capello ក្នុង​ឆ្នាំ​២០១២ ។ ជាមួយ​គ្នា​នេះ​ដែរ​លោក​ក៏​បង្វឹក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២១​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១៣​ផង​ដែរ​។

២-Antonio Conte ៖ ៤,៤ លាន​ដុល្លារ
គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អីុ​តា​លី អាយុ​៤៦​ឆ្នាំ​រូប​នេះ ជា​អតីត​ខ្សែបម្រើ​ក្លិប Juventus អំឡុង​ឆ្នាំ​១៩៩១-២០០៤ ។ លោក​ចាប់​អាជីព​ជា​គ្រូបង្វឹក​ដំបូង​ក្នុង​ក្លិប Arezzo ឆ្នាំ​២០០៦ និង​ដឹកនាំ​ក្លិប Juventus ឆ្នាំ​២០១១-២០១៤ ក្រោយមក​ទើបត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អុ​ី​តា​លី​ក្នុង​ឆ្នាំ​២០១៤ បន្ទាប់​ពី​ការ​ចាកចេញ​របស់​លោក Cesare Prandelli ។

៣-Fatih Terim ៖ ៣,៨ លាន​ដុល្លារ
គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​តួ​ក​គី អាយុ​៦២​ឆ្នាំ​រូប​នេះ ជា​អតីត​ខ្សែការពារ​ក្រុម​ជម្រើសជាតិ​តួ​ក​គី អំឡុង​ឆ្នាំ ១៩៧៥-១៩៨៥​។ លោក​ចាប់​អាជីព​ជា​គ្រូបង្វឹក​ដំបូង​ក្នុង​ក្លិប​Ankaragucu ឆ្នាំ​១៩៨៧-១៩៨៩ និង​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​តួ​ក​គី​ម្តង​នៅ​ឆ្នាំ​១៩៩៣-១៩៩៦ និង​ជា​លើក​ទី​ពីរ​នៅ​ឆ្នាំ​២០០៥-២០០៩​។ ក្រោយមក​លោក​ត្រូវ​បាន​តែង​តាំង​​ជា​ថ្មី​នៅ​ឆ្នាំ​២០១៣ រហូត​មក​ទល់​បច្ចុប្បន្ន​។

៤-Joachim Low ៖ ៣​លាន​ដុល្លារ
គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ វ័យ​៥៦​ឆ្នាំ​រូប​នេះ ជា​អតីត​ខ្សែប្រយុទ្ធ​ក្លិប​Stuttgart នៅ​ឆ្នាំ​១៩៨០-១៩៨១ ។ លោក​ចាប់​អាជីព​ជា​គ្រូបង្វឹក​ក្លិប Stuttgart នៅ​ឆ្នាំ​១៩៩៦-១៩៩៨ និង​ជា​ជំនួយការ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​នៅ​ឆ្នាំ​២០០៤-២០០៦ ក្រោយមក​ទើបត្រូវ​បាន​តែងតាំង​ពេញ​សិទ្ធិ​នៅ​ឆ្នាំ ២០០៦ មក​ទល់​បច្ចុប្បន្ន​នេះ​។

៥-Vicente Del Bosque ៖ ២,៨ លាន​ដុល្លារ
គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ វ័យ​៦៥​ឆ្នាំ​រូប​នេះ ជា​អតីត​ខ្សែបម្រើ​ក្លិប Real Madrid អំឡុង​ឆ្នាំ​១៩៦៨-១៩៨៤​។ លោក​ចាប់​អាជីព​ជា​គ្រូបង្វឹក​ដំបូង​ឱ្យ​ក្លិប Real Madrid ក្នុង​ឆ្នាំ​១៩៩៤ និង​ដឹកនាំ​ជា​ថ្មី​នៅ​ឆ្នាំ​១៩៩៩-២០០៣ ។ នៅ​ឆ្នាំ ២០០៤-២០០៥ លោក បាន​ដឹកនាំ​ក្លិប Besiktas និង​ក្រោយមក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​នៅ​ឆ្នាំ​២០០៨ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​។

៦-Didier Deschamps ៖ ១,៨​លាន​ដុល្លារ
គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បារាំង វ័យ​៤៧​ឆ្នាំ​រូប​នេះ ជា​អតីត​ខ្សែបម្រើ​ក្លិប Chelsea អំឡុង​ឆ្នាំ​១៩៩៩-២០០០​។ លោក​ចាប់​អាជីព​ជា​គ្រូបង្វឹក​ដំបូង​ឱ្យ​ក្លិប Monaco ក្នុង​ឆ្នាំ ២០០១-២០០៥ ក្រោយមក​ដឹកនាំ​ក្លិប Juventus នៅ​ឆ្នាំ ២០០៦-២០០៧ ព្រមទាំង​មក​កាន់​ក្លិប Marseille នៅ​ឆ្នាំ ២០០៩-២០១២ ។ លោក ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បារាំង​ក្នុង​ឆ្នាំ​២០១២​។

