គណបក្ស​ពលករ នៃ​ប្រទេស​អូស្ដ្រាលី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​អ្នកទោសនយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល​

គណបក្ស​ពលករ​នៃ​ប្រទេស​អូស្ដ្រាលី ថ្មីៗ​នេះ​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ដោះលែង​អ្នកទោសនយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល  ព្រមទាំង​គោរព​សិទ្ធិមនុស្ស ក៏ដូចជា​គោលការណ៍​ល​ទ្ធិ​ប្រជាធិបតេយ្យ​ឲ្យ​បាន​ខ្ពស់​។​

លោក ហ្គា​រ៉េត អេ​វ៉ាន់ ម្ចាស់​ពានរង្វាន់​ណូ​ប៊ែ​ល​សន្ដិភាព ជា​អ្នក​ផ្ដួចផ្ដើម ឱ្យមាន​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​កម្ពុជា​ដែលជា​អតីត​រដ្ឋមន្ដ្រីការបរទេស​អូស្ដ្រាលី ហើយ​បច្ចុប្បន្ននេះ​ជា​មា​ជិ​ក​មួយរូប​នៃ​គណបក្ស​ពលករ​នៃ​ប្រទេស​អូស្ដ្រាលី បានរួម​គ្នា​ចេញ​សេចក្ដីថ្លែងការណ៍​មួយ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន ដោះលែង​មន្ដ្រី​គណបក្សជំទាស់ មន្ដ្រី​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​ផ្សេងៗ​ទៀត ដែល​ជាប់គុក​ព្រោះតែ​រឿង​នយោបាយ​។​

សេចក្ដីថ្លែងការណ៍​គណបក្ស​ពលករ នៃ​ប្រទេស​អូស្ដ្រាលី​ដដែល​នេះ​បាន ថ្កោលទោស ចំពោះ​ការប៉ុនប៉ង​បំផ្លាញ​សិទ្ធិ​ប្រជាធិបតេយ្យ​ជា​មូលដ្ឋាន​របស់​មនុស្ស ។ ទន្ទឹមនឹងនេះ គណបក្ស​ពលករ​ប្រទេស​អូស្ដ្រាលី ក៏បាន​សម្ដែង​ការគាំទ្រ​ទាំងស្រុង​ចំពោះ​សេចក្ដីថ្លែងការណ៍​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន ដែល​ផ្ដល់​អនុសាសន៍​មក​កម្ពុ​ជា​ឱ្យ​បញ្ចប់​កំដៅ​នយោបាយ និង​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​រាល់​ស​កម្ម​ធ្វើទុក្ខបុកម្នេញ​លើ​អ្នក​រិះគន់​ខ្លួន ។​

គួរ​បញ្ជាក់ថា លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៦ បាន​សម្តែង​ក្តីសង្ឃឹម​របស់លោក​ថា រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ធានា​ឲ្យ​មាន​ការគោរព​យ៉ាង​ពេញលេញ នូវ​សិទ្ធិមនុស្ស​ទាំងឡាយ​រាប់ទាំង​សេរីភាព​នៃ​ការសម្តែង​មតិ សេរីភាព​ក្នុងការ​បង្កើត​សមាគម និង​សេរីភាព​ក្នុងការ​ជួបប្រជុំ​ជាដើម​។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន បាន​សង្កត់ធ្ងន់ថា​គណ​បក្សនយោបាយ​ធំៗ​ទាំងពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណ​ប្ស​ប្រជាជ​កម្ពុជា ត្រូវ​បន្ត​វប្បធម៌​សន្ទនា ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​កើតមានឡើង​ក្នុងសង្គម​កម្ពុជា​៕

3-prison