ក្រសួង​ការងារ សម្រេច​កំណត់ អត្រា​បង់​ប្រាក់ ភាគទាន ផ្នែក​ថែទាំ​សុខភាព ១,៣% នៃ ប្រាក់​ឈ្នួល​កម្មករ​

ក្រសួង​ការងារ សម្រេច​កំណត់ អត្រា​បង់​ប្រាក់ ភាគទាន ផ្នែក​ថែទាំ​សុខភាព ១,៣% នៃ ប្រាក់​ឈ្នួល​កម្មករ​



ភ្នំពេញ ​៖ ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បាន​សម្រេច​កំណត់​អត្រា​បង់​ភាគទាន​ផ្នែក​ថែទាំ​សុខភាព​ចំនួន​១,៣​ភាគរយ​នៃ​ប្រាក់​ឈ្នួល​របស់​កម្មករ​និយោជិត។

យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការងារ​ ស្តីពី​ការកំណត់​អត្រា​ភាគទាន និង​បែបបទ​នៃ​ការ​បង់​ភាគទាន​សម្រាប់​ផ្នែក​ថែទាំ​សុខភាព​ដែល​ចុះហត្ថលេខា​ដោយ​លោក ​អ៊ិត សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា អត្រា​ភាគទាន​ផ្នែក​ថែទាំ​សុខភាព​ជា​បន្ទុក​របស់​និយោជក ឬ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ត្រូវ​កំណត់​ស្មើនឹង​១,៣​ភាគរយ​នៃ​ប្រាក់​ឈ្នួល​មធ្យម​នៃ​ប្រាក់​ឈ្នួល​ប្រចាំខែ​របស់​កម្មករ​និយោជិត ហើយ​កម្មករ​និយោជិត​ក៏​ត្រូវ​បង់​អត្រា​ភាគទាន​ដូចគ្នា​នឹង​និយោជក​ផងដែរ។

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​នេះ​ថា ​ប្រកាស​នេះ​កំណត់​អំពី​អត្រា​ភាគទាន និង​បែបបទ​នៃ​ការ​បង់​ភាគទាន​សម្រាប់​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​ជន​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ​។ ក្នុង​ករណី​ដែល​សហគ្រាស គ្រឹះស្ថាន បើកប្រាក់​ឈ្នួល​ជា​រូបិយប័ណ្ណ​បរទេស ប្រាក់​ឈ្នួល​មធ្យម​ប្រចាំខែ​ខាងលើ​ត្រូវ​គិត​ជា​ប្រាក់​រៀល​តាម​អត្រា​ប្តូរប្រាក់​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា។

លោក​ស៊ុំ សោភ័ណ ​នាយករង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​)​បាន​ឲ្យ​ដឹង​ថា​ ជាមួយ​គ្នា​នេះ​ដែរ និយោជក ឬ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ត្រូវ​បង់​ភាគទាន​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​ខែ​នីមួយៗ​យ៉ាងយូរ​ផុត​ត្រឹម​ថ្ងៃទី​១៥ នៃ​ខែ​បន្ទាប់ ហើយ​និយោជក ឬ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន ត្រូវ​មាន​កាតព្វកិច្ច​ប្រមូល​ភាគទាន​ផ្នែក​នេះ​ពី​កម្មករ​និយោជិត ដោយ​កាត់​ប្រាក់​ឈ្នួល​តាម​ចំនួន​ភាគទាន​ជាក់ស្ដែង​ដែល​សាមីជន​ម្នាក់ៗ​ត្រូវ​បង់​។

គួរ​បញ្ជាក់​ថា​ គិត​ជា​មធ្យម​កម្មករ​ម្នាក់ៗ អាច​ចំណាយ​ពី​២០០​រៀល ទៅ​២៥០​រៀល ដើម្បី​រួមចំណែក​បង់​វិភាគទាន​ថែទាំ​សុខភាព​ក្នុង​មួយថ្ងៃ ឬ​មួយ​ខែ​ពួកគាត់​អាច​ចំណាយ​ពី​៦០០០​ទៅ​៧០០០​រៀល​ប៉ុណ្ណោះ។

ការអនុវត្ត​ដំបូង​នៃ​សេវា​ថែទាំ​សុខភាព​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម នឹង​ចាប់ផ្ដើម​ធ្វើឡើង​ចំពោះ​រោងចក្រ សហគ្រាស​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ស្ពឺ​ដោយសារ​មាន​បណ្ដុំ​រោងចក្រ​ច្រើន​ជាងគេ ប៉ុន្តែ​ប​.​ស​.​ស​នឹង​ធ្វើ​ការពង្រីក​នូវ​សេវា​នេះ​ឲ្យ​បាន​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០១៨៕