ប្រាក់ មុន្នី​ឧត្ដម ភ័យ​រឿង​គណនី​ក្លែងក្លាយ​បង្ខូចឈ្មោះ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មាន​គណនី​ក្លែងក្លាយ​កាន់តែ​ច្រើន​យកឈ្មោះ និង​រូបថត​លោក​ប្រាក់ មុន្នី​ឧត្តម មក​ប្រើប្រាស់​ធ្វើ​ឱ្យ​មានការ​យល់​ច្រ​លំ បាន​បង្ខំ​ឱ្យ​កីឡាករ​ល្បីឈ្មោះ​រូប​នេះ ចេញ​មុខ​ប្រកាស​ភ្លាម​ៗ​មិន​ទទួលស្គាល់​គណនី​ក្លែងក្លាយ​ទាំងនោះ​ឡើយ ។ លោក​ហាក់​រសើប​ខ្នង​បន្ទាប់​ពី​ឃើញ​គំរូ​ច្រើន​មក​ហើយ​ពាក់ព័ន្ធ​នឹង​ការ​បង្ខូច​ឈ្មោះ​ដោយ​ម្ចាស់​គណនី​ក្លែងក្លាយ នៅ​ពេល​គណនី​ទាំងនោះ​ប្រើ​ទៅ​ចែកចាយ​ព័ត៌មាន​មិន​ពិត​នាំ​ឱ្យ​ប៉ះពាល់​កិត្តិយស ។ លោក​ក៏​ទទូច​ឱ្យ​មហាជន​បញ្ឈប់​ការ​យល់​ច្រ​លំ​លើ​ទ​ង្វើ​របស់​ក្រុម​អនាមិក​ទាំងឡាយ​ផង​ដែរ ។

ថ្លែងប្រាប់​កោះសន្ដិភាព កីឡាករ​ប្រាក់ មុន្នី​ឧត្តម បាន​អះអាង​ថា លោក​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​គាំទ្រ​ពី​សំណាក់​អ្នកលេង​ហ្វេ​ស​ប៊ុ​កតាម​រយៈ​ការ​ចែកចាយ​សកម្មភាព​របស់​លោក​ដោយ​ការ​ស្រឡាញ់​ពេញចិត្ត ។ ទោះ​យ៉ាងណា​លោក​មិន​មាន​អារម្មណ៍​ស្រឡះ​ចិត្ត​នោះ​ទេ បន្ទាប់​ពី​មាន​ម្ចាស់​គណនី​មួយ​ចំនួន​បាន​បន្លំ​ធ្វើ​ជា​រូប​លោក ដោយ​ខ្លះ​គ្រាន់តែ​ចែកចាយ​ពី​សកម្មភាព​របស់​លោក ប៉ុន្តែ​ខ្លះ​ទៀត​ក៏​យក​ទៅ​ឃោសនា​ដើម្បី​បានជា​ប្រយោជន៍​ផ្សេង​ៗ​។ ម្ចាស់​គណនី​ខ្លះ​បាន​ទាំង​យកឈ្មោះ​លោក និង​រូបថត​របស់​លោក​ទៅ​ប្រើ ហើយ​ចែកចាយ​នូវ​ព័ត៌មាន​មិន​សមរម្យ​ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ​នូវ​អ្វី​ដែល​មិនមែន​ជា​ជំហរ​របស់​លោក​នោះ​ផង ។ លោក​និយាយ​ថា​៖ «​បើ​គាត់​គាំទ្រ​ខ្ញុំ គាត់​អាច​ដាក់​ឈ្មោះ​គាត់ ហើយ​យក​រូប​ខ្ញុំ​ទៅ​ប្រើ​លើ​Cover ក៏​បាន​ដែរ ប៉ុន្តែ​នេះ​គាត់​មាន​ចេតនា​ធ្វើ​ឱ្យ​យល់​ច្រឡំ​ថា នោះ​ជា​គណនី​របស់ខ្ញុំ ហើយ​គាត់​យក​ទៅ​ចែកចាយ​ព័ត៌មាន​ផ្ដេសផ្ដាស​ដែល​ការ​ពិត​គឺ​ខ្ញុំ​អត់​បាន​អី​សោះ​!» ។ លោក​ថា អ្នកគាំទ្រ​លោក​ជា​ច្រើន​បាន​សម្ដែង​ការ​មិន​ពេញចិត្ត​បន្ទាប់​ពី​ស្មានថា​លោក​ជា​អ្នក​បង្កើត​គណនី និង​ផេ​ក​ក្លែងក្លាយ​ទាំងនោះ ។ ប្រាក់ មុន្នី​ឧត្តម ប្រកាស​ច្រានចោល​គណនី​ទាំងនោះ ដោយ​លោក​បញ្ជាក់​ថា ខ្លួន​មាន​តែ​គណនី​ផ្ទាល់ខ្លួន​មួយ និង​ផេ​ក​ផ្ទាល់ខ្លួន​មួយ​ប៉ុណ្ណោះ ។ ចំណែក​គណនី និង​ផេ​ករាប់​មិន​អស់​ផ្សេង​ទៀត គឺជា​ការ​ក្លែងបន្លំ​ដែល​ជនអនាមិក​បង្កើត​ឡើង​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ។

