កម្មវិធី មុខរបរខ្ញុំ របស់ ភីអិនអិន ឈានដល់សប្តាហ៍ចុងក្រោយ

ភ្នំពេញ៖ កម្មវិធីជីវិតពិត មុខរបរខ្ញុំ ឬ My Place របស់ស្ថានីយទូរទស្សន៍ ភីអិនអីន បានឈានដល់សប្តាហ៍ចុងក្រោយរបស់ខ្លួនហើយ ក្រោយចំណាយពេលប្រមាណ ១៣សប្តាហ៍ពេញ ក្នុងការប្រកួតប្រជែងជាច្រើនវិញ្ញាសារ ឈានដល់ការជម្រុះបេក្ខជនដល់ទៅ១០រូបចេញពីកម្មវិធី។

សប្តាហ៍នេះ ជាសប្តាហ៍ចុងក្រោយ នៃកម្មវិធី មុខរបរខ្ញុំ ខណៈបេក្ខជនប្រជែង ចុងក្រោយ សល់តែ៣រូបប៉ុណ្ណោះ ក្នុងនោះ បេក្ខនារី ម៉ូណា វ័យ៣៥ មកពីរាជធានីភ្នំពេញ, បេក្ខជន ប៊ុនលាភ វ័យ ២៨ឆ្នាំ មកពីរាជធានីភ្នំពេញដូចគ្នា និងបេក្ខនារី ធាវី វ័យ២៤ឆ្នាំ មកពីខេត្តកណ្តាល។
បេក្ខជននៅសល់ ៣រូបនេះបានចំណាយពេល ១៣សប្តាហ៍ពេញ ក្នុងការប្រកួតប្រជែងជាមួយ មិត្តរួមក្រុម១០រូបផ្សេងទៀត បើកដំណើរការអាជីវកម្មភោជនីយដ្ឋានថ្មី សិក្សារពីពីរបៀបបើក ធ្វើអាជីវកម្មប្រកបដោយជោគជ័យ ក៏ដូចជាការបង្កើតមុខរបរក្នុង ស្រុកមួយចំនួនផ្សេងផងដែរ។
ក្នុងសប្តាហ៍ចុងក្រោយនេះ បេក្ខជនទាំងបីរូប បានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ក្នុងការបង្កើតមុខរបរតូចមួយរាងៗខ្លួន នៅតាមទីផ្សារ ផ្តោតទៅលើអតិថិជន ជាសិស្ស និងនិសិត្ស ជាមួយដើមទុន ៥០ម៉ឺនរៀន។
ពីកម្មវិធីបានជ្រើសយក សកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាកន្លែងសម្រាប់កាត់ក្តីក្នុង វិញ្ញាសារចុងក្រោយនេះ។
លក្ខន្តិកៈសម្រាប់បេក្ខជនទាំង៣រូប គឺធ្វើយ៉ាងណា ជម្រុញផលិតផលរបស់ពួកគេក្នុងទីផ្សារដែលមានអតិថិជន ជានិសិត្ស ដើម្បីទទួលបានការបោះឆ្នោតពីពួកគេ។ អ្នកឯកទេសជំនួញ៤រូប មកពីស្ថាប័នផ្សេងៗគ្នា ក៏នឹងចូលរួមក្នុងការបោះឆ្នោតចុងក្រោយនេះដូចគ្នា រួមទាំងវាយតម្លៃទាំងប្រសិទ្ធភាពនៃផលិតកម្មក្នុង មុខរបរពួកគេ ខណៈអ្វីដែលពិសេសបំផុត គឺថាពួកគេអាចទទួលបានប្រាក់ចំណេញ ប៉ុន្មានសម្រាប់មុខរបរមួយនេះ។

លក្ខន្តិកៈទាំង៣ខាងលើ នឹងក្លាយជាចំណុចស្នូល សម្រាប់ការវាយតម្លៃជ្រើសយកជយលាភី តែម្នាក់គត់សម្រាប់កម្មវិធី មុខរបរខ្ញុំ ឬ My Place របស់ ភីអិនអិន។ រដូវកាលទី១នៃកម្មវិធីនេះ នឹងបញ្ចប់ទៅនាថ្ងៃសុក្រ ទី១៧ ខែមិថុនា សប្តាហ៍នេះ ខណៈជ័យលាភី នឹងទទួលបានពាន រួមជាមួយប្រាក់រង្វាន់ ២០លានរៀលពីកម្មវិធីក្នុង ថ្ងៃជាមួយគ្នានេះតែម្តង។ សូមកុំភ្លេចរង់ចាំទស្សនា កម្មវិធី មុខរបរខ្ញុំ របស់ស្ថានីយទូរទស្សន៍ ភីអិនអិន ដែលមានផ្សាយជូនពីថ្ងៃ ច័ន្ទ ដល់ថ្ងៃ សុក្រ ក្នុងម៉ោងមាស ពីម៉ោង ០៨៖០០ ដល់ម៉ោង ០៨៖៣០នាទីយប់ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload