រក​ឃើញ​បំណែក​ធំ​ៗ​នៃ​យន្តហោះ MS804 អេ​ហ្ស៊ី​ប​ដែល​ធ្លាក់​ក្នុង​សមុទ្រ

គណៈកម្មការ​ស៊ើបអង្កេត​អេ​ហ្ស៊ី​ប​រាយការណ៍​ថា ខណៈ​ដែល​ជិត​ដល់​ពេល​ប្រអប់​ខ្មៅ​លែង​អាច​បញ្ចេញ​សញ្ញា​បាន​នា​ថ្ងៃ​ទី​២៤ មិថុនា បំណែក​ធំ​ៗ​របស់​យន្តហោះ​នៃ​ក្រុមហ៊ុន EGYPTAIR ជើងហោះហើរ MS804 ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​តាម​កន្លែង​ជា​ច្រើន​កាលពី​ថ្ងៃ​ទី​១៥ មិថុនា ។

មាន​តែ​ការ​វិភាគ​ទិន្នន័យ​នៃ​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ទេ​ដែល​នឹង​អាច​ដឹង​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ AIRBUS A320 របស់​ក្រុមហ៊ុន EGYPTAIR ដែល​ធ្លាក់​នៅ​ចន្លោះ​កោះ​ក្រែ​ត​ក្រិ​ក​និង​ឆ្នេរសមុទ្រ​ខាងជើង​របស់​អេ​ហ្ស៊ី​ប​ជាមួយ​មនុស្ស​ជិះ ក្នុង​នោះ​៦៦​នាក់ ក្រោយ​ពី​បាត់ដាន​ភ្លាម​ៗ​ពី​អេ​ក្រង់​រ៉ា​ដា ។

ដោយ​ចូលរួម​ក្នុង​ប្រតិបត្តិការ​តាម​រុករក​នាវា​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​បារាំង DEEP OCEAN SEACH ប្រទះ​ឃើញ​បំណែក​យន្តហោះ​ដែល​អណ្តែត​នៅ​តាម​កន្លែង​ជា​ច្រើន ។

យោង​តាម​សេចក្តី​ប្រកាស​មួយ គណៈកម្មការ​ស៊ើបអង្កេត​អេ​ហ្ស៊ី​ប​និយាយ​ថា ក្រុម​រុករក និង​ពួក​អ្នកស៊ើប​អង្កេត​មាន​វត្តមាន​លើ​នាវា JOHN LETHBRIDGE នឹង​ធ្វើ​ផែនទី​ផ្ទៃសមុទ្រ​ដែល​មាន​បំណែក​យន្តហោះ​រសាត់ ។

នាវា​នេះ​មាន​បំពាក់​រ៉ូ​បូ​មុជទឹក​ដែល​អាច​តាម​រក​ក្នុង​ទឹក​ជ្រៅ​នូវ​ប្រអប់​ខ្មៅ​យន្តហោះ បាន​មក​ដល់​អេ​ហ្ស៊ី​ប​កាលពី​ថ្ងៃ​ទី​៩ មិថុនា ដើម្បី​ទៅ​កាន់​តំបន់​រុករក​ស្ថិត​នៅ​ចម្ងាយ​២៩០​គីឡូម៉ែត្រ ភាគ​ខាងជើង​ឆ្នេរសមុទ្រ​អេ​ហ្ស៊ី​ប ។ ប្រតិបត្តិការ​តាម​រុករក​ពិតជា​លំបាក​ខ្លាំង​មក​ពី​ទឹក​ជ្រៅ​រហូត​ដល់​ជម្រៅ​៣.០០០​ម៉ែត្រ ៕