ហ៊ុន សែន ថា​លោក​ដឹកនាំ​តាម​បែប​«រដ្ឋាភិបាល​អេឡិចត្រូនិក»

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែងដោយមោទនភាពថា លោកកំពុងដឹកនាំប្រទេសកម្ពុជា តាម​បែប​«រដ្ឋាភិបាល​អេឡិចត្រូនិក» ដែលភាសាអង់គ្លេស ហៅថា «E-Government»។
ហ៊ុន សែន ថា​លោក​ដឹកនាំ​តាម​បែប​«រដ្ឋាភិបាល​អេឡិចត្រូនិក»

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថតសហការី)

នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអួតអាង នៅថ្ងៃព្រហស្បត្តិ៍ទី១៦ ខែមិថុនានេះ ពីរបៀបដឹកនាំ​ប្រទេស​របស់​លោក ដែលលោកហៅថា ជារបៀបដឹកនាំ តាមបែប«រដ្ឋាភិបាល​អេឡិចត្រូនិក» ហៅតាមភាសាអង់គ្លេស «E-Government»។ បើស្ដាប់មួយភ្លែត ហាក់ដូចជាសម្បើមបន្តិច តែលោក ហ៊ុន សែន គួរ​ពន្យល់​ឲ្យ​គេឯង​ដឹង​ផង​ថា តើ​«រដ្ឋាភិបាល​អេឡិចត្រូនិក»នេះ មានតាមតែរយៈហ្វេសប៊ុករបស់លោក ឬយ៉ាងណា។

ថ្លែងនៅក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់អគារមួយ នៃសាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល លោក ហ៊ុន សែន បានសំដែងក្ដីសោមនស្​សរបស់លោក ជុំវិញទំនាក់ទនងរវាងលោក និងបណ្ដាអ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ​ របស់លោក។ លោកនាយករដ្ឋមន្ត្រី បានចាប់ផ្ដើមអះអាងថា៖ «តាំង​ពីខ្ញុំលេងហ្វេសប៊ុកមក ទទួលសំណូមពរពីគ្រប់ទិស ហើយស្ដាប់បានរឿង រួចហើយពិចារណាយល់ និង​ដោះស្រាយ»។

បុរសខ្លាំងកម្ពុជា បានបន្តទៀតថា៖ «អញ្ចឹង បានជាផេក (Page-ទំព័រ) ហ្វេសប៊ុករបស់ខ្ញុំ ដែលមានអ្នកគាំទ្រ (?) ជិតបួនលានកន្លះ - ខ្ញុំមិនប្រណាំងប្រជែង ជាមួយនរណាទាំងអស់ - ប៉ុន្តែខ្ញុំប្រើហ្វេសប៊ុក តាម​របៀប​រដ្ឋាភិបាល​អេឡិចត្រូនិក E-Government។ អញ្ចឹង ខ្ញុំដឹងបញ្ហា យើងដោះ(ស្រាយ)​ទាន់បញ្ហា។»

ការលើកឡើងរបស់លោក ហ៊ុន សែន ខាងលើនេះ បានបង្កឲ្យមានចំងល់សួរថា តើអ្វីទៅ ជា​«រដ្ឋាភិបាល​អេឡិចត្រូនិក ឬ E-Government»? តើប្រព័ន្ធ រដ្ឋាភិបាលអេឡិចត្រូនិក វាចាំបាច់សម្រាប់ប្រទេសកម្ពុជា និង​មាន​ធ្វើឡើង តាមតែរយៈអ៊ិនធើណែតប៉ុណ្ណោះឬ? ពីទីក្រុង ម៉ុងរ៉េអាល់ ប្រទេសកាណាដា លោក សុធា មេត្តា វិស្វករ​ផ្នែកបច្ចេកវិទ្យា បានពន្យល់ពីករណីនេះ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដូចខាងក្រោម។

