ករណី​ចៅប្រុស​លង់ទឹក​ពាងរត់រក​ចំ​ពេទ្យ​គ្មាន​មេត្តា ត្រូវបានបំភ្លឺ​

ករណី​ចៅប្រុស​លង់ទឹក​ពាងរត់រក​ចំ​ពេទ្យ​គ្មាន​មេត្តា ត្រូវបានបំភ្លឺ​



ខេត្ដបាត់ដំបង ៖ មន្ទីរ​សំរាក​ព្យាបាល «​ហេង ឈុ​ន​» និង​ផ្ទះ​លោក​វេជ្ជបណ្ឌិត «​ជា​ពៅ​» ដែល​ដាក់​ស្លាក​ទ​ទូល​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​ទាំង​មនុស្ស​ចាស់ ទាំង​កូន​ក្មេង​នេះ គឺ​ស្ថិត​ក្នុងភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង រង​ការ​រិះគន់​និង​ចោទ​ថា គ្មាន​ចិត្តមេត្តា និង​គ្មាន​សីល​ធ​ម៏ ជា​ហេតុ​ធ្វើ​ឲ្យ​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ និង​អ្នកដំណើរ​ដែល​បាន​ចោមរោម​មើល​ហេតុការណ៍​ផ្ទាល់ បន្ទាប់​ពី​ឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់​លី​ចៅប្រុស​អាយុ​ប្រហែល​២​ឆ្នាំ រត់​ឆ្លេឆ្លា​រលាក់​ចុះឡើង នៅ​ខាង​មុខ​មន្ទីរ​សម្រាក​ព្យាបាល និង​នៅ​ខាង​មុខ​ផ្ទះ​លោក​វេជ្ជបណ្ឌិត​ដែល​បើក​ទ​ទូល​ព្យាបាល​ជំងឺ​នៅ​ក្បែរ​គ្នា​នោះ ស្រែក​សុំ​ឲ្យ​គ្រួ​ពេទ្យ​ជួយ​សង្គ្រោះ​ចៅប្រុស​គាត់​ដែល​លង់ទឹក​ពាង កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា តែ​ត្រូវ​គ្រួ​ពេទ្យ​ទាំង​២​កន្លែង​នេះ បដិសេធ​មិន​ទ​ទូល​សង្គ្រោះ​ឡើយ ដោយ​ជម្រុញ​ឲ្យ​គាត់​បី​ចៅប្រុស​ទៅ​រក​កន្លែង​ផ្សេង ។

សូម​រំលឹក​ថា ជីតា​របស់​កុមា​រា​នោះ​ឈ្មោះ រ៉េ​ត អាយុ​៦០​ឆ្នាំ រីឯ​ចៅប្រុស​ឈ្មោះ ក្រិ​ម ណា​សារ អាយុ​២​ឆ្នាំ នៅ​ភូមិ​អូរ​ដំបង​១ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ។ កុមា​រា​នោះ​លង់ទឹក​ពាង ហើយ​ត្រូវ​ជីតា​ជួយ​ស្រង់​ភ្លាម​ៗ រួច​ជិះ​ម៉ូតូឌុប លី​ចៅ​មក​កាន់​មន្ទីរ​សំរាក​ព្យាបាល​ខាងលើ តែ​ត្រូវ​គ្រួ​ពេទ្យ​បដិសេធ​មិន​ជួយ​សង្គ្រោះ​ទេ ។ គ្រានោះ​គាត់​ក៏​បី​ចៅ​ទៅ​កាន់​ផ្ទះ​លោក​វេជ្ជបណ្ឌិត​ដែល​នៅ​ក្បែរ​នោះ​ទៀត តែ​ត្រូវ​ភរិយា​លោក​វេជ្ជបណ្ឌិត​រូប​នេះ ដេញ​ឲ្យ​ទៅ​មន្ទីរពេទ្យ​ខេត្ត​បន្ត​ទៀត​ដដែល ដោយ​ប្រាប់​ថា ស្វាមី​គាត់​មិន​នៅ និង​គ្មាន​ឧ​បករ​ណ៏​គ្រប់គ្រាន់​សំរាប់​ព្យាបាល ។ ប៉ុន្តែ​ទំនង​ក្មេង​ប្រុស​បាន​ស្លាប់​នា​ពេល​នោះ​បាត់​ទៅ​ហើយ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។

បន្ទាប់​ពី​ផ្ទុះ​នូវ​រឿងរ៉ាវ​នេះ ភ្នាក់ងារ​អ្នក​យក​ព័ត៌មាន​យើង​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​មន្ទីរ​សំរាក​ព្យាបាល​« ហេង​ឈុ​ន​» នេះ​ភ្លាម​ៗ​ដែរ តែ​គ្មាន​អ្នក​លើក​ទូរស័ព្ទ​ឡើយ បើ​ទោះជា​ហៅ​ចូល​ច្រើន​លើក​ក្ដី​។ ប៉ុន្តែ​បើ​តាម​ការ​ស្រង់​សំដី​លោក​ហេង ឈុ​ន ដែល​ជា​ម្ចាស់​មន្ទីរ​សំរាក​ព្យាបាល «​ហេង​ឈុ​ន​» បាន​បំភ្លឺ​ថា «​ពេល​នោះ​លោក​មិន​បាន​នៅទេ មាន​តែ​បុគ្គលិក​ស្រី​ៗ» ។ លោក​ថា «​ពួក​គេ​មិន​ហ៊ាន​ទ​ទូល​កុមា​រា​នោះ​ពីព្រោះ​មើលទៅ​ធ្ងន់ធ្ងរ​ពេក​» ។