៧-Marcel Koller ៖ ១,៦​លាន​ដុល្លារ
គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អូ​ទ្រី​ស​(​ជនជាតិ​ស្វ៊ី​ស​)​អាយុ​៥៥​ឆ្នាំ​រូប​នេះ ជា​អតីត​ខ្សែបម្រើ​ឱ្យ​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស​អំឡុង​ឆ្នាំ​១៩៨២-១៩៩៦​។ លោក​ចាប់​អាជីព​ជា​គ្រូបង្វឹក​នៅ​ក្នុង​ក្លិប Koln នៅ​ឆ្នាំ​២០០៣-២០០៤ និង​ក្លិប Bochum ពី​ឆ្នាំ​២០០៥-២០០៩​។ លោក​ត្រូវ​បាន​ផ្លាស់​មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អូ​ទ្រី​ស​តាំងពី​ឆ្នាំ​២០១១ មក​ម្ល៉េះ​។

៨-Martin O’Neill ៖ ១,៤​លាន​ដុល្លារ
គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​សាធារណរដ្ឋ​អៀរ​ឡង់ (​សញ្ជាតិ​អង់គ្លេស​)​អាយុ​៦៤​ឆ្នាំ​រូប​នេះ ជា​អតីត​ខ្សែបម្រើ​ក្លិប Man City អំឡុង​ឆ្នាំ ១៩៨១-១៩៨២​។ លោក​ចាប់​អាជីព​ជា​គ្រូបង្វឹក​នៅ​ក្នុង​ក្លិប Leicester នៅ​ឆ្នាំ​១៩៩៥-២០០០ និង​បន្ត​ដឹកនាំ​ក្លិប Aston Villa នៅ​ឆ្នាំ​២០០៦-២០១០ ទើប​ផ្លាស់​មក​ក្លិប​Sunderland នៅ​ឆ្នាំ​២០១១-២០១៣​។ លោក​ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​សាធារណរដ្ឋ​អៀរ​ឡង់​នៅ​ឆ្នាំ​២០១៣​។

៩-Fernando Santos ៖ ១,៣​លាន​ដុល្លារ
គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ អាយុ​៦១​ឆ្នាំ​រូប​នេះ ជា​អតីត​ខ្សែការពារ​ក្លិប Estoril អំឡុង​ឆ្នាំ​១៩៧៣-១៩៨៧ ។ លោក​ចាប់​អាជីព​ជា​គ្រូបង្វឹក​នៅ​ក្នុង​ក្លិប Estoril នៅ​ឆ្នាំ​១៩៨៨-១៩៩៤ និង​បន្ត​មក​ដឹកនាំ​ក្លិប Porto នៅ​ឆ្នាំ​១៩៩៨-២០០១ ទើប​មក​ដឹកនាំ​ក្លិប Sporting នៅ​ឆ្នាំ​២០០៣-២០០៤​។ លោក​ត្រូវ​បាន​ផ្លាស់​មក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​នៅ​ឆ្នាំ​២០១៤​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​។

១០-Bernd Storck ៖ ១,១​លាន​ដុល្លារ
គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ហុង​គ្រី (​សញ្ជាតិ​អា​ល្លឺ​ម៉​ង់​) វ័យ​៥៣​ឆ្នាំ​រូប​នេះ ជា​អតីត​ខ្សែការពារ​ក្លិប Dortmund អំឡុង​ឆ្នាំ ១៩៨៣-១៩៨៩ ។ លោក​ចាប់​អាជីព​ជា​គ្រូបង្វឹក​ក្លិប Almaty នៅ​ឆ្នាំ​២០០៨ និង​បន្ត​មក​ដឹកនាំ​ក្លិប Kazakhstan នៅ​ឆ្នាំ​២០០៨-២០១០​។ នៅ​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ លោក ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ហុង​គ្រី និង​ក្រុម​អាយុ​ក្រោម​២១​ឆ្នាំ​ទៀត​ផង​។

