អ្នក​និពន្ធបទ​ “ស៊ូ​ឃ្លាត” រក​បាន​ទ្រនំ​ ផលិត​តែ​បទ​ Original​​​​

តាំង​ពី​ដើម​មក​លោក​ អឹម រតនៈ គឺ​ជា​អ្នក​និពន្ធ​ស្នាដៃ​បទ​ថ្មី​ឯក​រាជ្យ​ម្នាក់​ ដោយ​មិន​មាន​ចំណុះ​ក្នុង​ផលិត​កម្ម​ណា​ឡើយ។ ដោយ​ឡែក​ប៉ុន្តែ​ថ្មី​ៗ​នេះ​ លោក​ប្រាប់​ថា ​រក​បាន​កន្លែង​មួយ​សម្រាប់​ជ្រក​ហើយ​ គឺ​ផលិតកម្ម​ “សិលារីខត” ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​អ្នក​និពន្ធ​បទ​ Original។

 

អឹម រតនៈ ថ្លែង៖ “ឥឡូវ​នេះ​បង​ចូល​ក្នុង​ផលិតកម្ម​ហើយ ក្នុង​នោះ​​រាល់​បទ​ចម្រៀង​ដែល​បង​តែង​ពី​មុន​ បង​នឹង​ដាក់​ចូល​ក្នុង​ផលិត​កម្ម​​នេះ​។ ការ​សម្រេច​ចិត្ត​ចូលលើក​នេះ​ ដោយសារ​តែ​ត្រូវ​នឹង​គោលការណ៍​​ និង​ចិត្ត​គំនិត​បង​”។

 

អ្នក​និពន្ធ​បទ​ “ស៊ូឃ្លាត” បន្ថែម៖ “និយាយ​រួម​ទៅ​ផលិត​កម្ម​នេះ​ ឲ្យ​តែ​អ្នក​ណា​មាន​ទេពកោសល្យ​ខាង​ស្នាដៃ​និពន្ធ​ថ្មី​​ គឺ​គេ​ទទួល​ទាំង​អស់​ នេះ​ជា​អ្វី​ដែល​បង​ស្រលាញ់​ និង​ចង់​បាន​ ម្យ៉ាង​គេ​ឲ្យ​តម្លៃ​លើ​អ្នក​មាន​ស្នាដៃ​និពន្ធ​បទ​ថ្មី​មិន​ចម្លង​ពី​បរទេស “។

 

អ្នក​និពន្ធបទ​ “ស៊ូ​ឃ្លាត” រក​បាន​ទ្រនំ​ ផលិត​តែ​បទ​ Original​​​​

រូបភាព​៖ ហ្វេស​ប៊ុក​ Tin Mark

 

អឹម រតនៈ ហៅ Tin Mark​ បន្ថែម​ទៀត​ថា ​​​ផលិត​កម្ម​ សិលា​រីខត​ ​​​មិន​ទាម​ទារឲ្យ​អ្នក​និពន្ធ​ទាំង​អស់​​ចេញ ​២ទៅ​៣អាល់ប៊ុម​​ក្នុង​មួយ​ខែ​នោះ​ទេ។ អ្វី​ដែល​​សំខាន់​គុណភាព និង​ចង់​ប្រមូល​ផ្ដុំ​ទៅ​ដោយបទ​ចម្រៀង​ ​Original សម្រាប់​ប្រទេស​កម្ពុជា​ ​។

 

ជាមួយ​គ្នា​នេះ​ផង​ដែរ​ Tin Mark ​អះ​អាង​ថា ​សព្វ​ថ្ងៃ​ ដោយសារ​កម្លាំង​ចិត្ត​បងប្អូន​ងាក​មក​គាំ​ទ្រ​ស្នាដៃ​ Original ច្រើន​ ​លោក​រឹត​តែ​មាន​ទឹកចិត្ត​តស៊ូ​ផលិត​បទ​ថ្មីៗ​ សម្រាប់​ប្រទេសជាតិ​ដែរ។

 

រតនៈ បញ្ជាក់​​ថា​៖ “ដរាប​ណា​ទាំង​អស់​គ្នា​ មាន​ឆន្ទៈ​​ធ្វើ​បទ​ចម្រៀង​ស្នាដៃ​និពន្ធ​ថ្មី​បាន​ច្រើន​ នោះ​ប្រទេស​យើង​មិន​ខ្លាច​គេ​វាយ​តម្លៃ​ថា​ យើង​យក​បទ​ថៃ ឬ បរទេស​មក​ច្រៀង​ទៀត​ឡើយ ម្យ៉ាង​ទៀត​ យើង​មិន​ភ័យ​ព្រួយ​រឿង​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស ​យក​បទ​គេ​ច្រៀង​ទៀត​ទេ”៕

 

​​អត្ថបទ៖ ថា ម៉ាលីដា