មក​ទល់​ពេល​នេះ លោក​ថា រាល់​គណនី​ក្លែងក្លាយ​នៅ​មិន​ទាន់​បង្ក​ជា​បញ្ហា​ធំដុំ​ឱ្យ​លោក​ខូច​ឈ្មោះ​នោះ​ទេ ប៉ុន្តែ​លោក​សម្ដែង​ការ​បារម្ភ​ប្រសិនបើ​ម្ចាស់​គណនី​ទាំងនោះ​ស្រាប់​តែ​យកឈ្មោះ​របស់​លោក និង​រូបថត​របស់​លោក​ទៅ​ចែកចាយ​រឿងរ៉ាវ​នយោបាយ ឬ​ធ្វើ​អ្វីមួយ​ដែល​បង្ក​ឱ្យ​ប៉ះទង្គិច​ដល់​កេរ្តិ៍ឈ្មោះ​របស់​លោក​នៅ​ថ្ងៃ​ណាមួយ ។ លោក​ថា គណនី​​ផ្លូវការ​របស់​លោក​គឺ​ឈ្មោះ Prak Monyudom ដែល​រូប​លោក​ពាក់​ទង់ជាតិ និង​ដើរ​ស្វាគមន៍​អ្នកគាំទ្រ​នៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក និង​ផេ​ក​ផ្ទាល់ ឈ្មោះ Prak Monyudom ដែល​មាន​រូប​របស់​លោក​កាន់​ទឹក​សុទ្ធ និង​លើក​មេដាយ​នៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក​ដូច​គ្នា​។ ចំណែក​គណនី​ជា​ភាសា​ខ្មែរ និង​ជា​ភាសា​អង់គ្លេស​ខុស​ពី​នោះ លោក​ថា​គឺជា​គណនី​ក្លែង​ក្លាយ​ទាំងអស់ ។ លោក​ទទូច​ឱ្យ​អ្នកគាំទ្រ​បញ្ឈប់​ការ​យល់​ច្រ​លំ​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​ម្ចាស់​គណនី​ក្លែងក្លាយ​ទាំងអស់ ដោយ​លោក​បញ្ជាក់​ថា រាល់​ទ​ង្វើ និង​សកម្មភាព​ទាំងអស់​ដែល​មិន​ចេញពី​គណនី និង​ផេ​ក​ផ្ទាល់​របស់​លោក គឺ​មិនមែន​ជា​ឆន្ទៈ និង​ទ​ង្វើ​របស់​លោក​ឡើយ ។

ប្រាក់ មុន្នី​ឧត្តម មិនមែន​ជា​មនុស្ស​ទី​១​ទេ ​ដែល​ប្រឈម​នឹង​ការ​ក្លែងបន្លំ​ឈ្មោះ​ ដើម្បី​បង្កើត​ជា​គណនី​អនាមិក​នោះ ។ កន្លង​មក​ក៏​មាន​តារា​ល្បី​ៗ និង​កីឡាករ​ល្បី​ច្រើន​នាក់​មក​ហើយ​ដែល​ត្រូវ​ប្រឈម​នឹង​បញ្ហា​នេះ ។ គណនី​ខ្លះ​បាន​ទាំង​ធ្វើ​ឱ្យ​សាមីខ្លួន​ត្រូវ​ប្រឈម​ដោយ​ច្បាប់​ព្រោះតែ​អ្នក​បង្កើត​គណនី​ក្លែងក្លាយ​បាន​យក​ទៅ​ប្រើប្រាស់​ខុសច្បាប់ ។ ក្នុង​នោះ​ម្ចាស់​គណនី​ក្លែងក្លាយ​ក៏​នឹង​ងាយ​បង្ខូចឈ្មោះ​របស់​តារា និង​កីឡាករ​ល្បី​ៗ​បាន​ផង​ដែរ​តាម​រយៈ​ការ​ចែកចាយ​ព័ត៌មាន​នយោបាយ​ដែល​អ្នកគាំទ្រ​របស់​ពួក​គេ​មិន​ចូល​ចិត្ត ។ អ៊ីចឹង​ហើយ​ទើប​លោក ប្រាក់ មុន្នី​ឧត្តម ចេញ​មុខ​ទាត់​ចោល​គណនី​ក្លែងក្លាយ​ទាំងនោះ​ភ្លាម​ៗ​ដើម្បី​គេច​ចេញពី​បញ្ហា​កើតឡើង ៕