តើ​មាន​ផល​ប៉ះពាល់​ដល់​កំណែ​ទម្រង់​ការ​បោះឆ្នោត​ឬ​ទេ បើ​សហភាព​អឺរ៉ុប​កាត់​ជំនួយ?

ក្នុង​ចំណោម​ប្រទេស​ម្ចាស់​ជំនួយ​ទាំងអស់​របស់​កម្ពុជា សហភាព​អឺរ៉ុប ជា​ម្ចាស់​ជំនួយ​ធំ​បំផុត​ដែល​ផ្ដោត​លើ​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨។ ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​នៅ​ពេល​ថ្មីៗ​នេះ​អះអាង​ថា រដ្ឋាភិបាល​មិន​ខ្លាច​ការ​គំរាម​ផ្ដាច់​ជំនួយ​ណា​មួយ​ពី​បរទេស​ឡើយ។

ប្រសិន​បើ​សហភាព​អឺរ៉ុប សម្រេច​បង្កក​ជំនួយ​ដល់​កម្ពុជា មែន​នោះ តើ​ដំណើរ​ការ​កែ​ទម្រង់​ការ​បោះឆ្នោត នឹង​រង​ផល​ប៉ះពាល់​ឬ​ទេ ខណៈ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​ការ​បោះឆ្នោត​សកល​ឆ្នាំ​២០១៨ កំពុង​ខិត​ជិត​ចូល​មក​ដល់​នោះ?

ក្នុង​កញ្ចប់​ជំនួយ​របស់​សហភាព​អឺរ៉ុប ដែល​មាន​ទឹក​ប្រាក់ ៤១០​លាន​អឺរ៉ូ ស្មើ​នឹង​ជាង ៤៦០​លាន​ដុល្លារ​អាមេរិក ទឹក​ប្រាក់​មួយ​ផ្នែក​ធំ (២៩%) ផ្ដោត​លើ​វិស័យ​អភិបាលកិច្ច និង​រដ្ឋបាល ដែល​គ្រប​ដណ្ដប់​លើ​ការងារ​កែ​ទម្រង់​ការ​បោះឆ្នោត។

បច្ចុប្បន្ន សហភាព​អឺរ៉ុប គឺ​ជា​ម្ចាស់​ជំនួយ​ធំ​បំផុត​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត តាម​រយៈ​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា។ ក៏ប៉ុន្តែ​ទោះ​បី​ជា​សហភាព​អឺរ៉ុប នា​ពេល​ថ្មីៗ​នេះ ព្រមាន​បង្កក​ជំនួយ​ក្នុង​ទឹក​ប្រាក់​រាប់​រយ​លាន​អឺរ៉ូ ក្រោយ​ពី​វាយ​តម្លៃ​ឃើញ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កាន់​តែ​អាក្រក់​ក៏ដោយ ក៏​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នៅ​តែ​បន្ត​ភាព​ព្រងើយ​កន្តើយ​ចំពោះ​ការ​ព្រមាន​របស់​ម្ចាស់​ជំនួយ​ធំ​បំផុត​របស់​ខ្លួន។

