ពលរដ្ឋ​ថា​ភ្លើង​ឆេះ​ព្រៃ​លិច​​ទឹក​នៅ​តំបន់​បឹង​ទន្លេ​សាប​ខេត្ត​បាត់ដំបង​កើត​មាន​ស្ទើរ​រាល់​ថ្ងៃ

សហគមន៍​នេសាទ​​នៅ​ស្រុក​ឯកភ្នំ អះអាង​ថា ភ្លើង​ឆេះ​ព្រៃលិចទឹក​​នៅ​តំបន់​ស្នូល​ជាប់​បឹង​​ទន្លេសាប ខេត្ត​បាត់ដំបង កើត​មាន​ស្ទើរ​រៀងរាល់​ថ្ងៃ ហើយ​ធ្វើ​ឲ្យ​​ហិនហោច​ព្រៃ​រាប់ពាន់​ហិកតារ។ អ្នក​ស្រុក​បញ្ជាក់​ថា មូលហេតុ​ដែល​ភ្លើង​ឆេះ​ព្រៃ​កាន់​តែ​ច្រើន​ ដោយសារ​​សមត្ថកិច្ច​ជំនាញ​​​ហាមឃាត់​​​​មិន​ឲ្យ​ពួកគាត់​ចូល​ទៅ​ជួយ​ពន្លត់​ភ្លើង។ ប៉ុន្តែ​នាយក​តំបន់​ស្នូល​បឹង​ទន្លេសាប បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

​​​​​​​​ប្រជា​សហគមន៍​នេសាទ​នៅ​តំបន់​ព្រៃ​លិចទឹក ស្រុក​ឯកភ្នំ ព្រួយ​បារម្ភ​ខ្លាច​ហិនហោច​​ព្រៃ​​ទី​​ជម្រក​ជីវចម្រុះ​ក្នុង​ពេល​ខាង​មុខ​ ដោយសារ​ភ្លើង​ឆេះ​​​​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អាច​ទប់ស្កាត់​បាន។

ប្រធាន​សហគមន៍​នេសាទ​​ភូមិ​អន្លង់តាអួរ ​ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ ​លោក ជា សារឹន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ថា​ភ្លើង​ឆេះ​ព្រៃ​លិចទឹក​នៅ​តំបន់​​ស្នូល​ជាប់​បឹង​ទន្លេសាប ខេត្ត​បាត់ដំបង កើត​មាន​រៀងរាល់​ថ្ងៃ ចំណែក​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្មាន​វិធាន​ទប់ស្កាត់​ ដើម្បី​ពន្លត់​ភ្លើង​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើយ។

លោក​អះអាង​ថា​ ពលរដ្ឋ​ជា​ច្រើន​នាក់​ព្យាយាម​ទៅ​ជួយ​ពន្លត់​ភ្លើង​សមត្ថកិច្ច​ដែរ ប៉ុន្តែ​មន្ត្រី​ជំនាញ​គ្រប់គ្រង​នៅ​តំបន់​នោះ​ មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​ចូល​ទៅ​ជួយ​ពន្លត់​ ទើប​​បណ្ដាល​ឲ្យ​ភ្លើង​កាន់​តែ​ឆេះ​រាល​ខ្លាំង​ឡើង៖ «បើ​កាល​ណា​មាន​អ្នក​ធ្វើ​ការ ឬ​សហគមន៍​ចូល​ទៅ​គេ​មិន​ចូល​ទេ ព្រោះ​យើង​មាន​ដាក់​កាមេរ៉ា​ថតរូប​ជាប់​ខ្លួន ដូច្នោះ​​គេ​ខ្លាច​​ពួក​ខ្ញុំ​ដឹង​រឿង​ច្រើន បាន​ជា​គេ​មិន​ឲ្យ​ពួក​ខ្ញុំ​ចូល​ទៅ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ នាយក​គ្រប់គ្រង​ព្រៃ​លិចទឹក​តំបន់​ស្នូល​បឹង​ទន្លេសាប​ខេត្ត​បាត់ដំបង​ លោក ឡុង ខេង មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា​ ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​តំបន់​ស្នូល​ពិត​ជា​កើត​មាន​ប្រាកដ​មែន ប៉ុន្តែ​លោក​អះអាង​ថា សមត្ថកិច្ច​ជំនាញ​ពុំ​បាន​ហាម​ឃាត់​ប្រជា​ពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​ជួយ​ពន្លត់​ភ្លើង​ដូច​ការ​ចោទ​ប្រកាន់​ឡើយ៖ «អ្នក​និយាយ​គឺ​បំផ្លើស​ការ​ពិត​តែម្ដង។ តាម​ពិត​យើង​ចង់​ឲ្យ​តែ​ប្រជាពលរដ្ឋ​ចូល​ទៅ​ជួយ​ ដោយ​ថែម​ទាំង​ឲ្យ​ប្រាក់​ពួកគាត់​ម្នាក់ ៨​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ទៀត​ផង»

