អង់គ្លេស ប៉ះ​ វែល​​​ លើក​ដំបូងនៅ​ Euro ​ក្រុម​ណា​ឈ្នះ​យប់​នេះ?

ក្រុម​​ជម្រើស​ជាតិ​តោ​កំណាច​អង់គ្លេស នឹង​ប៉ះ​ក្រុម​វែល​ នៅ​ Euro ជា​លើក​ដំបូង​ក្នុង​​ប្រវត្តិសាស្ត្រ​​​នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូល​ B ​​នា​កីឡដ្ឋាន​ Stade Felix Bollaert-Delelis ​ទី​ក្រុង​ Lens ប្រទេស​បារាំង​ វេលា​ម៉ោង​០៨:០០​នាទី​យប់​នេះ។

 

អង់គ្លេស ប៉ះ​ វែល​​​ លើក​ដំបូងនៅ​ Euro ​ក្រុម​ណា​ឈ្នះ​យប់​នេះ?

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស

 

បច្ចុប្បន្ន​វែល​ជា​ក្រុម​កំពុង​ឈរ​កំពូល​តារាង​ពូល B ​ដោយ​មាន​៣​ពិន្ទុ​ បន្ទាប់​ពី​ឈ្នះ​ស្លូវ៉ាគី ២-១ នៅ​ប្រកួត​ដំបូង ខណៈ​ដែល​អង់គ្លេស ​ស្ថិត​នៅ​លេខ​៣ មាន​១​ពិន្ទុ ​ក្រោយ​​​ប្រកួត​ដំបូង​ ត្រូវ​រុស្សី​តាម​ស្មើ​ ១-១ នៅ​ចុង​ម៉ោង​ទាំង​មិន​គួរ​ឲ្យ​ជឿ។ ដូច្នេះ​ចាំ​មើល​ថា យប់​នេះ​តើ​ក្រុម​ណា នឹង​រក​បាន​៣​ពិន្ទុ?

 

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ៖

– ក្រុម​ទាំង​២​នេះ​ ធ្លាប់​ប៉ះ​គ្នា​១០១​ដង​មក​ហើយ ដោយ​ក្នុង​នោះ​ អង់គ្លេស​ឈ្នះ​៦៦​ដង វែល​ឈ្នះ​១៤ និង​ស្មើ​គ្នា​២១​ដង។ ប៉ុន្តែ​នេះ​ជា​លើក​ដំបូង​ ដែល​ក្រុម​ទាំង​២ ប៉ះ​គ្នា​នៅ​ពាន​រង្វាន់​ធំ​ដូច​​នេះ។

 

– ជួប​គ្នា​៤​ដង​ចុង​ក្រោយ អង់គ្លេស​ឈ្នះ​​វែល​ទាំង​៤​ដង និង​គ្មាន​របូត​គ្រាប់​បាល់​១​គ្រាប់​ឡើយ (២-០, ១-០, ២-០, ១-០)។

 

– អង់គ្លេស ​មាន​កំណត់ត្រា​ឈ្នះ​១០០% កាល​វគ្គ​ជម្រុះ​ Euro 2016 ដោយ​១០​ប្រកួត ឈ្នះ​ទាំង​១០​ប្រកួត។

 

– Gareth Bale ​ស៊ុត​១៣​គ្រាប់ ក្នុង​៣១​ប្រកួត​ឲ្យ​វែល តាំង​ពី​គ្រូ​បង្វឹក​ Chris Coleman ​ឡើង​ដឹក​នាំ​កាល​ឆ្នាំ​២០១២ និង​គិត​ជា​មធ្យម​ភាគ​គឺ​ ៤៥% នៃ​គ្រាប់​បាល់​ជម្រើស​ជាតិ​វែល​ទាំង​អស់។

 

– Wayne Rooney ​​ស៊ុត​៧​គ្រាប់ ក្នុង​៨​ប្រកួត​​ចុង​ក្រោយ​​ឲ្យ​អង់គ្លេស ពេល​លេង​ប្រកួត​ពាន​រង្វាន់​នានា។

 

សម្ដី​គ្រូបង្វឹក៖

 

អង់គ្លេស ប៉ះ​ វែល​​​ លើក​ដំបូងនៅ​ Euro ​ក្រុម​ណា​ឈ្នះ​យប់​នេះ?