«រដ្ឋាភិបាលអេឡិចត្រូនិក» ហៅតាមភាសាអង់គ្លេស «E-Government» ឬតាមភាសាបារាំង «Administration électronique» ត្រូវបានគេឲ្យ​ជានិយមន័យខ្លីថា ជាការប្រើប្រាស់បច្ចេកវិទ្យា នៃប្រព័ន្ធព័ត៌មានវិទ្យា (ឬតាម​ប្រព័ន្ធ​អ៊ិនធើណែត) និងការប្រស្រ័យទាក់ទង ពីសំណាក់​រដ្ឋបាល​សាធារណៈ ដើម្បីផ្ដល់ទៅឲ្យពលរដ្ឋ នូវ​មធ្យោបាយ​ដែល​ងាយបំផុត សម្រាប់ទទួលមកវិញ នូវសេវាកម្មសាធារណៈទាន់ចិត្ត និងមានលទ្ធផល​តាម​ការ​រំពឹង។

លោក សុធា មេត្តា បានថ្លែងថា ភាសាខ្មែរយើងគួរប្រើពាក្យនេះ មកជា«រដ្ឋបាលអេឡិចត្រូនិក»វិញ វាមាន​អត្ថន័យ​ត្រូវជាង ព្រោះប្រើពាក្យ​«រដ្ឋាភិបាលអេឡិចត្រូនិក» វាហាក់ដូចជាខ្លាំងពេក និងមិនមានវិសាលភាព ទៅ​តាម​​អត្ថន័យ​នៃ​ពាក្យនេះ ដែលចង់សំដៅ ទៅដល់រដ្ឋបាលថ្នាក់មូលដ្ឋាន ដែលត្រូវតែផ្ដល់សេវាកម្ម​សាធារណៈ​​នេះ​ដូចគ្នា។ លោកបានលើក​ជាឧទាហរណ៍ថា ពលរដ្ឋនៅក្នុងខេត្តស្វាយរៀង ដែលចង់បាន​លិខិត​បញ្ជាក់ ពី​សំបុត្រ​កំណើត ឬចង់​រក​មើលព័ត៌មាន​អ្វីផ្សេងៗ នៅនឹងភូមិឃុំរបស់ខ្លួន គេអាចចូលទៅកាន់​គេហទំព័រ​របស់​សាលា​ឃុំ ឬ​សាលា​ស្រុក នៃតំបន់ដែលពួកគាត់រស់នៅ ហើយស្វែងរកសេវាកម្មទាំងនេះ នៅ​លើ​គេហទំព័រ​នោះ​ដោយ​ផ្ទាល់​តែម្ដង តែមិនមែនគ្រប់គ្នា ត្រូវចូលមកទំព័រហ្វេសប៊ុក របស់នាយករដ្ឋមន្ត្រី​នោះ​ឡើយ។

ផ្ទុយទៅវិញ លោក សុធា មេត្តា បានពន្យល់ថា ការបើកឲ្យពលរដ្ឋ​ចូលមកកាន់គេហទំព័រតែមួយ ជា​ពិសេស​ទំព័រ​ហ្វេសប៊ុក របស់នាយករដ្ឋមន្ត្រី វាអាចខុសពីតួនាទី របស់នាយករដ្ឋមន្ត្រី ដែលតាមធម្មតា លោកត្រូវធានា​ឲ្យ​មានសេវាកម្មទាំងនេះ ទៅដល់ភូមិឃុំ ឬទៅដល់ស្ថាប័នតូចៗផ្សេងទៀត (ដូចជាសកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​ជាដើម)។

លោកវិស្វការ បានអះអាងថា៖ «បើគ្រប់គ្នា ចេះតែចូលមកទំព័រហ្វេសប៊ុកលោកនោះ អញ្ចឹង​មនុស្ស​រាប់​លាន​នាក់សួរមក តើលោក ហ៊ុន សែន អាចឆ្លើយទៅទាំងអស់រួចដែរឬ? ហើយ​លោក​នាយក​រដ្ឋមន្ត្រី​ចាំបាច់ ត្រូវ​ពិចារណា​ដែរថា តើប្រព័ន្ធអ៊ិនធើណែត បានទៅដល់ដៃពលរដ្ឋ នៅស្រុកស្រែចំការ បាន​ប៉ុន្មាន​ភាគ​រយ​ហើយ? E-government មានអត្ថន័យគ្របដណ្ដប់ ទៅលើប្រព័ន្ធអ៊ិនធើណែត តែមិនមែនគ្របដណ្ដប់ ទៅ​លើ​តែ​ទំព័រ​ហ្វេសប៊ុក របស់​លោក​នោះទេ។»៕