សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ចប់​ការសាកសួរ​លោកស្រី លឹម មុន្នី និពន្ធដោយ : ម៉ៅ សុផា       June-16-2016, 12:40 pm         122

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ចប់​ការសាកសួរ​លោកស្រី លឹម មុន្នីសាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ចប់​ការសាកសួរ​ព័ត៌មាន​បន្ថែម​ពី​លោកស្រី លឹម មុន្នី ដែល​កំពុង​ជាប់ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ជុំវិញ​បទ​ចោទ «សូកប៉ាន់​សាក្សី» ហើយ​នៅ​ព្រឹក​នេះ។

លោក ហួន ចាន់​ឌី មេធាវី​ការពារ​ក្ដី​លោកស្រី លឹម មុន្នី បាន​ឲ្យ​ដឹងថា តុលាការ​បាន​បើក​ការសាកសួរ​កូនក្ដី​លោក ជុំវិញ​តែ​ករណី «សូកប៉ាន់​សាក្សី» លើ​ចំនួន​ទឹកប្រាក់២០០ដុល្លារ ដែល​ពាក់ព័ន្ធ​នឹង​ករណី​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ កន្លងមក។

តែ​យ៉ាងណា​លោក ហួន ចាន់​ឌី យល់ថា ការសាកសួរជាង៤ម៉ោងនេះ មិនទាន់ស្វែងរកចម្លើយពីកូនក្ដីខ្លួន ដែលបញ្ជាក់ពី​ភស្តុតាង​គ្រប់គ្រាន់ ក្នុងការ​ដាក់បន្ទុក​ចោទប្រកាន់លើ​កូនក្ដី​លោក​នៅឡើយ​ទេ។

ការនាំ​ខ្លួន​លោកស្រី លឹម មុន្នី មក​សាកសួរ​បន្ថែម​នេះ​គឺធ្វើឡើង​ស្របពេល​ដែល​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ កំពុង​ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ​ថ្ងៃនេះ​ដែរ ដើម្បី​បកស្រាយ​ពី​ដំណើរ​ដើមទង ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចារកម្ម ដែល​នាង​បាន​ប្តឹង​ឯកឧត្តម កឹម សុខា កន្លងមក។

សូម​រម្លឹកថា លោកស្រី លឹម មុន្នី និង​មន្ត្រី​អាដហុក៣រូប​ទៀត​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វង់​ដា និង ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​នាំខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោយពី​ធ្វើការ​ចោទប្រកាន់​ពីបទ «សូកប៉ាន់​សាក្សី» ទាក់ទិន​នឹង​សំណុំរឿង​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ។ រីឯ​លោក នី ចរិយា ត្រូវបាន​ចោទ​ពីបទ «សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី» ហើយ​បញ្ជូន​ខ្លួន​ទៅកាន់​ពន្ធនាគារ​ភ្នំពេញ (PJ) ពាក់ព័ន្ធ​នឹង​រឿងក្តី​របស់​ស្រីមុំ​ដូចគ្នា ៕