ទន្ទឹម​នឹង​ការ​សម្ដែង​ភាព​ព្រងើយ​កន្តើយ​បែប​នេះ ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ថែម​ទាំង​ចំអក​ទៅ​សហភាព​អឺរ៉ុប វិញ​ថា ការ​ផ្ដាច់​ជំនួយ​ណា​មួយ នឹង​ប៉ះពាល់​ដល់​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល មិន​មែន​រដ្ឋាភិបាល​របស់​លោក​ឡើយ៖ «កាល​ពី​ឆ្នាំ​ណា​នោះ ខ្ញុំ​គំរាម​ថា ម៉េច​ក៏​មិន​កាត់។ បើ​ប្រកាស​ថា​កាត់​ហើយ កាត់​ទៅ! ក៏ប៉ុន្តែ​គាត់​មិន​កាត់​ទេ។ អ្នក​ដែល​ងាប់​មុន​គេ គឺ​អង្គការ​ក្រៅ​រដ្ឋាភិបាល។ អ្នក​ណា​ដែល​ធ្វើ​ការ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល ស៊ី​ប្រាក់​ខែ​អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​ហ្នឹង​ងាប់​មុន​គេ ព្រោះ​គេ​មាន​ដែល​ផ្ដល់​មក​ឲ្យ​រដ្ឋាភិបាល​ពី​អង្កាល់! គេ​ផ្ដល់​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទេ​តើ! ដល់​ពេល​ងាប់ អ្នក​កំពុង​មាន​ការងារ​ធ្វើ ស៊ី​ប្រាក់​ខែ​រាប់​រយ ស៊ី​ប្រាក់​ខែ​ដល់​ពាន់។ ទៅ! ទៅ​ងាប់ ទៅ! នែ! កុំ​មក​គំរាម​លេងៗ​ណា៎»

ខណៈ​មាន​ការ​ព្រមាន​បង្កក​ជំនួយ​បែប​នេះ សង្គម​ស៊ីវិល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ការ​បោះឆ្នោត និង​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ថា ដំណើរ​ការ​កែ​ទម្រង់​ការ​បោះឆ្នោត នឹង​រង​ផល​ប៉ះពាល់​ខ្លាំង ប្រសិន​បើ​សហភាព​អឺរ៉ុប កាត់​ជំនួយ​ដល់​កម្ពុជា មែន។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា​អង្គការ​និកហ្វិច (NICFEC) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា ការ​កាត់​ជំនួយ​ពី​សហភាព​អឺរ៉ុប នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណើរ​ការ​រៀបចំ​ការ​បោះ​ឆ្នោត និង​កំណែ​ទម្រង់​ការ​បោះឆ្នោត។ លោក សំ គន្ធាមី បញ្ជាក់​ថា ទាំង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​បោះឆ្នោត នឹង​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ៖ «ជាពិសេស​សង្គម​ស៊ីវិល​យើង។ ឥឡូវ​នេះ​យើង​កំពុង​រង់ចាំ​ការ​សម្រេច​ចិត្ត​របស់ EU ត​ទៅ​ទៀត​លើ​វិស័យ​បោះឆ្នោត​ហ្នឹង។ នឹង​ជួប​ការ​លំបាក បើ​សិន​ជា​រដ្ឋាភិបាល​យើង​មិន​ព្រម​បន្ទន់​ឥរិយាបថ ហើយ​អត់​ឈាន​ទៅ​រក​វប្បធម៌​សន្ទនា​ទេ ដើម្បី​ធានា​បរិយាកាស​ស្រុក​ខ្មែរ​ហ្នឹង​ឲ្យ​បាន​ស្ងប់ស្ងាត់ មុន​នឹង​ដំណើរ​ការ​បោះឆ្នោត»

លោក សំ គន្ធាមី លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ព្រមាន​កាត់​ជំនួយ​របស់​សហភាព​អឺរ៉ុប ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​លើ​កំណែ​ទម្រង់​ការ​បោះឆ្នោត៖ «រដ្ឋាភិបាល​គួរ​តែ​ទទួល​យក​អនុសាសន៍​របស់ EU យក​មក​ពិចារណា​ឡើង​វិញ មិន​គួរ​គិត​ខ្លី​ថា អត់​មាន​ជំនួយ EU ក៏​អត់​មាន​បញ្ហា​នោះ គឺ​មិន​សមរម្យ​ទេ។ វា​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត​ប្រជាធិបតេយ្យ​នៅ​ស្រុក​ខ្មែរ»

