កម្មវិធី មុខរបរ​ខ្ញុំ របស់ ភីអិនអិន ឈាន​ដល់​សប្តាហ៍​ចុង​ក្រោយ

កម្មវិធី​ជីវិត​ពិត មុខរបរ​ខ្ញុំ ឬ My Place របស់​ស្ថានីយទូរទស្សន៍ ភីអិនអិន បាន​ឈាន​ដល់​សប្តាហ៍​ចុង​ក្រោយ​របស់​ខ្លួន​ហើយ ក្រោយ​ចំណាយ​ពេល​ប្រមាណ ១៣​សប្ដាហ៍​ពេញ​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​ច្រើន​វិញ្ញាសា ឈាន​ដល់​ការ​ជម្រុះ​បេក្ខជន​ដល់​ទៅ​១០​រូប​ចេញពី​កម្មវិធី។

 

សប្តាហ៍​នេះ ជា​សប្តាហ៍​ចុង​ក្រោយ​នៃ​កម្មវិធី មុខរបរ​ខ្ញុំ ខណៈ​បេក្ខជន​ប្រជែង​ចុង​ក្រោយ​សល់​តែ​៣​រូប​ប៉ុណ្ណោះ ក្នុង​នោះ បេក្ខនារី ម៉ូណា វ័យ​៣៥ មក​ពី​រាជធានី​ភ្នំពេញ, បេក្ខជន ប៊ុនលាភ វ័យ ២៨ឆ្នាំ មក​ពី​រាជធានី​ភ្នំពេញ និង​បេក្ខនារី ធាវី វ័យ​២៤​ឆ្នាំ មកពី​ខេត្ត​កណ្តាល។

 

កម្មវិធី មុខរបរ​ខ្ញុំ របស់ ភីអិនអិន ឈាន​ដល់​សប្តាហ៍​ចុង​ក្រោយ

 

បេក្ខជន​នៅ​សល់​៣​រូប​នេះ បាន​ចំណាយពេល​១៣​សប្តាហ៍​ពេញ​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​មិត្ត​រួម​ក្រុម​១០​រូប​ផ្សេង​ទៀត បើក​ដំណើរការ​អាជីវកម្ម​ភោជនីយដ្ឋាន​ថ្មី សិក្សា​ពី​របៀប​បើក​ធ្វើ​អាជីវកម្ម​ប្រកប​ដោយ​ជោគជ័យ ក៏​ដូចជា​ការ​បង្កើត​មុខរបរ​ក្នុង​ស្រុក​មួយ​ចំនួន​ផ្សេង​ផង​ដែរ។

 

ក្នុង​សប្តាហ៍​ចុង​ក្រោយ​នេះ បេក្ខជន​ទាំង​៣​រូប បាន​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​ក្នុង​ការ​បង្កើត​មុខ​របរ​តូច​មួយ​រៀងៗ​ខ្លួន​នៅ​តាម​ទីផ្សារ ផ្តោត​ទៅ​លើ​អតិថិជន ជា​សិស្ស និង​និសិត្ស ជាមួយ​ដើម​ទុន ៥០​ម៉ឺន​រៀល។ កម្មវិធី​បាន​ជ្រើស​យក​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជា​កន្លែង​សម្រាប់​កាត់​ក្តី​ក្នុង​វិញ្ញាសា​ចុង​ក្រោយ​នេះ។

 

កម្មវិធី មុខរបរ​ខ្ញុំ របស់ ភីអិនអិន ឈាន​ដល់​សប្តាហ៍​ចុង​ក្រោយ

 

លក្ខន្តិកៈ​សម្រាប់​បេក្ខជន​ទាំង​៣​រូប គឺ​ធ្វើ​យ៉ាង​ណា​ជំរុញ​ផលិតផល​របស់​ពួកគេ​ក្នុង​ទីផ្សារ​ដែល​មាន​អតិថិជន​ជា​និសិត្ស ដើម្បី​ទទួល​បាន​ការ​បោះឆ្នោត​ពី​ពួកគេ។ អ្នក​ឯកទេស​ជំនួញ​៤​រូប មក​ពី​ស្ថាប័ន​ផ្សេងៗ​គ្នា ក៏​នឹង​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ចុង​ក្រោយ​នេះ​ដូចគ្នា រួម​ទាំង​វាយ​តម្លៃ​ទាំង​ប្រសិទ្ធភាព​នៃ​ផលិតកម្ម​ក្នុង​មុខរបរ​ពួកគេ ខណៈ​អ្វី​ដែល​ពិសេស​បំផុត គឺ​ថា​ពួកគេ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ប៉ុន្មាន​សម្រាប់​មុខរបរ​មួយ​នេះ។

 

លក្ខន្តិកៈ​ទាំង​៣​ខាង​លើ នឹង​ក្លាយ​ជា​ចំណុច​ស្នូល​សម្រាប់​ការ​វាយ​តម្លៃ​ជ្រើស​យក​ជយលាភី​តែ​ម្នាក់​គត់​សម្រាប់​កម្មវិធី មុខរបរ​ខ្ញុំ ឬ My Place របស់ ភីអិនអិន។

 

កម្មវិធី មុខរបរ​ខ្ញុំ របស់ ភីអិនអិន ឈាន​ដល់​សប្តាហ៍​ចុង​ក្រោយ

 

រដូវ​កាល​ទី​១​នៃ​កម្មវិធី​នេះ នឹង​បញ្ចប់​ទៅ​នា​ថ្ងៃ​សុក្រ ទី​១៧ ខែ​មិថុនា សប្តាហ៍​នេះ ខណៈ​ជយលាភី នឹង​ទទួល​បាន​ពាន រួម​ជាមួយ​ប្រាក់​រង្វាន់ ២០​លាន​រៀល​ពី​កម្មវិធី​ក្នុង​ថ្ងៃ​ជាមួយគ្នា​នេះ​តែ​ម្ដង។ សូម​កុំ​ភ្លេច​រង់ចាំ​ទស្សនា​កម្មវិធី មុខរបរ​ខ្ញុំ ដែល​មាន​ផ្សាយ​ជូន​ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ក្នុង​ម៉ោង​មាស​ពី​ម៉ោង ៨៖០០ ដល់​ម៉ោង ៨៖៣០​នាទី​យប់​លើ​កញ្ចក់​ទូរទស្សន៍ ភីអិនអិន៕

 

អត្ថបទ៖ ពាណិជ្ជកម្ម