បទល្មើស​នាំចូល​ចំណីអាហារ​ខូចគុណភាព គឺជា​ការទទួលខុសត្រូវ​របស់​សមត្ថកិច្ច​កាំកុងត្រូល​តាម​ច្រកព្រំដែន

​ប៉ុន្មាន​ថ្ងៃនេះ​មន្ត្រី​កាំកុងត្រូល​ក្នុង​ខេត្តព្រៃវែង និង​ខេត្តក្រចេះ​ជាដើម បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នៅតាម​ទីផ្សារ ហើយ​រកឃើញ​ទំនិញ​ខូចគុណភាព​និង​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់​ជាដើម ដែល​ទំនិញ​ទាំងនោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​។ ទោះជា​យ៉ាងណា​មជ្ឈដ្ឋាន​នានា​បាន​គាំទ្រ​ថា ការដែល​មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​តាម​ទីផ្សារ គឺជា​រឿង​ត្រឹមត្រូវ​ដើម្បី​កុំ​ឲ្យ​មាន​ទំនិញ​ខូចគុណភាព ទំនិញ​ក្លែងក្លាយ ឬ​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់​ត្រូវបាន​ចែកចាយ​នៅលើ​ទីផ្សារ​។ ក៏ប៉ុន្តែ​បទល្មើស​នាំចូល​ទំនិញ​ខូចគុណភាព ចំណីអាហារ​មាន​ផ្ទុក​សារធាតុ​គីមី​ជាដើម គឺជា​ការទទួលខុសត្រូវ​របស់​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រកព្រំដែន​ដែល​ពុករលួយ​គិតតែ​រឿង​ផលប្រយោជន៍​។

មកដល់ពេលនេះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា បទល្មើស​នាំចូល​សាច់មាន់ សាច់ជ្រូក ប្រហិត​ខូចគុណភាព និង​ទំនិញ​ខូចគុណភាព​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​អ្នកទទួលខុសត្រូវ​ធំជាងគេ គឺ​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រកព្រំដែន​និង​ច្រករបៀង​។ ចំណែក​តាម​ច្រកព្រំដែន​ក្នុងស្រុក​ភ្នំព្រឹក ស្រុក​កំរៀង និង​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បទល្មើស​នាំចូល​ចំណីអាហារ​ខូចគុណភាព សាច់ជ្រូក សាច់មាន់ ឆ្អឹង​មាន់ និង​ប្រហិត​ជាដើម នៅតែ​កើតឡើង​យ៉ាង​រាលដាល​ដោយសារ​មានការ​បើកដៃ​ពី​មន្ត្រី​កាំកុងត្រូល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ដូច្នេះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម គួរពិនិត្យមើល​ភាព​អសកម្ម​របស់​កូនចៅ​ក្រោម​ឱវាទ​ខ្លះ​ផង​ដើម្បី​កុំ​ឲ្យ​ពួកគេ​ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច រួច​បើកដៃ​ឲ្យ​ឈ្មួញ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

មជ្ឈដ្ឋាន​នានា​បាន​លើកឡើងថា ប្រសិនបើ​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រកព្រំដែន​និង​ច្រករបៀង​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន​នោះ គឺ​ឈ្មួញ​ខិលខូច​មិនអាច​នាំចូល​ទំនិញ​ខូចគុណភាព ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់ និង​ចំណីអាហារ​ដែលមាន​ផ្ទុក​សារធាតុ​គីមី​មក​ចែកចាយ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បានឡើយ​។ ការដែល​សមត្ថកិច្ច​តាម​ច្រកព្រំដែន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខូចគុណភាព ឬ​ចំណីអាហារ​មាន​ផ្ទុក​សារធាតុ​គីមី​មក​ចែកចាយ​ពេញទី​ផ្សារ​ប្រទេស​កម្ពុជា រួចហើយ​ទើប​ឃើញ​មាន​មន្ត្រី​កាំកុងត្រូល​ទៅ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​ទាំងនោះ គឺជា​រឿង​គួរ​ឲ្យ​អស់សំណើច​ទៅវិញ​ទេ​។ ដូច្នេះ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ក៏ដូចជា​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម គួរពិនិត្យមើល​ទង្វើរ​បស់​មន្ត្រី​កាំកុងត្រូល​តាម​ច្រកព្រំដែន​ខ្លះ​ផង ព្រោះ​បច្ចុប្បន្ន​ពួកគេ​គិតតែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​៕

Hong-0304 Hong-0307