បាត់​មុខ​ពី​ពិភព​សិល្បៈ​1​ឆ្នាំកញ្ញា​អា​នី​តា​ទៅ​សម្ងំ​រកស៊ី

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អា​នី​តា បាត់​មុខ​ពី​ពិភព​សិល្បៈ​ជិត​១០​ឆ្នាំ​ងាក​ទៅ​សម្ងំ​បើកមុខ​របរ​ផ្ទាល់ខ្លួន ។ ចុង​ក្រោយ​នេះ​អា​នី​តា​ទើបតែ​បើកហាង​សាឡ​ន​មួយទៀត ។
ហាង​ថ្មី​របស់​កញ្ញា​អា​នី​តា បោះទុន​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក គឺ​ហាង​សាឡ​ន​ធ្វើ​សក់​លំដាប់ V.I.P ។ នេះ​គឺជា​ហាង​ទី​២ របស់​អា​នី​តា​បន្ទាប់​ពី​ហាង​ធ្វើ​ក្រចក​ទី​១​នៅ​ជិត​គ្នា​នោះ ។
កាលពី​ពេល ថ្មី​ៗ​កន្លង​មក​កញ្ញា​អា​នី​តា បើក​សម្ពោធ​ហាង​របស់​ខ្លួន​នៅ​តាម​ដង​វិ​ថី​សុធារស​ដោយ​មាន​ភ្ញៀវ​ជនជាតិ​ចិន និង​មិត្តភក្តិ​របស់​នាង​ជា​ច្រើន​ចូលរួម ។

តារា​សម្តែង​អា​នី​តា​ប្រាប់​អ្នក​សារព័ត៌មាន​ឱ្យ​ដឹង​ថា ហាង​របស់​នាង​ចំណាយ​ប្រាក់​អស់​ប្រហែល​ជាង​១០​ម៉ឺន​ដុល្លារ ស្រប​ពេល​នាង​មាន​ហាង​ជិត​គ្នា​នេះ​មួយទៀត ។ ទុន​ច្រើន​នេះ​មិនមែន​ជា​របស់​អា​នី​តា​ម្នាក់​ទេ គឺ​នាង​រកស៊ី​ជាមួយ​ជនជាតិ​ចិន ។ ម្ចាស់​ភាគហ៊ុន​ម្នាក់​ដែល​រកស៊ី​ជាមួយ​គ្នា​នោះ​អា​នី​តា​បដិសេធ​ជា​មិនមែន​ជា​សង្សារ​របស់​នាង​ទេ ។
អា​នី​តា បាន​សម្រាក​ពី​ការងារ​សិល្បៈ​ប្រហែល​១០​ឆ្នាំ​មក​ហើយដោយ​សារ​តែ​រវល់​ការងារ​រកស៊ី និង​មាន​បញ្ហា​សុខភាព​លើ​ផ្ទៃមុខ​។ ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ​អា​នី​តា បើកហាង​លក់​សម្លៀក​បំពាក់ និង​ហាង​សាឡ​ន​ជា​ច្រើន​កន្លែង ។ ក្រោយ​ពី​សម្រាក​ពី​ការងារ​សិល្បៈ​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មក​នោះ អា​នី​តា​បាន​ចេញ​មុខជា​ថ្មី ដោយ​ចូលរួម​សម្តែង​ក្នុង​រឿង «​ណា​រ៉ូ​សា​ម៉ា​លី​» និង​រឿង​«​កូនក្រមុំ​២៥០០ » ។ ក្រៅពី​នោះ​បាន​ថត​ស្ប៉ត​ឱ្យ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​នៅ​ប្រទេស​ថៃ ។
កញ្ញា​អា​នី​តា​បញ្ជាក់​ថា ហាង​របស់​នាង​មាន​នារី​ធ្វើ​សក់​ប្រហែល​២០​នាក់​សម្រាប់​ទទួល  ភ្ញៀវ ។ ក្នុងអំឡុងពេល​បើកហាង​ថ្មី​នេះ មានកម្ម​វិធី​ពិសេស​សម្រាប់​១០​ថ្ងៃ​ដំបូង គឺ​ភ្ញៀវ​ណា​ទៅ​១០​លើក​នឹង​ធ្វើ​សក់​ជូន​មួយ​លើក​អត់​គិតថ្លៃ ។
បើក​ដំណើរការ​អាជីវកម្ម​នេះ​នឹង​ធ្វើ​ឱ្យ​អា​នី​តា​មិន​មាន​ពេល​ច្រើន​សម្រាប់​ការងារ​សិល្បៈ​ទេ ប៉ុន្តែ​នាង​នឹង​ឆ្លៀតពេល​ខ្លះ ៕ ខាត់ សា​មឿ​ន