រុ​ស្ស៊ី​ប្រកាស​ពី​បទ​ឈប់​បាញ់​គ្នា​48​ម៉ោង​នៅ​ក្រុង​អា​ឡែ​ប​ស៊ី​រី​ដែល​មានការ​វាយលុក​របស់​ពួក​អាល់​កៃ​ដា

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ប្រកាស​នា​យប់​ថ្ងៃ​ទី​១៥ មិថុនា ពី​បទ​ឈប់​បាញ់​គ្នា​រយៈពេល​៤៨​ម៉ោង ដែល​ទើប​ចូល​ជា​ធរមាន​នៅ​ទីក្រុង​អា​ឡែ​ប​ភាគ​ខាងជើង​ស៊ី​រី ដើម្បី​ធ្វើ​ឱ្យ​សភាពការណ៍​មាន​ស្ថេ​រ​ភាព​វិញ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថ្លែង​ថា តាម​ការ​ផ្តួចផ្តើម​គំនិត​របស់​រុ​ស្ស៊ី​របប​ឈប់​បាញ់​គ្នា​មួយ​ចូល​ជា​ធរមាន​នៅ​ទីក្រុង​អា​ឡែ​ប​សម្រាប់​រយៈពេល​៤៨​ម៉ោង​ចាប់ពី​ថ្ងៃ​ទី​១៦ មិថុនា វេលា​ម៉ោង​០​និង​០១​នាទី​ម៉ោង​ក្នុងស្រុក​ទៅ ដើម្បី​កាត់​បន្ថយ​កម្រិត​នៃ​អំពើ​ហិង្សា​ដោយ​អាវុធ និង​ធ្វើ​ឱ្យ​សភាពការណ៍​មាន​ស្ថេ​រ​ភាព​វិញ ។

សេចក្តី​ប្រកាស​នេះ​ពុំ​បាន​បញ្ជាក់​ថា​តើ​រុ​ស្ស៊ី​ចរចា​ពី​បទ​ឈប់​បាញ់​គ្នា​នេះ​ជាមួយ​នរណា​ឡើយ ។ សេចក្តី​ប្រកាស​ចោទប្រកាន់​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា​សាខា​អាល់​កៃ​ដា នៅ​ស៊ី​រី និង​បណ្តា​ក្រុម​សម្ព័ន្ធមិត្ត​ថា​វាយប្រហារ​លើ​សង្កាត់​ជា​ច្រើន​នៃ​ក្រុង​អា​ឡែ​ប ដោយ​ប្រើ​គ្រាប់​រ៉ុក្កែត ហើយ​ធ្វើការ​វាយលុក​ដោយ​ប្រើ​រថក្រោះ​នៅ​ភាគ​និរតី​ក្រុង​នេះ ។

សេចក្តី​ប្រកាស​ពី​បទ​ឈប់​បាញ់​គ្នា​នេះ ធ្វើ​ឡើង​ខណៈ​ប្រមុខ​ការទូត​អា​មេ​រិ​ក លោក​ច​ន ឃ័​រ​រី បាន​ព្រមាន​នា​ថ្ងៃ​ទី​១៥ មិថុនា ចំពោះ​ប្រធានាធិបតី​ស៊ី​រី លោក​បា​ចា អាល់​អាសាដ និង​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី​ឱ្យ​គោរព​បទ​ឈប់​បាញ់​គ្នា ។

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា យុទ្ធ​ជន​យ៉ាងតិច​៧០​នាក់​បាន​ត្រូវ​ស្លាប់​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ក្នុង​ការ​ប៉ះទង្គិច​គ្នា​នានា​រវាង​កងទ័ព​ស៊ី​រី និង​ពួក​ឧទ្ទាម​ជា​សម្ព័ន្ធមិត្ត​របស់​ពួក​ជី​ហា​ដ នៅ​ភាគ​ខាងត្បូង​ក្រុង​អា​ឡែ​ប ។ មន្ទីរពេទ្យ​មួយ​ជួយ​ទ្រទ្រង់​ដោយ​អង្គការ​គ្រូពេទ្យ​ពិភពលោក​រង​ការ​កម្ទេច​កាលពី​ថ្ងៃ​ទី​១៤ មិថុនា ដោយ​ការ​ទម្លាក់​គ្រាប់បែក​ក្នុង​សង្កាត់​ពួ​ួ​ក​ឧទ្ទាម​នៅ​ភាគ​ខាងកើត​ក្រុង​អា​ឡែ​ប តែ​ពុំ​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ​ឡើយ ។

មជ្ឈមណ្ឌល​រុ​ស្ស៊ី​ទទួល​បន្ទុក​ការ​បង្រួបបង្រួម​បណ្តា​ភាគី​ច្បាំង​គ្នា​នៅ​ស៊ី​រី​ថ្លែង​នា​ថ្ងៃ​ទី​១៥ មិថុនា ថា នៅ​ភាគ​និរតី​ក្រុង​អា​ឡែ​ប​ក្រុម​ប្រដាប់​អាវុធ​នៃ​រណសិរ្ស​អាល់​ណូ​ស្ត្រា និង​ក្រុម​អ៊ិ​ស្លា​ម​និយម ACHRAR AL SHAM បាន​ប្រើ​រថក្រោះ និង​បណ្តា​រថពាសដែក​គាំទ្រ​ដោយ​ពួក​ជន​អត្តឃាត​ក្នុង​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​នានា​បាន​ធ្វើការ​វាយប្រហារ​មួយ​ប្រឆាំង​បណ្តា​ទីតាំង​របស់​កងទ័ព​ស៊ី​រី​នៅ​សង្កាត់ ZAYTAN និង​សង្កាត់ HALAS ក្រុង​អា​ឡែ​ប ។ កងទ័ព​ស៊ី​រី និង​កងជីវពល​ប្រជាជន​បន្ត​ការ​ប្រយុទ្ធ ដើម្បី​ការពារ​មូលដ្ឋាន​ទាំងនេះ ។

មជ្ឈមណ្ឌល​នោះ​បន្ត​ថា ម្យ៉ាងទៀត​នៅ​ខេត្ត LATTAQUIE ដា​ម៉ាស់ និង​ហា​ម៉ា​មានការ​បាញ់​ផ្លោង​របស់​ពួក​ភេរវ​ករ​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ​ច្រើន​នាក់​ក្នុង​ចំណោម​ជន​ស៊ី​វិល ។

របប​ឈប់​បាញ់​គ្នា​រយៈពេល​៤៨​ម៉ោង​បាន​សម្រាល​កម្រិត​នៃ​អំពើ​ហិង្សា ហើយ​ជួយ​ធ្វើ​ឱ្យ​សភាពការណ៍​មាន​ស្ថេ​រ​ភាព​វិញ ៕