ស៊យ​អស់​លេខ​ លួច​ម៉ូតូ​បាន​សម្រេច​ហើយ ​បណ្ដើរ​គេច​ខ្លួន​ជួប​ប៉ូលិស​ល្បាត

ស៊យ​អស់​លេខ​ លួច​ម៉ូតូ​បាន​សម្រេច​ហើយ ​បណ្ដើរ​គេច​ខ្លួន​ជួប​ប៉ូលិស​ល្បាត



ភ្នំពេញ ​៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​កក់​ទី​២​ ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពេល​ដែល​ជនសង្ស័យ​ម្នាក់​នេះ ​ផ្លោះ​ចូល​ផ្ទះ​គេ​លួច​កាច់​សោ​​ក​ម៉ូតូ​បាន​សម្រេច​ ប៉ុន្តែ​ជា​អកុសល​នៅ​ពេល​បណ្ដើរ​ម៉ូតូ​ ដែល​លួច​បាន​នេះ​ ទៅ​ជួប​ប៉ូលិស​កំពុងតែ​ល្បាត​ការពារ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន ទើប​ត្រូវ​ប៉ូលិស​ចាប់​វ៉ៃ​ខ្នោះ​តែ​ម្តង។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវ ៥៩២ កែង​៣០៧ ក្រុម​៦៣ ភូមិ​១៣ សង្កាត់​បឹងកក់​២ បន្ទាប់ពី​ធ្វើ​សកម្មភាព​នៅ​ចំណុច​ផ្ទះ​លេខ​២៤ ផ្លូវ ៥៨៤ ក្រុម​៥០ ភូមិ​១១ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ជនសង្ស័យ ឈ្មោះ គង់ ជួន ហៅ​ជួន ភេទ​ប្រុស​អាយុ ៣៦ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត ភូមិ​តា​ង៉ក ឃុំ​ តា​ង៉ក ស្រុក​កំពង់ត្របែក ខេត្ត ព្រៃវែង។ ចំណែក​​​ជនរងគ្រោះ ឈ្មោះ ទុយ ប៊ុន​សាម ភេទ​ប្រុស​អាយុ ៥៥​ឆ្នាំ​ជនជាតិ​ខ្មែរ ​មុខរបរ ប្រធាន​ក្រុមហ៊ុន​យូ​នី​វើ​ល​ហ្ស​ល​អង្គរ​គ្រុប​(U.A.G) ស្នាក់​នៅផ្ទះ​លេខ ២៤​ ផ្លូវ ៥៨៤ ក្រុម​៥០ ភូមិ ១១ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ក្នុងការ​ឃាត់ខ្លួន​នេះ​ប៉ូលិស​ដកហូត​បាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក SYM.VS150s ( កូរ៉េ ) ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1.FJ.0808 លេខ​តួ​: 000995 លេខ​ម៉ា​ស៊ីន​: 806470 (​ជា​ម៉ូតូ​របស់​ជនរងគ្រោះ ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច )- ទួរណឺវិស​ចំនួន​០៤ ក្នុង​នោះ​២​កែច្នៃ​ចុង (​សម្រាប់​ឆ្កឹះ​) -​ដង្កាប់​មួយ​កែច្នៃ​ចុង​ស្រួច​សម្រាប់​កាច់ក​ម៉ូតូ -​ដែក​ចុង​ស្រួច​តូច​មួយ -ដែក​សំប៉ែត​ចុង​ស្រួច​មួយ -កូនសោ​​ម៉ូតូ​មួយ និង​កូន​ពិល​តូច​មួយ។

នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​បានឲ្យដឹង​ថា នៅ​មុនពេល​កើតហេតុ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល ២២​យប់​ ជនរងគ្រោះ​បាន​យក​ម៉ូតូ​ទុក​នៅ​ក្នុងផ្ទះ​របស់ខ្លួន ហើយ​បាន​ចាក់សោ​ត្រឹមត្រូវ ​រួច​ចេញទៅ​ខាងក្រៅ​ផ្ទះ ដើម្បី​ជួប​មិត្តភ័ក្ដិ។ ក្រោយ​មក​ ស្រាប់តែ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឡើង​ផ្លោះ​របង​ផ្ទះ​របស់​ជនរងគ្រោះ​ ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ​​ ​លួច​យក​ម៉ូតូ​ជនរងគ្រោះ បណ្ដើរ​ចេញ​តាម​ទ្វារ​ដើម្បី​គេចខ្លួន លុះ​បណ្តើរ​ម៉ូតូ​មកដល់​ចំណុច ផ្លូវ​៥៩២ កែង​៣០៧ ក្រុម​៦៣ ភូមិ​១៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ក៏បាន​ជួប​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹងកក់​២ ដែល​កំពុង​ល្បាត​ការពារ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន ឃើញ​ដូច្នេះ​ជនសង្ស័យ​ក៏បាន​រត់​គេចខ្លួន ទើប​ប៉ូលិស​ដេញ​ស្ទាក់​ចាប់ខ្លួន​ជាក់ស្ដែង​តែម្ដង។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕
ស៊យ​អស់​លេខ​ លួច​ម៉ូតូ​បាន​សម្រេច​ហើយ ​បណ្ដើរ​គេច​ខ្លួន​ជួប​ប៉ូលិស​ល្បាត

ស៊យ​អស់​លេខ​ លួច​ម៉ូតូ​បាន​សម្រេច​ហើយ ​បណ្ដើរ​គេច​ខ្លួន​ជួប​ប៉ូលិស​ល្បាត