១១-Vladimir Petkovic ៖ ៨១​ម៉ឺន​ដុល្លារ
គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស (​សញ្ជាតិ​ក្រូ​អាស៊ី​) អាយុ​៥២​ឆ្នាំ​រូប​នេះ ជា​អតីត​ខ្សែបម្រើ​ក្លិប Sarajevo អំឡុង​ឆ្នាំ​១៩៨១-១៩៨៤​។ លោក​ចាប់​អាជីព​ជា​គ្រូបង្វឹក​ក្លិប​Bellinzona នៅ​ឆ្នាំ​១៩៩៧-១៩៩៨ និង​បន្ត​មក​ដឹកនាំ​ក្លិប Lazio នៅ​ឆ្នាំ​២០១២-២០១៤​។ នៅ​ឆ្នាំ ២០១៤ លោក​ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ស្វ៊ី​សម​ក​ទល់​បច្ចុប្បន្ន​នេះ​។

១២-Marc Wilmots ៖ ៧៣​ម៉ឺន​ដុល្លារ
គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ិ​ក អាយុ​៤៧​ឆ្នាំ​រូប​នេះ ជា​អតីត​ខ្សែបម្រើ​ប្រយុទ្ធ​ក្លិប Bordeaux អំឡុង​ឆ្នាំ​២០០០-២០០១ និង​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​របស់​ខ្លួន​នៅ​ឆ្នាំ​១៩៩០-២០០២ ។ លោក​ធ្លាប់​ធ្វើ​ជា​គ្រូបង្វឹក​បណ្ដោះអាសន្ន​ឱ្យ​ក្លិប Schalke នៅ​ឆ្នាំ​២០០៣ និង​បន្ទាប់​មក​ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ិ​ក​ចាប់តាំងពី​ឆ្នាំ​២០១២​មក​ម្ល៉េះ ។

១៣-Lars Lagerback ៖ ៤៩​ម៉ឺន​ដុល្លារ
គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អុ​ី​ស្លង់ (​សញ្ជាតិស៊ុ​យ​អែ​ត​)​អាយុ​៦៧​ឆ្នាំ​រូប​នេះ ជា​អតីត​កីឡាករ​របស់​ក្លិប Gimonas អំឡុង​ឆ្នាំ ១៩៧០-១៩៧៤​។ លោក​ធ្លាប់​ធ្វើ​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ស៊ុ​យ​អែ​ត​នៅ​ឆ្នាំ​២០០០-២០០៩ និង​ផ្លាស់​ទៅ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា​នៅ​ឆ្នាំ​២០១០​។ លោក​ត្រូវ​បាន​ផ្លាស់​មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អុ​ី​ស្លង់​នៅ​ឆ្នាំ​២០១១​។

១៤-Michael O’Neill ៖ ៣៥​ម៉ឺន​ដុល្លារ
គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង  អាយុ​៤៦​ឆ្នាំ​រូប​នេះ ជា​អតីត​ខ្សែបម្រើ​ក្លិប Newcastle អំឡុង​ឆ្នាំ​១៩៨៧-១៩៨៩ និង​ផ្ទេរ​មក​ក្លិប Dundee នៅ​ឆ្នាំ​១៩៨៩-​១៩៩៣​។ លោក​ចាប់​អាជីព​ជា​គ្រូបង្វឹក​ក្លិប Brechin នៅ​ឆ្នាំ​២០០៦-២០០៨ ទើប​បន្ត​មក​ដឹកនាំ​ក្លិប Shamrock Rovers នៅ​ឆ្នាំ​២០០៩-២០១១​។ លោក​ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង​ចាប់តាំងពី​ឆ្នាំ ២០១១​មក​ម្ល៉េះ​។

១៥-Chris Coleman ៖ ២៨​ម៉ឺន​ដុល្លារ
គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​វែ​ល អាយុ​៤៦​ឆ្នាំ​រូប​នេះ ជា​អតីត​ខ្សែការពារ​ក្លិប Swansea អំឡុង​ឆ្នាំ​១៩៨៧-១៩៩១ និង​ផ្លាស់​មក​លេង​ក្នុង​ក្លិប Crystal Palace នៅ​ឆ្នាំ​១៩៩១-​១៩៩៥ ទើប​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​នៅ​ក្លិប Fullham ក្នុង​ឆ្នាំ​១៩៩៧-២០០២​។ លោក​ចាប់​អាជីព​ជា​គ្រូបង្វឹក​ដំបូង​ឱ្យ​ក្លិប​Full Ham នៅ​ឆ្នាំ​២០០៣-២០០៧ និង​ផ្លាស់​មក​ដឹកនាំ​ក្លិប Real Sociedad នៅ​ឆ្នាំ​២០០៧-២០០៨ ។ លោក​ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​វែ​ល​នៅ​ឆ្នាំ​២០១២​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​។

១៦-Adam Nawalka ៖ ២៨​ម៉ឺន​ដុល្លារ
គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ប៉ូ​ឡូញ អាយុ​៥៨​ឆ្នាំ​រូប​នេះ ជា​អតីត​ខ្សែបម្រើ​ក្លិប Wisla Krakow អំឡុង​ឆ្នាំ​១៩៧៥-១៩៨៥ និង​ជាប់​ឈ្មោះ​ជា​កីឡាករ​ជម្រើសជាតិ​ប៉ូ​ឡូញ​នៅ​ឆ្នាំ​១៩៧៧-១៩៨០​។ លោក​ចាប់​អាជីព​ជា​គ្រូបង្វឹក​ដំបូង​ឱ្យ​ក្លិប Wisla Krakow នៅ​ឆ្នាំ ២០០០-២០០២ រួច​បន្ត​ទៅ​ដឹកនាំ​ក្លិប Gornik Zabrze នៅ​ឆ្នាំ ២០១០-២០១៣ ។ លោក​ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ប៉ូ​ឡូញ​ឈុត​ធំ​នៅ​ឆ្នាំ​២០១៣​។

១៧-Ante Cacic ៖ ២៧​ម៉ឺន​ដុល្លារ
គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី អាយុ​៦២​ឆ្នាំ​រូប​នេះ ពុំ​ធ្លាប់​ជាប់​ឈ្មោះ​ជា​កីឡាករ​ក្លិប​ណាមួយ​ឡើយ ប៉ុន្តែ​រូប​លោក​ចាប់​អាជីព​ជា​គ្រូបង្វឹក​នៅ​ឆ្នាំ​១៩៨៦​មក​ម្ល៉េះ​ឱ្យ​ក្លិប​Prigorje Markusevec និង​ត្រូវ​បាន​ផ្លាស់​មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​លី​ប៊ី​អាយុ​ក្រោម​២១​ឆ្នាំ​នៅ​ឆ្នាំ​២០០៥-២០០៦ ។ លោក​ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​នៅ​ចុងឆ្នាំ​២០១៥​។

១៨-Pavel Vrba ៖ ២៥​ម៉ឺន​ដុល្លារ
គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​សាធារណរដ្ឋ​ឆែក អាយុ​៥២​ឆ្នាំ​រូប​នេះ ជា​អតីត​កីឡាករ​ក្លិប Banik Ostrava អំឡុង​ឆ្នាំ​១៩៨៤-១៩៨៥ និង​ផ្លាស់​មក​លេង​នៅ​ក្លិប Banik Havirov នៅ​ឆ្នាំ​១៩៨៥-១៩៩៣ ។ លោក​ចាប់​អាជីព​ជា​គ្រូបង្វឹក​ដំបូង​ឱ្យ​ក្លិប​Banik Ostrava នៅ​ឆ្នាំ​២០០៣ និង​ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ សាធារណរដ្ឋ​ឆែក​នៅ​ឆ្នាំ​២០១៤​។

១៩-Erik Hamren ៖ ២២​ម៉ឺន​ដុល្លារ
គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ស៊ុ​យ​អែ​ត អាយុ​៥៨​ឆ្នាំ​រូប​នេះ ជា​អតីត​កីឡាករ​ក្លិប Ljusdal មុន​ចាប់​អាជីព​ជា​គ្រូបង្វឹក ។ នៅ​ឆ្នាំ​១៩៨៧-១៩៨៨ លោក​ចាប់​អាជីព​ជា​គ្រូបង្វឹក​ដំបូង​ក្នុង​ក្លិប​Enkopings និង​ត្រូវ​បាន​ផ្លាស់​ជា​បន្តបន្ទាប់​ចុង​ក្រោយ​ក្នុង​ក្លិប Rosenborg នៅ​ឆ្នាំ​២០០៨-២០១០ ។ លោក​ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ស៊ុ​យ​អែ​ត​នៅ​ឆ្នាំ​២០០៩ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​។

២០-Gianni de Biasi ៖ ២២​ម៉ឺន​ដុល្លារ
គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាល់​បា​នី (​សញ្ជាតិ​អីុ​តា​លី​)​អាយុ​៥៩​ឆ្នាំ​រូប​នេះ ជា​ខ្សែបម្រើ​ក្លិប Inter អំឡុង​ឆ្នាំ​១៩៧៥-១៩៧៦ និង​ផ្លាស់​មក​លេង​ក្នុង​ក្លិប Palermo នៅ​ឆ្នាំ​១៩៨៣-១៩៨៦​។ លោក​ចាប់​អាជីព​ជា​គ្រូបង្វឹក​ដំបូង​ក្នុង​ក្លិប Vastese នៅ​ឆ្នាំ​១៩៩២-១៩៩៣ និង​ផ្លាស់​ជា​បន្តបន្ទាប់​ចុង​ក្រោយមក​ក្លិប​Udinese នៅ​ឆ្នាំ​២០០៩-២០១០ ។ លោក​ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​អាល់​បា​នី​នៅ​ឆ្នាំ​២០១១​។

