សាក្សី ឌុច ថា ជន​ជាប់​ចោទ នួន ជា ជា​អ្នក​បញ្ជា​ឱ្យ​ថតរូប​អ្នក​ទោស​បន្ទាប់​ពី​សម្លាប់​ហើយ

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ពុធ ទី​១៥ ខែ​មិថុនា បន្ត​ធ្វើ​សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច។ ការ​ផ្ដល់​សក្ខីកម្ម​ចូល​ដល់​ថ្ងៃ​ទី​៦ សាក្សី ឌុច អះអាង​ថា ការ​ថត​រូប​អ្នក​ទោស​នៅ​គុក​ទួលស្លែង គឺ​ធ្វើ​តាម​បញ្ជា​របស់​ជនជាប់ចោទ នួន ជា។

សាក្សី ឌុច ជម្រាប​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ថា អតីត​មេ​ដឹកនាំ​របស់​លោក គឺ​ជនជាប់ចោទ នួន ជា ជា​អ្នក​បញ្ជា​ឱ្យ​លោក​ថត​រូប​អ្នកទោស​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​កម្មាភិបាល​មន្ទីរ ស-២១៖ «រូបថត​ដែល​ចាប់​ផ្ដើម​ថត​ដំបូង គឺ​រូបថត​របស់ លី ផែល ហៅ ផែន ហើយ​រូប​ថត​ចុង​ក្រោយ គឺ​របស់​បង វន បង ហុក ហើយ​និង​មិត្ត ណាត។ ឯ​ចំណែក​ក្នុង​ចន្លោះ​នោះ មិន​ដឹង​នរណា​ខ្លះ ក៏​ប៉ុន្តែ​ដូច​ជា​រូបថត​បស្ចិម​ប្រទេស​ផង។ ខ្ញុំ​សុំ​បញ្ជាក់​ជា​រួម​ថា រូបថត ទាំង​មនុស្ស​ដែល​សម្លាប់​ហើយ ទាំង​មនុស្ស​ដែល​ទើប​នឹង​សម្លាប់ គឺ​បង នួន បញ្ជា។ នេះ​ខ្ញុំ​អត់​ធ្វើ​ចិត្ត​ឯង​បាន​ទេ។ បង​បញ្ជា​ថា "ថត​រូប​ឱ្យ​ផង"។ ហ្នឹង​សម្ដី​គាត់ ខ្ញុំ​នៅ​ចាំ។ ខ្ញុំ​និយាយ​ពី​សតិ​អារម្មណ៍​របស់​ខ្ញុំ ចំពោះ​ការ​ដែល​ខាង​លើ​ទារ​រូបថត ខ្ញុំ​ថា ធ្វើ​ការ​បើ​មិន​ទុក​ចិត្ត​ខ្ញុំ ប្រើ​ខ្ញុំ​ធ្វើ​អី។ នេះ​សតិ​អារម្មណ៍​ខ្ញុំ។ តែ​ឱ្យ​គេ​សម្លាប់ គេ​សម្លាប់​ហើយ កុំ​ភ័យ!»

ការ​ផ្ដល់​សក្ខីកម្ម​របស់​សាក្សី ឌុច បាន​ភ្ជាប់​ការ​ពាក់ព័ន្ធ​របស់​ជន​ជាប់​ចោទ នួន ជា ជា​បន្ត​បន្ទាប់ ទៅ​នឹង​ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស​ជាង​មួយ​ម៉ឺន​ពីរ​ពាន់ (១២.៧០០) នាក់ នៅ​គុក​ទួល​​ស្លែង ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដាក់​ឈ្មោះ​ថា មន្ទីរ​សន្តិបាល ស-២១។

សាក្សី ឌុច បញ្ជាក់​ថា មន្ទីរ ស-២១ ជា​មន្ទីរ​របស់​នគរបាល​ខ្មែរក្រហម​ដែល​ស្ថិត​ក្រោម​ការ​បញ្ជា​ផ្ដាច់​មុខ​ពី​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​កម្ពុជា។ជា​ពិសេស​ជនជាប់ចោទ នួន ជា ជា​អ្នក​បញ្ជា​លោក​ផ្ទាល់ នៅ​ក្នុង​ការ​ចាប់ចង ឃុំឃាំង​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ រួច​ហើយ​សម្លាប់​ចោល។

