បទល្មើស​ព្រៃឈើ​នៅ​ស្រុក​ភ្នំក្រវាញ បន្ត​កើតមាន​ឥតឈប់ឈរ​ព្រោះ​សមត្ថកិច្ច​បង្ក្រាប​រើសមុខ​ឈ្មួញ​

ប្រជាពលរដ្ឋ​នៅ​ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ ព្រោះ​សមត្ថកិច្ច​បង្ក្រាប​តែ​ឈ្មួញ​ណា​ដែល​មិន​បង់លុយ​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ដែល​បង់លុយ​ប្រចាំ​ជើង ប្រចាំ​សប្ដាហ៍ ឬ​ប្រចាំខែ អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ភ្នំក្រវាញ ទៅ​ស្រុក​ក្រគរ ក្រុង​ពោធិ៍សាត់ និង​ទៅ​ខេត្តបាត់ដំបង មួយចំនួន​ត្រូវបាន​គេ​ដឹងថា​ជា​មន្ត្រី​យោធា​ដែលមាន​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្តពោធិ៍សាត់ ជា​បង្អែក​យ៉ាងរឹងមាំ​។ ជាពិសេស​ក្រោយពេល​លោក ប៉ាន់ មរកត ឡើងកាន់តំណែង​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​រួចមក គឺ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​រាលដាល​កាន់តែខ្លាំង​។

កាលពី​រសៀល​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ​មួយកន្លែង​នៅ​ក្នុងភូមិ​ស្វាយប៉ាក ឃុំ​ព្រ​ងឹល ស្រុក​ភ្នំក្រវាញ ហើយ​រឹបអូស​ឈើ​ប្រណីត​បាន​មួយចំនួនធំ​។ ទោះជា​យ៉ាងណា​ប្រភព​មិនបាន​ឲ្យ​ដឹង​ពី​ការឃាត់ខ្លួន​ម្ចាស់​ឈើ​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​នោះទេ ជាពិសេស​គេ​មានការ​សង្ស័យថា មកពី​ម្ចាស់​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ក្នុងភូមិ​ស្វាយប៉ាក គ្មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទើបត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​។ ប្រសិនបើ​ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ចេះ​ទំនាក់ទំនង​បែងចែក​ផលប្រយោជន៍​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួនទៀត គឺ​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​ជាមិនខាន​។

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា ព្រៃឈើ​នៅជាប់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ កំពុង​ប្រឈម​នឹង​ការ​កាប់រំលំ​អារច្រៀក​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​ពេញបន្ទុក ដោយ​ពុំមាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ជាងនេះទៅទៀត​ក្រោយពេល​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ គឺ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​កើតឡើង​ខ្លាំង​ជាង​មុន​ទៅទៀត ហើយ​ឈើ​មួយចំនួន​ត្រូវគេ​ដឹក​ចូលមក​ខេត្តកំពង់ស្ពឺ ឆ្លងកាត់​ខេត្តកំពត យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​កំពង់ត្រាច ជា​បន្តបន្ទាប់​។ បញ្ហា​នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរពិនិត្យមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់ ក្នុងស្រុក​ភ្នំក្រវាញ​ខ្លះ​ផង ព្រោះ​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​ឥតឈប់ឈរ​៕

abc-5-2 abc-4-3 abc-6-2