ឡាន​នៅ​កម្ពុជា កើន​មួយ​ខែ​ពី ៤ ទៅ ៥ពាន់គ្រឿង

តាម​ទិន្នន័យ​ចុះ​បញ្ជី​បង្ហាញ​ថា រថយន្ត​នៅ​កម្ពុជា​បាន​កើន​ឡើង​ប្រមាណ​ពី ៤ ទៅ ៥​ពាន់​គ្រឿង​ក្នុង​មួយ​ខែ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ ឯក​ឧត្ដម ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន ​នៅ​ក្នុង​ឱកាស​បើក​សម្ពោធ​មណ្ឌល​ប្ដូរ និង​ពន្យារ​បណ្ណ​បើកបរ​រថយន្ត​ផ្សារ​ទំនើប​អ៊ីអន​កាល​ពី​ម្សិលមិញ។

 

ឡាន​នៅ​កម្ពុជា កើន​មួយ​ខែ​ពី ៤ ទៅ ៥ពាន់គ្រឿងឯក​ឧត្តម ស៊ុន ចាន់ថុល

 

ឯក​ឧត្តម ស៊ុន ចាន់ថុល បាន​និយាយ​ថា៖ “រថយន្ត​ប្រហែល​ជា​១​លាន​គ្រឿង​ហើយ​តាំង​ពី​ឆ្នាំ​១៩៩០​មក… ម៉ូតូ​យក​អា​ហ្នឹង​គុណ​នឹង​៦​ទៅ​ ចឹង​ប្រហែល​ជា​៦​លាន​ ក្នុង​មួយឆ្នាំៗ។ ម៉ូតូ​កើន​ប្រហែល​ជា​កន្លះ​លាន… ឡាន​ក្នុង​មួយខែៗ​ ប្រហែល​ជា​៤​ទៅ​៥​ពាន់​គ្រឿង​ដែល​យក​ចុះ​បញ្ជី ចឹង​ច្រើន​ណាស់​”។

 

កំណើន​យានយន្ត​ដ៏​ច្រើន​បែប​នេះ បាន​ធ្វើ​ក្រសួង​រិះ​រក​មធ្យោបាយ​ថ្មី ក្នុង​ការ​ចុះ​បញ្ជី​តាម​អនឡាញ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ។ លើស​ពី​នេះ ក្រសួង​ក៏​គ្រោង​នាំ​ចូល​រថយន្ត​ទំនើប ២​គ្រឿង​ពី​ប្រទេស​កូរ៉េ ដើម្បី​ធ្វើ​ឆៀក​ឡាន​​ជូន​ប្រជាជន​នៅ​តាម​បណ្ដា​ខេត្ត​តែ​ម្ដង ជៀសវាង​ចំណាយ​ពេល​មក​ធ្វើ​នៅ​ភ្នំពេញ​ទៀត។ ​​

 

ឡាន​នៅ​កម្ពុជា កើន​មួយ​ខែ​ពី ៤ ទៅ ៥ពាន់គ្រឿង

 

ចំពោះ​បណ្ណ​បើក​បរ​យានយន្ត​មាន​ប្រមាណ​ ៨២ម៉ឺន និង​បណ្ណ​បើកបរ​ហួស​សុពលភាព​មាន​ប្រមាណ​ជាង​២ម៉ឺន។ ដូច​នេះ​ហើយ ទើប​ក្រសួង​បាន​បង្កើត​មណ្ឌល​ប្ដូរ និង​ពន្យារ​បណ្ណ​បើកបរ​រថយន្ត​ផ្សារ​ទំនើប​អ៊ីអន ដើម្បី​បម្រើ​សេវា​កាន់​តែ​ឆាប់​រហ័ស​ជាង​មុន ហើយ​ក៏​គ្រោង​បង្កើត​នៅ​ទីតាំង​ផ្សេង​ទៀត​ផង​ដែរ៕

 

ចុចអាន៖ កម្ពុជា​នឹង​នាំ​ចូល​រថយន្ត​ទំនើប ២​គ្រឿង ចល័ត​ធ្វើ​ឆៀក​ដល់​ខេត្ត​តែ​ម្ដង

 

អត្ថបទ៖ នួន ចាន់លីហួត ​