២១-Jan Kozak ៖ ២០​ម៉ឺន​ដុល្លារ
គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ស្លូ​វ៉ា​គី អាយុ​៦២​ឆ្នាំ​រូប​នេះ ជា​អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​ស្លូ​វ៉ា​គី​អំឡុង​ឆ្នាំ​១៩៧៦-១៩៨៤​។ លោក​ចាប់​អាជីព​ជា​គ្រូបង្វឹក​ដំបូង​ក្នុង​ក្លិប
Lokomotiva Kosice នៅ​ឆ្នាំ​១៩៩៣-១៩៩៥ និង​ផ្លាស់​មក​ដឹកនាំ​ក្លិប VSS Kosice នៅ​ឆ្នាំ ២០០៥-២០១៣ និង​ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ស្លូ​វ៉ា​គី​នៅ​ចុងឆ្នាំ​២០១៣ ។

២២-Maykhaylo Fomenko ៖ ១៥​ម៉ឺន​ដុល្លារ
គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អ៊ុយ​ក្រែ​ន អាយុ​៦៧​ឆ្នាំ​រូប​នេះ ជា​អតីត​ខ្សែការពារ​ក្លិប​Dynamo អំឡុង​ឆ្នាំ​១៩៧២-១៩៧៩​។ លោក​ចាប់​អាជីព​ជា​គ្រូបង្វឹក​ដំបូង​ក្នុង​ក្លិប​Desna Chernihiv នៅ​ឆ្នាំ​១៩៨៥-១៩៨៦ និង​ត្រូវ​បាន​ផ្លាស់​ប្តូរ​ជា​បន្តបន្ទាប់​ចុង​ក្រោយ​ក្នុង​ក្លិប Salyut Belgorod នៅ​ឆ្នាំ​២០១០-២០១១​។ លោក​ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អ៊ុយ​ក្រែ​ន​នៅ​ឆ្នាំ​២០១២​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​។

២៣-Anghel Iordanescu ៖ ១៣​ម៉ឺន​ដុល្លារ
គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​រូ​ម៉ា​នី អាយុ​៦៦​ឆ្នាំ​រូប​នេះ ជា​អតីត​ខ្សែប្រយុទ្ធ​ក្លិប​Steaua Bucuresti អំឡុង​ឆ្នាំ​១៩៨៦-១៩៨២ និង​ផ្លាស់​មក​លេង​ក្នុង​ក្លិប OFI Crete នៅ​ឆ្នាំ​១៩៨២-១៩៨៤​។ លោក​ចាប់​អាជីព​ជា​គ្រូបង្វឹក​ដំបូង​ក្នុង​ក្លិប Steaua Bucuresti នៅ​ឆ្នាំ​១៩៨៦-១៩៩០ និង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​រូ​ម៉ា​នី​៣​ដង​នៅ​ឆ្នាំ​១៩៩៣-១៩៩៨ បន្ត​មក​ឆ្នាំ ២០០២-២០០៤ និង​ចុង​ក្រោយ​នៅ​ឆ្នាំ​២០១៤ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​។

២៤-Leonid Slutsky ៖ គ្មាន
គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​រុ​ស្ស៊ី អាយុ​៤៥​ឆ្នាំ​រូប​នេះ ជា​អតីត​អ្នកចាំទី​ក្លិប Zvezda Gorodishche អំឡុង​ឆ្នាំ​១៩៨៩ ។ លោក​ចាប់​អាជីព​ជា​គ្រូបង្វឹក​ដំបូង​ក្នុង​ក្លិប Olimpia Volgograd នៅ​ឆ្នាំ​២០០០ និង​ផ្លាស់​មក​ក្លិប CSKA Moscow នៅ​ឆ្នាំ​២០០៩​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ ។ លោក​ត្រូវ​បាន​ប្រកាស​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​រុ​ស្ស៊ី​នៅ​ឆ្នាំ​២០១៥​បន្ទាប់​ពី​ការ​ចាកចេញ​របស់​លោក Fabio Capello ។ កិច្ចសន្យា​របស់​លោក​នឹង​ត្រូវ​ផុត​ផង​ដែរ​បន្ទាប់​ពី​ព្រឹត្តិការណ៍ Euro 2016 នេះ​ត្រូវ​បាន​បញ្ចប់ ៕