លោក ឡុង ខេង បន្ថែម​ថា​ លោក​មាន​ការ​អន់​ចិត្ត​ជា​ខ្លាំង​​ចំពោះ​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​​មូលដ្ឋាន​ដែល​មិន​បាន​ជួយ​សហការ​ពន្លត់​ភ្លើង​ឲ្យ​បាន​​ទាន់​ពេល​វេលា។ លោក​បន្ត​ថា សមត្ថកិច្ច​​កំពុង​​រៀប​កម្លាំង​ទប់ស្កាត់​ភ្លើង​ដើម្បី​កាន់​បន្ថយ​​កុំ​ឲ្យ​ឆេះ​រាលដាល​មុខ​ទៀត។

មន្ត្រី​សម្របសម្រួល​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល ជុំ​វិញ​បឹង​ទន្លេសាប​ អ្នកស្រី នូ សារឹម មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​រួម​គ្នា​​ជួយ​ពន្លត់​ភ្លើង​ព្រៃលិចទឹក​​ឲ្យ​បាន​ល្អ ទើប​អាច​ទប់ស្កាត់​ភ្លើង​ឆេះ​រាល​ដាល​ទៅ​បាន។

អ្នកស្រី​ពន្យល់​ថា​ ប្រសិន​បើ​សមត្ថកិច្ច​ពាក់ព័ន្ធ​ខ្វះ​ការ​សាមគ្គី​គ្នា​ នោះ​ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប​នឹង​ហិនហោច​ក្នុង​ពេល​ឆាប់ៗ៖ «កន្លង​មក​យើង​ឃើញ​អាជ្ញាធរ​នៅ​តំបន់​ព្រៃ​លិច​ទឹក ដូចជា មេ​ឃុំ​ជា​ដើម បាន​ទៅ​ជួយ​ពន្លត់​ភ្លើង​ដែរ ប៉ុន្តែ​កម្លាំង​ភ្លើង​ឆេះ​ធំធេង​ពេក។ ចំណែក​ឯ​​សមត្ថកិច្ច​ខ្វះ​សម្ភារៈ​ក្នុង​ការ​ពន្លត់​ភ្លើង​ព្រៃ ដោយ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ទឹក​ភ្លៀង​ទើប​អាច​ជួយ​ពន្លត់​ភ្លើង​បាន»

អ្នកស្រី​កត់សំគាល់​​ថា ភ្លើង​ឆេះ​​ព្រៃ​ភាគ​ច្រើន​​បណ្ដាល​មក​ពី​ប្រជាពលរដ្ឋ​ទៅ​រក​ឃ្មុំ ហើយ​បោះ​គប់ភ្លើង​ចោល​ដោយ​មិន​បាន​ពន្លត់​ឲ្យ​បាន​ត្រឹមត្រូវ។

របាយការណ៍​​នាយក​ព្រៃ​លិច​ទឹក​តំបន់​ស្នូល​ បង្ហាញ​ថា ចាប់​ពី​ដើម​ឆ្នាំ​២០១៦ មក​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​តំបន់​នេះ អស់​ជាង ៧​ពាន់​ហិកតារ​ក្នុង​ចំណោម​ផ្ទៃ​ដី​សរុប​ជាង ២​ម៉ឺន​១ពាន់​ហិកតារ (២១.៣៤២)។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ភ្លើង​ឆេះ​ព្រៃ​នៅ​​មិន​ទាន់​រលត់​នៅ​ឡើយ​ ហើយ​​អាច​នឹង​លេប​ត្របាក់​ធ្វើ​ឲ្យ​ហិនហោច​ព្រៃ​តំបន់​នោះ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។