លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប សប្បាយ​ប្រមូល​លុយ​ពី​ទំនិញគេចពន្ធ​

តាម​ការ​បង្ហើប​ពី​ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ទំនិញគេចពន្ធ​គ្រប់​ប្រភេទ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រកព្រំដែន​ប៉ោយប៉ែត ច្រក​បឹង​ត្រកួន ខេត្តបន្ទាយមានជ័យ និង​ច្រក​អូរ​ស្មាច់ ច្រក​ជាំ​ស្រងាំ ខេត្តឧត្ដរមានជ័យ ហើយ​យកមក​ស្តុក​ទុក​និង​ចែកចាយ​ក្នុង​ខេត្តសៀមរាប គឺជា​ប្រភព​ចំណូល​របស់លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក សុខ សុ​ដា​រ៉ា មិនដែល​ចាត់វិធានការ​បង្ក្រាប​ទំ​និ​ញ​គេចពន្ធ​ម្តងណា​ឡើយ ហើយ​គិតតែ​ពី​រឿង​ប្រមូល​ផលប្រយោជន៍​យក​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​។ បញ្ហា​នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយក​រដ្ឋា​ន​គយ​និង​រដ្ឋាករ គួរពិនិត្យមើល​ខ្លះ​ផង​ព្រោះ​បច្ចុប្បន្ន​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ហូរ​ចូល​ខេត្តសៀមរាប​យ៉ាង​ពេញបន្ទុក​តែម្តង​។

ចំណែក​ប្រភពពី​សមត្ថកិច្ច​តូចតាច​មួយចំនួន​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ទំនិញគេចពន្ធ​ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​សៀម​មក​ចែកចាយ​ក្នុង​ខេត្តសៀមរាប​មានដូចជា គ្រឿងសំណង់ គ្រឿង​កំប៉ុង ទំនិញ​ចាប់ហួយ និង​ប្រេងសាំង​ផងដែរ ហើយ​បាន​ក្លាយទៅជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត​របស់លោក សុខ សុ​ដា​រ៉ា និង​បក្ខពួក​មួយ​ក្ដាប់​តូច​។ មានការ​បង្ហើប​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ដែល​រកស៊ី​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ឬ​ទំនិញ​ខុសច្បាប់​មក​ចែកចាយ​លើ​ទីផ្សារ​ក្នុង​ខេត្តសៀមរាប ត្រូវមាន​ទំនាក់ទំនង​ឱនលំទោន​សុំ​ការយោគយល់​ពី​លោក សុខ សុ​ដា​រ៉ា ទើប​គ្នា​ការរំខាន​។ អាចនិយាយបាន​ថា​លោក សុខ សុ​ដា​រ៉ា បានដឹង​យ៉ាងច្បាស់​ពី​អត្តសញ្ញាណ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ហើយ​ចាត់ទុក​ឈ្មួញ​ទាំងនោះ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន​។

ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​ទំនិញគេចពន្ធ​នាំចូល​ពី​ប្រទេស​សៀម​តាម​ច្រកព្រំដែន​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ យកមក​លក់​ចែកចាយ​ក្នុង​ខេត្តសៀមរាប ឬ​ឆ្លងកាត់​ខេត្តសៀមរាប យកទៅ​ចែកចាយ​នៅ​ខេត្ត​ដទៃទៀត មិនដែល​ឃើញ​លោក សុខ សុ​ដា​រ៉ា ចាត់វិធានការ​បង្ក្រាប​ប្រមូល​ចំណូល​ពន្ធ​ជូន​រដ្ឋ​ឲ្យ​ស្របទៅតាម​គោលការណ៍​កែទម្រង់​ស៊ីជម្រៅ​របស់​ស្ថាប័នគយ​នោះទេ​។ ផ្ទុយទៅវិញ​លោក សុខ សុ​ដា​រ៉ា បាន​បញ្ជា​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ដើរ​ប្រមូល​លុយ​ពី​ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ហើយ​យកមក​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​រីករាយ​។ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិនគួរ​មើលរំលង​អំពើពុករលួយ​និង​ភាព​អសកម្ម​របស់លោក សុខ សុ​ដា​រ៉ា តទៅទៀត​ទេ ព្រោះ​ក្នុង​មួយខែៗ​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​នៅក្នុង​ខេត្តសៀមរាប ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​៕

Pic94 - Copyលោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប