ភរិយា​លោក​ស៊ុ​ក សុភា គ្រោង​រៀបចំ​ប្រគំ​តន្ត្រី​នៅ​អូស្ត្រាលី​ជួយ​ជន​ក្រីក្រ និង​ក្រុម​គ្រួសារ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​ភរិយា​លោក​ស៊ុ​ក សុភា ដែល​រស់នៅ​អូស្ត្រាលី នឹង​រៀបចំ​គម្រោង​ប្រគំ​តន្ត្រី​យក​ប្រាក់​ជួយ​ក្រុម​គ្រួសារ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ព្រមទាំង​ជួយ​ដល់​ជន​ក្រីក្រ​នៅ​កម្ពុជា ។

នេះ​ចាត់​ទុក​ថា​ជា​ផែនការ​ធំ​ថ្មី​មួយទៀត​បន្ទាប់​ពី​កាលពី​ពេល​កន្លង​ទៅ​លោក​ស៊ុ​ក សុភា​និង​ភរិយា​អ្នក​នាង​សារី​ន​ណា ទើបតែ​ទទួល​បាន​ជោគជ័យ​លើ​គម្រោង​ប្រគំ​តន្ត្រី​លក់​សំបុត្រ​ជា​ទ្រង់ទ្រាយ​ធំ​ដោយ​ទទួល​បាន​ប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ។ បើ​ទោះជា​លោក​ស៊ុ​ក សុភា លាឈប់​ពី​អាជីព​សិល្បៈ​ទៅ​សាង​អនាគត​ថ្មី​នៅ​ទឹកដី​អូស្ត្រាលី​ជាមួយ​ភរិយា​បែប​ណា​ក្តី​ក៏​លោក និង​ភរិយា​តែងតែ​គិតគូរ​ការងារ​មនុស្សធម៌​ជួយ​ដល់​សង្គម​កម្ពុជា ។

អ្នក​នាង​សារី​ន​ណា ជា​ម្ចាស់​មូលនិធិ SS Fundraiser កាលពី​ពេល ថ្មី​ៗ​កន្លង​មក បញ្ជាក់​តាម​សារ​អេ​ឡិច​ត្រូ​និក​ឱ្យ​ដឹង​ថា ផែនការ​ប្រគំ​តន្ត្រី​របស់​មូលនិធិ​នឹង​អញ្ជើញ​តារា​ល្បី​មួយ​ចំនួន​ពី​កម្ពុជា​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី ។ ការ​នាំ​តារា​ពី​កម្ពុជា​ទៅ​សម្តែង​នោះ ដើម្បី​ផ្តល់​ការ​កម្សាន្ត​ផង និង​បង្កើត​បរិយាកាស​រវាង​តារា​ខ្មែរ​ជាមួយ​ជនរួមជាតិ​ខ្មែរ​នៅ​ឯនាយ​សមុទ្រ ផង ព្រមទាំង​រក​ប្រាក់​សប្បុរសធម៌​សម្រាប់​ជួយ​ដល់​ជន​ក្រីក្រ​នៅ​កម្ពុជា និង​ជួយ​ដល់​ក្រុម​គ្រួសារ​របស់​កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន​ផង ។ ជនរួមជាតិ​ខ្មែរ​នៅ​អូស្ត្រាលី​មាន​ទឹកចិត្ត​សោកស្តាយ​ចំពោះ​ការ​បាត់បង់​កវី​ឆ្នើម​គ​ង្គ ប៊ុ​ន​ឈឿ​ន ។

ភរិយា​របស់​ស៊ុ​ក សុភា ឱ្យ​ដឹង​ថា នាង​និង​ស្វាមី​ទើបតែ​សម្រេច​បង្កើត​កម្មវិធី​នោះ​ដោយ​កំណត់​យក​ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១៦ ជា​កាល​វេលា​ប្រគំ​តន្ត្រី ។

តាម​គម្រោង​នឹង​ជ្រើសរើស​តារា​ល្បីឈ្មោះ​នៅ​កម្ពុជា​ចំនួន​២​នាក់​ទៅ​សម្តែង ប៉ុន្តែ​សុំ​លាក់​ឈ្មោះ​សិន ។

អ្នក​នាង​សារី​ណា សន្យា​ថា នឹង​ខ្នះខ្នែង​ជួយ​រក​ប្រាក់​ឱ្យ​បាន​ច្រើន ។ ទោះជា​ការ​ប្រគំ​តន្ត្រី​នោះ​មិនសូវ​បាន​ប្រាក់​ច្រើន​ក៏​នឹង​អំពាវ​បន្ត​ទៀត​ឱ្យ​បាន​សម​ល្មម ហើយ​គិត​ថា​សល់​ប្រាក់​អាច​នឹង​យក​ជួយ​សង់​ចេតិយ ឬ​រូបសំណាក​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ។

មូលនិធិ SS Fundraisser  ធ្លាប់​បាន​រៃ​អង្គាសប្រាក់​ជួយ​សាងសង់​អណ្តូងទឹក​ស្អាត សង់​អគារសិក្សា បង្គន់ សាងសង់​ផ្ទះ​ដល់​ជន​ទុរគត និង​ជួយ​ដល់​ជន​ក្រីក្រ​ជា​ច្រើន ។ មូលនិធិ​ទើបតែ​បាន​ប្រគល់​ប្រាក់​១​ម៉ឺន​ដុល្លារ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៥ ៕