លោក ហេង ឈុ​ន ត្រូវ​គេ​ស្រង់​សំដី​ទៀត​ថា កន្លង​មក​មន្ទីរពេទ្យ​ឬ​គ្លី និក​ឯកជន​ដែល​ទ​ទូល​ព្យាបាល​អ្នកជំងឺ​ធ្ងន់​ៗ តែងតែ​រង​គ្រោះ​នូវ​ពេល​អ្នកជំងឺ​ធ្ងន់​ៗ​ស្លាប់​ម្ដង​ៗ ដូច្នេះ​ហើយ ទើប​បុគ្គលិក​របស់​លោក​មិន​ហ៊ាន​ទ​ទូល​កុមា​រា​នោះ ។

ដោយឡែក​ផ្ទះ​លោក​វេជ្ជបណ្ឌិត «​ជា ពៅ​» ដែល​ដាក់​ស្លាក​ទ​ទូល​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​មិន​ថា ចាស់​ឬ​ក្មេង​ឯណោះ​វិញ ក៏​ត្រូវ​បាន​គេ​ស្រង់​សម្ដី​បុគ្គលិក និង​ភរិយា​របស់​លោក​ជា​ពៅ​ដែរ​ថា «​គាត់​បាន​ទ​ទូល​ពិនិត្យ​កុមា​រា​នោះ​មួយ​ភ្លេ​ត​ដែរ តែ​ដោយ​សា្ថ​នភា​ព​ក្មេង​ធ្ងន់ធ្ងរ និង​ខ្វះ​ឧ​បករ​ណ៏​ផង ទើប​គាត់​ប្រ​ញ៉ាប់​ដេញ​ឲ្យ​ជីតា​នាំ​ចៅ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ភ្លាម​ៗ​ដែរ តែ​ក្មេង​ប្រុស​ទំនង​ស្លាប់​បាត់​ហើយ​» ។

ជុំវិញ​សកម្មភាព​គ្រួ​ពេទ្យ​ដែល​គេ​ចោទ​ថា គ្មាន​ចិត្តមេត្តា និង​គ្មាន​សីល​ធ​ម៏​ខាងលើ​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​មន្ត្រី​ពេទ្យ​មួយ​ចំនួន​ប្រតិកម្ម​រិះគន់​យ៉ាង​ខ្លាំង ។ មន្ត្រី​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ម្នាក់​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ទ​ង្វើ​របស់​គ្រួ​ពេទ្យ​នៅ​ក្នុង​គ្លីនិក​ខាងលើ​នេះ​ថា បើ​តាម​ពិនិត្យ​លើ​សកម្មភាព​ជាក់ស្ដែង មន្ទីរ​សំរាក​ព្យាបាល «​ហេង​ឈុ​ន​» នេះ​ត្រូវ​តែ​ទ​ទូល​ខុស​ត្រូវ​ចំពោះ​ក្មេង​ប្រុស​នោះ​។

ព្រោះ អ្នកជំងឺ​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​កន្លែង​សម្រាក​ព្យាបាល​របស់​ខ្លួន​ទៅ ហើយ មិន​គួរ​បដិសេធ​មិន​ទ​ទូល​អ្នកជំងឺ​បែប​នេះ​ទេ ។ រីឯ​ផ្ទះ​លោក​វេជ្ជបណ្ឌិត ជា ពៅ ដែល​ដាក់​ស្លាក​ទ​ទូល​ព្យាបាល​ជំងឺ​វិញ បើ​តាម​មន្ត្រី​រូប​នេះ​បាន​បញ្ជាក់​ថា វា​គ្រាន់តែ​ជាទី​តាំង​សម្រាប់​ពី​គ្រោះ​យោបល់​ជំងឺ​តែ​ប៉ុណ្ណោះ តែបើ​បើក​ទ​ទូល​ព្យាបាល​ជំងឺ​ទូទៅ គឺជា​រឿង​ខុសច្បាប់ ។

ដូច្នេះ មន្ទីរ​សុខាភិបាល​ខេត្ត គួរតែ​ចាត់វិធានការ​អំពី​សំណុំរឿង​នេះ មិន​ត្រូវ​បណ្ដែតបណ្ដោយ​ឲ្យ​បណ្ដា​គ្លីនិក​ឯកជន​នានា ឬ គ្រួ​ពេទ្យ​មួយ​ចំនួន​បើក​ទ​ទូល​ព្យាបាល​អ្នកជំងឺ​ស្រេច​តែ​ចិត្ត គ្មាន​ច្បាប់ទម្លាប់​បែប​នេះ​ទេ ៕