ជនអន្តោប្រវេសន៍​34​នាក់​រក​ឃើញ​ស្លាប់​លើ​វាល​ខ្សាច់​ប្រទេស​នី​ហ្សេ

ជនអន្តោប្រវេសន៍​៣៤​នាក់ ក្នុង​នោះ​មាន​កុមារ​២០​នាក់​រក​ឃើញ​ស្លាប់​កាលពី​ស​ប្តា​ហ៍​មុន​ក្នុង​តំបន់​វាល​ខ្សាច់​ប្រទេស​នី​ហ្សេ ពេល​ពួក​គេ​ប៉ុនប៉ង​ផ្សងព្រេង​មក​កាន់​ប្រទេស​អាល់​ហ្សេ​រី​ជិតខាង ។

ក្រសួងមហាផ្ទៃ​នី​ហ្សេ​ក្នុង​សេចក្តី​ប្រកាស​មួយគូ​សបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៥ មិថុនា ថា មនុស្ស​៣៤​នាក់ ក្នុង​នោះ​មាន​បុរស​៥​នាក់ នារី​៩​នាក់ និង​កុមារ​២០​នាក់ បាន​ស្លាប់​ពេល​ពួក​គេ​ធ្វើ​ដំណើរ​កាត់​វាល​ខ្សាច់ ។ ពួក​គេ​ប្រហែលជា​ស្លាប់​ដោយ​ដាច់​ទឹក រួច​សាកសព​ពួក​គេ​បាន​រក​ឃើញ​នៅ​ជិត ASSAMAKA ជា​ប៉ុស្តិ៍​ព្រំដែន​មួយ​រវាង​នី​ហ្សេ និង​អាល់​ហ្សេរី ។

យោង​តាម​អង្គការ​អន្តរជាតិ​ទទួល​បន្ទុក​ខាង​អន្តោប្រវេសន៍ OIM ថា នី​ហ្សេ​ជា​ផ្លូវ​ឆ្លងកាត់​មួយ​ក្នុង​ចំណោម​ផ្លូវ​ឆ្លងកាត់​របស់​ពួក​អន្តោប្រវេសន៍​ឆ្ពោះ​មក​កាន់​សហភាព​អឺរ៉ុប ពិសេស​មក​កាន់​អុ​ី​តា​លី ។ ៦០%​នៃ​ពួក​អ្នក​មក​កាន់​អឺរ៉ុប​កាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ជា​អ្នក​មក​កាត់​តាម​ប្រទេស​នី​ហ្សេ ។

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជនអន្តោប្រវេសន៍​ជា​ច្រើន​ពាន់​នាក់​បាន​មក​ដល់​អាល់​ហ្សេ​រី ដោយ​លួចលាក់ ពិសេស​មក​ពី​ម៉ា​លី និង​នី​ហ្សេ​មាន​ព្រំដែន​ជាប់​អាល់​ហ្សេ​រី ៕