ដីព្រៃ​លិច​ទឹក​រាប់ពាន់​ហិកតា​ក្នុងស្រុក​ឯក​ភ្នំ ត្រូវគេ​ទន្ទ្រាន​កាន់កាប់​យក​ជា​កម្មសិទ្ធិ​តាម​អំពើ​ចិត្ត​

​ព្រៃ​លិច​ទឹក​តំបន់​៣​ដែលជា​ជម្រក​ត្រី​ពង​កូន​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង កំពុង​ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច កាប់​គាស់​ឈូសឆាយ​ដុតបំផ្លាញ​ទន្ទ្រាន​យក​ដី​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​មេ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង ក៏ដូចជា​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ព្រែក​ត្រប់ និង​ភូមិ​បាក់រទេះ ឃុំ​ព្រែក​នរិន្ទ និង​ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ បាន​ឲ្យ​ដឹងថា​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​ជាប់​បឹង​ទន្លេសាប​ក្នុង​មូលដ្ឋាន​ពួកគាត់ ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់កាប់​អស់​រាប់ពាន់​ហិកតា​។

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​-​ឃុំ​ខាងលើ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សេចក្ដី​វិនាស​នៃ​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន ព្រោះ​មួយ​រយៈពេល​កន្លងទៅនេះ​ឈ្មួញ​មួយចំនួន​បាន​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​ព្រៃ​លិច​ទឹក ហើយ​ដុតបំផ្លាញ​ទន្ទ្រាន​កាន់កាប់​ដី​សម្រាប់​ដាំ​ដំណាំ​ផ្សេងៗ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ព្រែក​ហ្លួង និង​ឃុំ​ព្រែក​នរិន្ទ បាន​ឲ្យ​ដឹងថា​ពួកគាត់​រាយការណ៍​ជា​បន្តបន្ទាប់​ទៅ​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​មន្ត្រីរដ្ឋបាល​ជលផល​ផងដែរ ប៉ុន្តែ​គេ​មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​ឡើយ​។ បច្ចុប្បន្ន​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣​រាប់ពាន់​ហិកតា​ត្រូវ​ឈ្មួញ​ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ជនល្មើស​ខ្លះ​បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅពេល​យប់ ក្នុងខណៈដែល​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

ដោយសារ​ព្រួយបារម្ភ​ពី​ការវិនាសហិនហោច​ដីព្រៃ​លិច​ទឹក​តំបន់​៣​រាប់ពាន់​ហិកតា​នៅ​ស្រុក​ឯក​ភ្នំ ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា គិត​ចាប់ពី​អំឡុង​ខែមីនា រហូតមកដល់​ពេលនេះ​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣​នៅ​ឃុំ​ព្រែក​នរិន្ទ និង​ឃុំ​ព្រែក​ហ្លួង រាប់ពាន់​ហិកតា​ត្រូវបាន​គេ​ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​រួចជាស្រេច​។ បញ្ហា​នេះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជម្រក​ត្រី​ពង​កូន​នៅក្នុង​រដូវវស្សា​ខាងមុខ​នេះហើយ ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ​នៅ​រដូវប្រាំង​ទៀតផង​។ ដូច្នេះ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ហើយ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ទប់ស្កាត់​ផងដែរ ព្រោះ​ព្រៃ​លិច​ទឹក​រាប់ពាន់​ហិកតា​ត្រូវបាន​វិនាស​រួចទៅហើយ​៕

index2 32 14