លោក​ថា​មន្ទីរ ស-២១ មិន​ដែល​ដោះលែង​អ្នក​ទោស​ឱ្យ​រួច​ខ្លួន​វិញ​ឡើយ។ អ្នក​ទោស​សំខាន់ៗ មាន​ឋានៈ​ខ្ពស់ ត្រូវ​បាន​គេ​ឃុំ​ឃាំង​សួរ​ចម្លើយ​យូរ ដែល​មាន​ចម្លើយ​សារភាព​រាប់​រយ​ទំព័រ មុន​នឹង​គេ​យក​ទៅ​សម្លាប់។ ឯកសារ​ចម្លើយ​សារភាព រូបថត និង​ឯកសារ​ទាក់ទង​នៅ​មន្ទីរ ស-២១ រាប់​ពាន់​សន្លឹក​បាន​បន្សល់​ទុក​ជា​ភស្តុតាង​ក្រោយ​របប​ខ្មែរក្រហម​ដួល​រលំ​នៅ​ខែ​មករា ឆ្នាំ​១៩៧៩។

ទាក់ទង​នឹង​ការ​បន្សល់​ទុក​ជា​ភស្តុតាង​នេះ សាក្សី ឌុច ឱ្យ​ដឹង​ថា ជន​ជាប់​ចោទ នួន ជា បាន​ស្ដី​បន្ទោស​លោក ដែល​បាន​មិន​បាន​បំផ្លាញ​ឯកសារ​សន្ធឹកសន្ធាប់​នៅ​មន្ទីរ​សន្តិសុខ ស-២១ ទាំង​នោះ​ចោល៖ «នួន ជា ស្ដី​ឱ្យ ឌុច ដែល​មិន​បាន​កម្ទេច​ឯកសារ​នៅ ស-២១ ចោល»

សាក្សី ឌុច រំឭក​ជា​ថ្មី​ថា ជន​ជាប់​ចោទ នួន ជា បញ្ជា​លោក​ឱ្យ​សម្លាប់​អ្នក​ទោស​ទាំង​អស់​នៅ​មន្ទីរ​ស-២១ ក្នុង​នោះ​ក៏​មាន​ក្មួយ​របស់​គាត់​ដែរ។ លោក​ថា អ្នក​ទោស​ដែល​គេ​សម្រេច​ចាប់​មក​ហើយ​ ត្រូវ​បាន​គេ​ចាត់​ថា​ជា​ខ្មាំង​ទាំង​អស់។ នៅ​ពេល​ដែល​អ្នក​ទោស​​ក្លាយ​ទៅ​ជា​ខ្មាំង គេ​ត្រូវ​តែ​សួរ​ចម្លើយ ហើយ​សម្លាប់​ចោល។ អ្នក​ទោស​ខ្លះ ត្រូវ​បាន​គេ​យក​ទៅ​វះកាត់​ពិសោធន៍​ខាង​វិជ្ជា​ពេទ្យ ហើយ​អ្នក​ទោស​ខ្លះ​ទៀត ត្រូវ​គេ​យក​ទៅ​បូម​យក​ឈាម៖ «អ្នក​ទោស​ដែល​គេ​យក​ទៅ​បូម​ឈាម មាន​តែ​អ្នក​ទោស​ស្អាតៗ នៅ​ភ្នំពេញ។ ពេទ្យ​នៅ ស-២១ ធ្វើ​បាន​តែ​ក្រុម​ឈាម​ទេ។ នៅ​ភ្នំពេញ ភាគ​ច្រើន​ខ្ញុំ​ជា​អ្នក​ជ្រើសរើស​អ្នក​ដែល​មាន​សុខភាព​ល្អ​ចៀសវាង​ជំងឺ​ឆ្លង»

សាក្សី ឌុច បាន​បញ្ចប់​ការ​ផ្ដល់​សក្ខីកម្ម​របស់​ខ្លួន​បាន ៦​ថ្ងៃ នៅ​ថ្ងៃ​ពុធ ទី​១៥ ខែ​មិថុនា នៅ​ក្នុង​អង្គហេតុ​ឧក្រិដ្ឋកម្ម និង​ការ​បោស​សម្អាត​ខ្មាំង​ផ្ទៃក្នុង​នៅ​មន្ទីរ ស-២១ ឬ​គុក​ទួលស្លែង។ លោក ឌុច នឹង​បន្ត​ផ្ដល់​សក្ខីកម្ម​បន្ត​ទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។