គ្រូ​បង្វឹក​អង់គ្លេស Roy Hodgson ​

 

Roy Hodgson ​គ្រូ​បង្វឹក​អង់គ្លេស៖ “ការ​ប្រកួត​ Derby ​​ពិត​ជា​បរិយាកាស​ល្អ​ណាស់។ មនុស្ស​ជា​ច្រើន​នៅ​អង់គ្លេស និង​ចក្រភព​អង់គ្លេស ឬ​ប្រហែល​ជុំ​វិញ​ពិភពលោក​ កំពុង​រង់ចាំ​​ទស្សនា​ការ​ប្រកួត​នេះ។ ការ​ពិត​ វា​ហាក់​ដូច​ជា​ការ​ប្រកួត​មួយ រវាង​បង​ប្អូន​ខ្លួន​ឯង”។

 

អង់គ្លេស ប៉ះ​ វែល​​​ លើក​ដំបូងនៅ​ Euro ​ក្រុម​ណា​ឈ្នះ​យប់​នេះ?

គ្រូ​បង្វឹក​វែល Chris Coleman ​

 

Chris Coleman ​គ្រូ​បង្វឹក​វែល៖ “យើង​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ។ បើ​យើង​​​អាច​ឡើង​ទៅ​វគ្គ​បន្ត​ យើង​នឹង​ឡើង​ទៅ​ដោយ​ជាប់​កំណត់ត្រា​ខ្លួន​ឯង។ នេះ​ជា​ការ​ប្រកួត​ដ៏​ធំ​មួយ​របស់​យើង។ បើ​យើង​ឈ្នះ​ យើង​នឹង​ឡើង​វគ្គ​បន្ទាប់ ប៉ុន្តែ​បើ​យើង​មិន​អាច​ទេ យើង​ក៏​នៅ​មាន​ឱកាស​១​ទៀត។ យើង​មាន​ឱកាស​ធ្វើ​រឿង​ដ៏​ពិសេស​មួយ​ ហើយ​យើង​ជឿ​ជាក់​ថា​អាច​ធ្វើ​បាន”។

 

ជើង​កីឡាករ៖

 

អង់គ្លេស ប៉ះ​ វែល​​​ លើក​ដំបូងនៅ​ Euro ​ក្រុម​ណា​ឈ្នះ​យប់​នេះ?

សកម្មភាព​ក្រុម​អង់គ្លេស​ហ្វឹកហាត់

 

ក្រុម​អង់គ្លេស បាន​​ហ្វឹកហាត់​កាល​ពី​ថ្ងៃ​ពុធ ដោយ​ពេញ​ជើង​ទាំង​អស់ ពុំ​មាន​បញ្ហា​របួស​អ្វី​ទេ។ ប៉ុន្តែ​លោក​ Roy Hodgson ​អាច​នឹង​ដូរ​​ទម្រង់​លេង​មួយ​ចំនួន​ ដែល​អាច​នឹង​ដាក់​ Jamie Vardy ​វិញ ជំនួស​ Raheem Sterling ​ដែល​លេង​មិន​បាន​ល្អ​ កាល​​ប៉ះ​រុស្សី។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ តោ​កំណាច​អង់គ្លេស​ អាច​ជា៖ Hart; Walker, Smalling, Cahill, Rose; Alli, Dier, Rooney; Lallana, Kane, Vardy។

 

អង់គ្លេស ប៉ះ​ វែល​​​ លើក​ដំបូងនៅ​ Euro ​ក្រុម​ណា​ឈ្នះ​យប់​នេះ?

សកម្មភាព​ក្រុម​វែល​ហ្វឹកហាត់

 

រីឯ​វែល​ក៏​គ្មាន​បញ្ហា​របួស​កីឡាករ​អ្វី​ដែរ បន្ទាប់​ពី​អ្នកចាំទី​ Wayne Hennessey ​ដែល​អវត្តមាន​​កាល​ឈ្នះ​ស្លូវ៉ាគី ដោយសារ​​របួស​ខ្នង​ស្រាល​នោះ ​នឹង​អាច​ចូល​លេង​បាន​វិញ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​វែល​ អាច​ជា៖ Hennessey; Gunter, Chester, Williams, Davies, Taylor; Allen, Ledley; Ramsey, Bale; Robson-Kanu៕

 

ព្យាករ​គូ​នេះ​គឺ៖ អង់គ្លេស ៣-០ វែល , ​ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

*ក្រៅ​ពី​គូ​នេះ​ ក៏​មាន​២​គូ​ទៀត​ប្រកួត​យប់​នេះ​ដែរ​គឺ៖

– អ៊ុយក្រែន vs អៀរឡង់​ខាង​ជើង (ម៉ោង​១១:០០​នាទី​យប់)
– អាល្លឺម៉ង់ vs ប៉ូឡូញ (ម៉ោង​០២:០០​នាទី​រំលងអាធ្រាត្រ)

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ UEFA