ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​និង​សហគមន៍​កសិករ​បារម្ភ​ខ្លាច​បាត់បង់​ទីផ្សារ​សហភាព​អឺរ៉ុប

កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា លោក​មិន​ខ្លាច​ការ​គំរាម​ផ្ដាច់​ជំនួយ​របស់​បរទេស​ឡើយ ព្រោះ​វា​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រដ្ឋាភិបាល​របស់​លោក​នោះ​ទេ។ ទោះ​បី​ជា​លោក​មិន​បាន​និយាយ​ចំៗ​ថា រដ្ឋាភិបាល​បរទេស​មួយ​ណា​ក្ដី ក៏​គេ​ដឹង​ជាទូទៅ​ថា លោក​សំដៅ​ដល់​សហភាព​អឺរ៉ុប។ ករណី​នេះ ក្រុមហ៊ុន​នាំ​អង្ករ និង​កសិករ​យល់​ថា ការ​លើក​ឡើង​នេះ អាច​នឹង​ប៉ះពាល់​ដល់​ទីផ្សារ​អង្ករ​របស់​កម្ពុជា។

ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​សហគមន៍​កសិករ ចាត់​ទុក​សហភាព​អឺរ៉ុប គឺ​ជា​ទីផ្សារ​នាំ​ចេញ​អង្ករ​ដ៏​សំខាន់​របស់​កម្ពុជា។ ទន្ទឹម​គ្នា​នេះ ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​សហគមន៍​កសិករ​យល់​ថា ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អាច​នឹង​ប៉ះពាល់​ដល់​ទីផ្សារ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ស្រប​ពេល​ដែល​វិស័យ​ស្រូវ​អង្ករ​កម្ពុជា កំពុង​មាន​វិបត្តិ។

ករណី​នេះ តំណាង​សហគមន៍​កសិករ និង​ជា​តំណាង​កសិករ​ឆ្នើម​ទូទាំង​ប្រទេស លោក ស៊ឹម រ៉ុម យល់​ថា ក្រោយ​មាន​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​អះអាង​ថា លោក​មិន​ខ្លាច​ការ​គំរាម​ផ្ដាច់​ជំនួយ​របស់​បរទេស ព្រោះ​វា​នឹង​មិន​ប៉ះពាល់​ដល់​រដ្ឋាភិបាល​របស់​លោក​នោះ គឺ​ជា​ការ​បង្ហាញ​ពី​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ចំពោះ​កសិករ​កម្ពុជា។ លោក​ថា កន្លង​មក សហភាព​អឺរ៉ុប បាន​ផ្តល់​ជំនួយ​ជាច្រើន​ដូចជា ថវិកា ធនធាន និង​បច្ចេកទេស​កសិកម្ម​ដល់​កសិករ​កម្ពុជា តាម​រយៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ និង​ជំរុញ​ឲ្យ​ការ​ផលិត​ស្រូវ​អង្ករ​របស់​កម្ពុជា កាន់​តែ​មាន​គុណភាព​ប្រសើរ​ឡើង។

តំណាង​សហគមន៍​កសិករ​រូប​នេះ ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ បញ្ចប់​បញ្ហា​នយោបាយ​ដែល​កំពុង​តែ​តានតឹង​ជា​បន្ទាន់ ហើយ​គួរ​ងាក​មក​ជំរុញ​វិស័យ​កសិកម្ម​កម្ពុជា ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​វិញ៖ «បើ​តាម​ខ្ញុំ​យល់​រឿង​ផ្តាច់​ជំនួយ វា​មិន​ប៉ះពាល់​តែ​គ្រួសារ​គាត់ និង​អ្នក​មាន​នៅ​ទីក្រុង​ភ្នំពេញ​នោះ​ទេ គឺ​វា​ប៉ះពាល់​ខ្លាំង​តែ​ពលរដ្ឋ​ជា​កសិករ ព្រោះ​អង្គការ​ក្រៅ​រដ្ឋាភិបាល​គាត់​បាន​ជំនួយ​ពី​សហភាព​អឺរ៉ុប មក​បណ្តុះបណ្តាល​បច្ចេកទេស​កសិកម្ម​ជូន​កសិករ ចឹង​បើ​អត់​គាត់ បាន​អី​ធ្វើ​ទៀត បាន​អី​បង្រៀន​ប្រជាពលរដ្ឋ។ ចឹង​អ្នក​ប៉ះពាល់​ខ្លាំង គឺ​ពលរដ្ឋ​នោះ​ហើយ»

