ពលរដ្ឋ​គ្មាន​ជំនឿ​លើ​ការព្រមាន​របស់​អាជ្ញាធ​រ​ខេត្ត​ព្រះសីហនុ រឿង​បង្ក្រាប​អ្នក​ទន្ទ្រាន​កាន់កាប់​ដី​គម្រប​ព្រៃឈើ​

ថ្មីៗ​នេះ​អាជ្ញាធរខេត្ត​ព្រះសីហនុ ដែលមាន​លោក យន្ត មីន ជា​អភិបាលខេត្ត បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​អ្នក​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​គម្រប​ព្រៃឈើ ដែល​បាន​រក្សាទុក​កាលពី​ឆ្នាំ​២០០២ ហើយ​បច្ចុប្បន្នកំពុង​ត្រូវ​ក្រុម​ជនល្មើស​រំលោភ​កាន់កាប់​យ៉ាង​អនាធិបតេយ្យ​។ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ខេត្ត​ព្រះសីហនុ គ្មាន​ជំនឿ​សូម្បី​ប៉ុន​សរសៃសក់​ឡើយ​ព្រោះ​បច្ចុប្បន្ន​អ្នកមាន​លុយ អ្នកមានអំណាច និង​ឈ្មួញ​ដែលមាន​ងារ​ជា​ឧកញ៉ា​មួយចំនួន បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ ហើយ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ មានការ​វាយតម្លៃ​ទុកជាមុន​ថា ការព្រមាន​របស់​អាជ្ញា​ធរ​ខេត្ត​ព្រះសីហនុ នឹង​ក្លាយទៅជា​រឿង​លេងសើច​ដូច​មុន​ជាមិនខាន​។

​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​អាជ្ញាធរខេត្ត​ព្រះសីហនុ ព្រមាន​ប្រើ​កម្លាំងប្រដាប់អាវុធ​ចម្រុះ​ចុះបង្ក្រាប​អ្នក​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​យ៉ាងណាក៏ដោយ ក៏​ជាក់ស្ដែង​បទល្មើស​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ មាន​ទីតាំងនៅ​ស្រុក​ព្រៃនប់ ឬ​ព្រៃឈើ​នៅ​ចុង​ឆ្នេរ​អូរត្រេះ ឬ​ពយ​ម៉ា​ចូ​វ នៅតែ​ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច កាប់​រានទន្ទ្រាន​ដុត​ព្រៃ យក​ដី​ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ដោយសារ​គេ​ដឹងថា ការព្រមាន​របស់លោក យន្ត មីន គ្រាន់តែ​ជា​រឿង​លេងសើច​ឥតន័យ​។ ប្រជាពលរដ្ឋ​បញ្ជាក់ថា អ្នកប្រព្រឹត្ត​បទល្មើស​មាន​មន្ត្រី​ថ្នាក់​ខេត្ត មន្ត្រីជាន់ខ្ពស់ និង​ឧកញ៉ា​ធំៗ​មួយចំនួន ដូច្នេះ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បានត្រឹមតែ​ព្រមាន​ឲ្យ​ល្អមើល​ប៉ុណ្ណោះ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ដី​គម្រប​ព្រៃឈើ​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ត្រូវបាន​អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់កាប់​ស្ទើរ​អស់​ទៅហើយ ដោយ​នៅតាម​ក្បាលដី​នីមួយៗ​មាន​សង់ផ្ទះ​ឈើ​តូចៗ និង​សង់​របង​ថ្ម​យ៉ាងរឹងមាំ​ទៀតផង​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​ព្រៃនប់ បាន​រិះគន់​ចំៗ​ថា​អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​ព្រមាន​ចាត់វិធានការ​ច្រើនលើក​មកហើយ ទៅលើ​ក្រុម​ជនល្មើស​ទន្ទ្រាន​កាន់កាប់​ដី​គម្រប​ព្រៃឈើ ដីព្រៃ​លិច​ទឹក ដី​ឆ្នេរ និង​ដីភ្នំ​ជាដើម​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​បទល្មើស​នៅតែ​កើតឡើង​ដដែល ហើយ​មិនទាន់​ឃើញ​អាជ្ញាធរខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ ចាត់វិធានការ​ទៅលើ​ក្រុម​ជនល្មើស​តាមច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ ជាងនេះទៅទៀត​ក្នុងចំណោម​អ្នក​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​បម្រុង​ទុក និង​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ គឺមាន​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្ត​ព្រះសីហនុ​ផងដែរ ព្រមទាំង​ឧកញ៉ា​មួយចំនួន​ដែលមាន​អំណាច​ខ្លាំង​ជាង​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​ទៅទៀត​៕

77b9f5cc-ffc3-4a19-85f3-49d472d4a386លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ795cc7ab-f695-496d-af5f-dc159263ee9a 499c2019-c487-43cd-b72f-3ba35d1c9626