ហង្ស ពុទ្ធា ៦២០
លោក ហង្ស ពុទ្ធា ដែល​ជា​សមាជិក​ទី​៩ របស់ គ.ជ.ប ចេញ​ពី​សង្គម​ស៊ីវិល និង​ដែល​ទើប​ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​អ្នក​នាំ​ពាក្យ​របស់ គ.ជ.ប​ថ្មី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥។ RFA/Yeang Socheametta


បច្ចុប្បន្ន សហភាព​អឺរ៉ុប គឺ​ជា​ម្ចាស់​ជំនួយ​ធំ​បំផុត​របស់ គ..ប ដោយ​ផ្ដល់​ជំនួយ​ជា​ថវិកា និង​អ្នក​ជំនាញ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក ហង្ស ពុទ្ធា។ លោក​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៦ នេះ សហភាព​អឺរ៉ុប បាន​ផ្ដល់​ថវិកា ៦,៧​លាន​អឺរ៉ូ (,៥​លាន​ដុល្លារ​អាមេរិក) សម្រាប់​ទិញ​ឧបករណ៍​បម្រើ​ឲ្យ​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ខណៈ​ការងារ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នេះ ត្រូវ​ចំណាយ​ថវិកា​សរុប​រហូត​ដល់ ២៣​លាន​ដុល្លារ​អាមេរិក៖ «ឥឡូវ​នេះ ខាង​សហគមន៍​អឺរ៉ុប លោក​បាន​ជួយ ៦,៧​លាន​អឺរ៉ូ ហើយ​ខាង​ជប៉ុន លោក​ជួយ ១​លាន ១​សែន។ អ៊ីចឹង​ទើប​តែ​បាន​ជំនួយ​ប៉ុណ្ណឹង​ទេ ប៉ុន្មាន​ទៀត​រាជ​រដ្ឋាភិបាល​លោក​នឹង​ជួយ​ដោះស្រាយ ដើម្បី​ឲ្យ​ការ​បោះឆ្នោត​នេះ​មិន​មាន​ការ​រាំង​ស្ទះ​ទេ​បាទ»

ទោះ​បី​ជា​សហភាព​អឺរ៉ុប ឈរ​នៅ​លំដាប់​ទី​១ ក្នុង​តួនាទី​ជា​ម្ចាស់​ជំនួយ​ដល់ គ..ប ក្ដី ក៏​អ្នក​នាំ​ពាក្យ​រូប​នេះ​អះអាង​ថា ការងារ​របស់ គ..ប នឹង​មិន​រង​ផល​ប៉ះពាល់​ពី​ការ​បង្កក​ជំនួយ​ពី​សហភាព​អឺរ៉ុប ទេ៖ «មិន​មាន​អី​ប៉ះពាល់​ទេ​ណា៎! ទី​មួយ គឺ​គាត់​បាន​ផ្ដល់​មក​ហើយ ហើយ​ថវិកា​ហ្នឹង​ក៏​បាន​ធ្លាក់​ទៅ​ដល់​ដៃ​អង្គការ UNOP ដែល​ជា​អង្គការ​ដេញ​ថ្លៃ។ ឥឡូវ​ហ្នឹង​កំពុង​តែ​ដេញ​ថ្លៃ​សម្ភារៈ​ហើយ។ បញ្ហា​ផ្សេង​ទៀត គ..ប នឹង​គិតគូរ​ពី​រឿង​បច្ចេកទេស។ គ..ប អត់​ទទួល​ឥទ្ធិពល​នៃ​សភាពការណ៍​នយោបាយ​ពី​ខាង​ក្រៅ​មក​ទេ​បាទ»

