មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តរតនគិរី ឈ្មោះ ងិន អូន ប្រើប្រាស់​អំណាច​តួនាទី​ជួញដូរ​ឈើ​ខុសច្បាប់​

ប្រភពពី​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា លោក ងិន អូន នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កំពុង​ប្រើប្រាស់​អំណាច​និង​តួនាទី ហើយ​ធ្វើ​សកម្មភាព​ជួញដូរ​ឈើ​ខុសច្បាប់​យ៉ាង​ក្រអឺតក្រទម​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ងិន អូន ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​ឧបសគ្គ​។ ជាពិសេស​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បទល្មើស​ជួញដូរ​ឈើ​ខុសច្បាប់​របស់លោក ងិន អូន​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​នៅពេល​អ្នកមាន​លុយ អ្នកមានអំណាច​មកពី​រាជធានី​ភ្នំពេញ ឬ​បណ្ដា​ខេត្ត​នានា ចង់បាន​ឈើ​ប្រណីត​សម្រាប់ធ្វើ​វីឡា​ឬ​ផ្ទះ​តូចធំ​គ្រប់​ប្រភេទ តែងតែ​ទៅ​ទិញ​ឈើ​ឬ​កុម្មង់​នៅផ្ទះ​របស់លោក ងិន អូន ក្នុងភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។ ផ្ទះ​លោក ងិន អូន នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី គឺជា​ទីតាំង​ដេប៉ូ​លក់​ឈើ​ប្រណីត​ប្រមាណ​ជាង​១០​ឆ្នាំ​មកហើយ​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ មិនត្រូវ​មើលរំលង​នោះទេ ព្រោះ​ដេប៉ូ​លក់​ឈើ​ប្រណីត​របស់លោក ងិន អូន បាន​នាំ​ឲ្យ​កើតមាន​បទល្មើស​កាប់​ឈើ​ក្នុងស្រុក​កូន​មុំ ស្រុក​វ៉ឺ​ន​សៃ និង​បណ្ដា​ស្រុក​មួយចំនួនទៀត​យ៉ាង​ពេញបន្ទុក​។

ឈ្មួញ​ឈើ​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ងិន អូន បាន​ឲ្យ​ដឹងថា លោក ងិន អូន បានដាក់​ពង្រាយ​កូនចៅ​ស្ទើរ​គ្រប់​ស្រុក​ដែលមាន​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ រណារយន្ត គោយន្ត​កែច្នៃ​ជាដើម សម្រាប់​ចូល​កាប់​ឈើ​ប្រណីត​ក្នុងព្រៃ​សហគមន៍ ព្រៃ​ការពារ និង​ព្រៃ​ដែន​ជម្រក​សត្វ​ដោយ​គ្មាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ពេល​អារច្រៀក​ឈើ​ប្រណីត​នៅក្នុង​ព្រៃ​រួចរាល់ លោក ងិន អូន អាច​ប្រើ​គោយន្ត​កែច្នៃ​ដឹកឈើ​ចេញពី​ព្រៃ​ចូលមក​ដេប៉ូ​របស់ខ្លួន​យ៉ាង​រលូន ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ថ្នាំ​សណ្ដំ​លោក ងិន អូន ងើប​មិន​រួច​ឡើយ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ព្រោះ​ឈ្មួញ​ដែលជា​អ្នកមានអំណាច​ដូច​លោក ងិន អូន អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​៕

9e6258e2-5d36-4ee2-a11c-6e2600f2c397-500x280 3930ca12-0ba1-40f5-9856-944a7f88ed35-500x302 4b94c9f3-e305-4568-b706-4eefda203a09-500x280    ​