ក្រុម​​គីរី​​ដង​រែក​ កំពុង​​បណ្ដុះ​បណ្ដាល​​ថ្នាល​​​យុវជន​ U-16​

ក្រុម​បាល់​ទាត់​គីរី​ដងរែក​ ខេត្ត​សៀមរាប​ ដែល​បង្កើត​ឡើង​បាន​ជាង​ពីរ​ឆ្នាំ​នោះ ឥឡូវ​បង្កើត​ក្រុម​​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ (​U16)  ដើម្បី​​ជា​ទំពាំង​ស្នង​ឫស្សី​របស់​ក្រុម​ខណៈ​​បាល់ទាត់​កំពុង​ស្រូប​បាន​ការ​គាំទ្រ​ខ្លាំង។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​លោក អ៊ុក សារ៉េត គ្រូ​បង្ហាត់​ក្លឹប​គិរី​ដងរែក​យុវជន​អាយុ​ក្រោម ១៦ ឆ្នាំ ដល់ Sabay កាល​ពី​ពេល​ថ្មីៗ​នេះ។

 

អតីត​កីឡាករ​ចាំ​ទី​​ជម្រើស​ជាតិ​ទសវត្ស​៦០​​ លោក អ៊ុក សារ៉េត បាន​ប្រាប់​ឲ្យ​ដឹង​ថា ឥឡូវ​ក្លឹប​បាន​បង្កើត​ក្រុម​យុវជន​​មួយ​ទៀត ខណៈ​​ក្រុម​ធំ​កំពុង​​​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​កាល​ពី​ពេល​កន្លង​មក។ ​ក្រុមយុវជន​​ថ្មី​អាយុ​ក្រោម​ ១៦ ឆ្នាំ នេះ នឹង​ក្លាយ​ជា​​ធន​ធាន​​កីឡាករ​ដ៏​សំខាន់​នា​ពេល​​​ខាង​មុខ។

 

ក្រុម​​គីរី​​ដង​រែក​ កំពុង​​បណ្ដុះ​បណ្ដាល​​ថ្នាល​​​យុវជន​ U-16​

 លោក អ៊ុក សារ៉េត 

 

គ្រូ​បង្វឹក​វ័យ ៦៩ ឆ្នាំ​រូប​នេះ បាន​ឲ្យ​ដឹង​ថា ក្រុម​​យុវជន​របស់​លោក​​នេះ​ទើប​តែ​ចាប់​ផ្ដើម​ហ្វឹកហាត់​ប៉ុណ្ណោះ ដោយ​បច្ចុប្បន្ន​មាន​កីឡាករ​សរុប​ចំនួន៣០ នាក់​ ដែល​ចំណាយ​ពេល​វេលា​ហ្វឹកហាត់​ពី​ថ្ងៃ​ច័ន្ទ-សុក្រ រៀងរាល់​ពេល​រសៀល​នៅ​វិទ្យាល័យ​អង្គរ ខេត្ត​សៀមរាប។

 

“ឥឡូវ​ពួកគេ​កំពុង​ទទួល​ការ​ហ្វឹកហាត់​នៅ​ឡើយ​នៅ​មិនទាន់​បាន​ត្រៀម​ការ​ប្រកួត​នោះ​ទេ ប៉ុន្តែ យើង​សង្ឃឹម​ថា នឹង​មាន​ការ​ប្រកួត​ឆាប់​ៗ​នេះ”។ លោក អ៊ុក សារ៉េត និយាយ។

 

លោក អេង ស៊ីនតារា អ្នក​ចាត់​ការ​ទូទៅ ក្លឹប​គីរី​ដងរែក បាន​និយាយ​ដែរ​ថា ក្លឹបគិរី​ដងរែក បង្កើត​ក្រុម U-១៨ នៅ​ក្នុង​ឆ្នាំ ២០១៤ ឥឡូវ​ក្រុម​​ U-១៦ ទើប​តែ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​នេះ​មួយ​ទៀត។ កន្លង​មក​ក្លឹបគិរី​ដងរែក ធ្លាប់​ជាប់​ចំណាត់​ថ្នាក់​លេខ ២ ទូទាំង​ខេត្ត និង ធ្លាប់​​លើក​ពាន​ Tiger Street Football ពីរ​ឆ្នាំ​ជាប់​គ្នា៕

 

ក្រុម​​គីរី​​ដង​រែក​ កំពុង​​បណ្ដុះ​បណ្ដាល​​ថ្នាល​​​យុវជន​ U-16​

 

អត្ថបទ៖ វិបុត្រ