ចំណែក​អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី យល់​ថា ការ​បង្កក​ជំនួយ​របស់​សហភាព​អឺរ៉ុប មក​រដ្ឋាភិបាល​កម្ពុជា អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត ហើយ​នោះ​ជា​អ្វី​ដែល​រដ្ឋាភិបាល​ចង់​បាន ដើម្បី​ឈ្នះ​ឆ្នោត​នៅ​ពេល​ខាង​មុខ៖ «រដ្ឋាភិបាល​គាត់​មិន​ចង់​ឲ្យ​ល្អ​ឯណា ឲ្យ​តែ​នៅ​ស្ថានភាព​ដដែល​ហ្នឹង។ បើ​សិន​បង្កក គាត់​ធ្វើ​តាម​លុយ​រដ្ឋ លុយ​អី​អ៊ីចឹង​ធម្មតា។ អា​ហ្នឹង​ហើយ​ដែល​សំខាន់។ ទី​ពីរ បើ​សិន​ជា​គាត់​ខ្វះ​លុយ គាត់​ទៅ​ខ្ចី​ចិន»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក កែម ឡី យល់​ថា រដ្ឋាភិបាល​មិន​មែន​មិន​ព្រួយ​បារម្ភ​ចំពោះ​ការ​ព្រមាន​របស់​សហភាព​អឺរ៉ុប ទាំង​ស្រុង​នោះ​ទេ៖ «គាត់​គ្រាន់​តែ​ឆ្លើយ​តប​ទៅ EU ដោយ​សេចក្ដី​ក្លាហាន ដើម្បី​កុំ​ឲ្យ​អាម៉ាស់​មុខ កុំ​ឲ្យ​បាក់​មុខ​តែ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​ដល់​ពេល​ក្រោយ​ខ្នង គាត់​បញ្ចេញ​សារ​សម្របសម្រួល​នយោបាយ​តាម​រយៈ​ការ​ប៉ះប៉ូវ​អី​ផ្សេងៗ។ អ៊ីចឹង​អា​ហ្នឹង​ហើយ​ជា​ការ​ឆ្លើយ​តប​នោះ​ផ្ទាល់​ថា អូ! ដោយសារ EU ដាក់​សម្ពាធ កាត់​ជំនួយ​ហើយ យើង​ត្រូវ​តែ​ឈប់​អ៊ីចឹង​មែន​ទេ»

ខាង​សហភាព​អឺរ៉ុប លើក​ឡើង​ថា ចំណែក​ធំ​បំផុត​នៃ​ជំនួយ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ដល់​កម្ពុជា ធ្វើ​ឡើង​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ហើយ​កញ្ចប់​ថវិកា ៤១០​លាន​អឺរ៉ូ (ស្មើ​នឹង​ជាង ៤៦០​លាន​ដុល្លារ​អាមេរិក) សម្រាប់​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០ នោះ គឺ​ជា​ជំនួយ​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​នេះ​ឯង ដែល​នេះ​ផ្ទុយ​ពី​ការ​អះអាង​របស់​លោក ហ៊ុន សែន ដែល​ថា សហភាព​អឺរ៉ុប មិន​ផ្ដល់​ជំនួយ​ដល់​រដ្ឋាភិបាល​របស់​លោក​ទេ។ ការ​ផ្ដល់​ជំនួយ​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ធ្វើ​ឡើង​ដាច់​ដោយឡែក​តាម​រយៈ​ការ​ប្រកួត​ប្រជែង​ក្នុង​ចំណោម​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ។ បច្ចុប្បន្ន មាន​គម្រោង​ជាង ៧០ នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​ប្រើប្រាស់​ជំនួយ​ពី​សហភាព​អឺរ៉ុប មាន​ទឹក​ប្រាក់​សរុប​ជាង ៦០​លាន​អឺរ៉ូ (ប្រមាណ ៦៧​លាន​ដុល្លារ​អាមេរិក)

អ្នក​វិភាគ​យល់​ថា បើ​ទោះ​បី​ជា​សហភាព​អឺរ៉ុប សម្រេច​បង្កក​ជំនួយ​នោះ​មែន​ក៏ដោយ ក៏​សហភាព​អឺរ៉ុប អាច​នឹង​មិន​កាត់​ជំនួយ​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ឡើយ ដើម្បី​ឲ្យ​ពួក​គេ​អាច​បន្ត​ការងារ​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ត​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។