ទន្ទឹម​គ្នា​នេះ អគ្គនាយក​ក្រុមហ៊ុន អេមរុ រ៉ាយ (AMRU RICE) ដែល​ជា​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ដ៏​ធំ​មួយ​របស់​កម្ពុជា លោក សុង សារ៉ន បារម្ភ​ថា ការ​លើក​ឡើង​នេះ អាច​នឹង​ប៉ះពាល់​ដល់​ទីផ្សារ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា។ លោក​ថា កន្លង​មក សហភាព​អឺរ៉ុប ក៏​បាន​ជួយ​កសាង​កេរ្តិ៍​ឈ្មោះ​អង្ករ​កម្ពុជា ជួយ​រក្សា​តម្លៃ​ស្រូវ​កសិករ​ឲ្យ​មាន​ស្ថិរភាព ពិសេស​រក្សា​តំណែង​អង្ករ​ក្រអូប​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ទីផ្សារ​នាំ​ចេញ​អង្ករ និង​ជួយ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ៖ «ជំនួយ​កសិកម្ម​របស់​សហភាព​អឺរ៉ុប គឺ​គាត់​ជួយ​ពង្រឹង​កសិករ ជួយ​ទីផ្សារ បង្កើន​ស្តង់ដារ​គុណភាព​អង្ករ ជួយ​ឲ្យ​កម្ពុជា មាន​ឱកាស​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ពិភពលោក។ ចឹង​បើ​តាម​ខ្ញុំ​ដឹង ថវិកា និង​បច្ចេកទេស​អឺរ៉ុប បាន​ជួយ​កម្ពុជា យើង​ច្រើន​ណាស់»

កសិករ​ស្ទូង​ស្រូវ តាកែវ ៦១០
ប្រជា​កសិករ​កំពុង​ស្ទូង​ស្រូវ ក្នុង​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៣។ RFA/Ouk Savborey


អគ្គនាយក​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​រូប​នេះ ចង់​ឃើញ​ស្ថានភាព​នយោបាយ​ប្រសើរ​ឡើង ដើម្បី​ជួយ​សង្គ្រោះ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា គេច​ចេញ​ពី​ការ​ដួល​រលំ៖ «យើង​អ្នក​រក​ស៊ី យើង​ចង់​ឃើញ​តែ​ស្ថានភាព​នយោបាយ​ល្អ​ប្រសើរ។ វា​ងាយ​ប៉ះពាល់​ខ្លាំង​បើ​សិន​ជា​យើង​បាត់​ទីផ្សារ​អឺរ៉ុប។ វា​នឹង​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​ស្រូវ​អង្ករ​យើង។ ចឹង​សង្ឃឹម​ថា ស្ថានភាព​នយោបាយ​នឹង​ប្រសើរ​ឡើង ហើយ​មិន​ឈាន​ទៅ​ដល់​ការ​ផ្តាច់​ជំនួយ​របស់​អឺរ៉ុប នោះ​ឡើយ»

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សម្ពោធ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ស្រាវជ្រាវ​វិថី​សូត្រ​សមុទ្រ ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​ចិន កាល​ពី​ពេល​ថ្មី​នេះ លោក ហ៊ុន សែន បាន​ចំអក​ទៅ​រដ្ឋាភិបាល​បរទេស​ដែល​គេ​ដឹង​ជាទូទៅ​ថា លោក​សំដៅ​ដល់​សហភាព​អឺរ៉ុប នោះ ថា​ប្រសិន​បើ​ផ្ដាច់​ជំនួយ​មែន លោក​ក៏​មិន​ខ្លាច​ដែរ ព្រោះ​ចំណាត់​ការ​នោះ​នឹង​ប៉ះពាល់​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ទទួល​បាន​ជំនួយ​ពី​ប្រទេស​នោះ​ប៉ុណ្ណោះ មិន​មែន​ប៉ះពាល់​ដល់​រដ្ឋាភិបាល​របស់​លោក​នោះ​ឡើយ៖ «កាល​ពី​ឆ្នាំ​ណា​នោះ ខ្ញុំ​គំរាម​ថា ម៉េច​ក៏​មិន​កាត់ (ជំនួយ)? បើ​ប្រកាស​ថា​កាត់​ហើយ កាត់​ទៅ! ក៏ប៉ុន្តែ​គាត់​មិន​កាត់​ទេ។ អ្នក​ដែល​ងាប់​មុន​គេ គឺ​អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​ណា​ដែល​ធ្វើ​ការ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល ស៊ី​ប្រាក់​ខែ​អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​ហ្នឹង​ងាប់​មុន​គេ ព្រោះ​គេ​មាន​ដែល​ផ្ដល់​មក​ឲ្យ​រដ្ឋាភិបាល​ពី​អង្កាល់ គេ​ផ្ដល់​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទេ​តើ! ដល់​ពេល​ងាប់ អ្នក​កំពុង​មាន​ការងារ​ធ្វើ ស៊ី​ប្រាក់​ខែ​រាប់​រយ ស៊ី​ប្រាក់​ខែ​ដល់​ពាន់។ ទៅ! ទៅ​ងាប់​ទៅ! នែ! កុំ​មក​គំរាម​លេងៗ​ណា៎»

ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​ឡើង​បន្ទាប់​ពី​សភា​សហភាព​អឺរ៉ុប បាន​អនុម័ត​សេចក្តី​សម្រេច​មួយ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា ដោយ​ព្រមាន​ពិចារណា​លើ​ជំនួយ​អភិវឌ្ឍន៍​ផ្តល់​ដល់​កម្ពុជា ប្រសិន​បើ​មិន​មាន​ការ​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង​នោះ​ទេ។

របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​បំពេញ​បែបបទ​នាំ​ចេញ​អង្ករ បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៥ កម្ពុជា បាន​នាំ​ចេញ​អង្ករ​ចំនួន​ជាង ៥៣​ម៉ឺន​តោន (៥៣៨.៣៩៦​តោន) ក្នុង​នោះ​ទីផ្សារ​អង្ករ​ក្រអូប​កម្ពុជា បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ប្រមាណ ៥០%។ ជាង​នេះ​ទៀត សហភាព​អឺរ៉ុប មិន​ត្រឹម​តែ​ជួយ​ជា​ជំនួយ​ថវិកា ធនធាន និង​បច្ចេកទេស​ដល់​កម្ពុជា ប៉ុណ្ណោះ​ទេ។ កន្លង​មក កម្ពុជា ក៏​ទទួល​បាន​ការ​អនុគ្រោះ​របាំង​ពន្ធ​គយ ដោយសារ​គោល​នយោបាយ​របស់​អឺរ៉ុប ស្ដីពី​ការ​នាំ​ចូល​គ្រប់​ទំនិញ លើក​លែង​តែ​អាវុធ​សម្រាប់​ប្រទេស​ក្រីក្រ។ នៅ​ក្រោម​គោល​នយោបាយ​នេះ កម្ពុជា អាច​នាំ​ចេញ​អង្ករ​ទៅ​អឺរ៉ុប ដោយ​មិន​ជាប់​ពន្ធ​គយ​នោះ​ឡើយ។

វិស័យ​កសិកម្ម​បាន​រួម​ចំណែក​ប្រមាណ ២៦% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក។ ជាង​នេះ ប្រជាជន ៨៥% រស់នៅ​ជនបទ ក្នុង​នោះ​ប្រជាជន ៦០% កំពុង​ប្រកប​របរ​កសិកម្ម ហើយ​មេ​គ្រួសារ​នៃ​គ្រួសារ​ក្រីក្រ​ជា​កសិករ​មាន​រហូត​ដល់ ៧៥%។ ដូច្នេះ សហគមន៍​កសិករ​យល់​ថា បើ​សហភាព​អឺរ៉ុប ផ្តាច់​ជំនួយ ឬ​សម្រេច​ដាក់​ទណ្ឌកម្ម​មិន​ឲ្យ​កម្ពុជា នាំ​ចូល​ទំនិញ ឬ​អង្ករ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប មែន​នោះ នឹង​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​កសិកម្ម​កាន់​តែ​ក្រ​ទៅៗ ព្រម​ទាំង​មិន​អាច​សម្រេច​ទិសដៅ​របស់​រដ្ឋាភិបាល ដែល​ចង់​លុប​បំបាត់​ភាព​អត់​ឃ្លាន​ឲ្យ​បាន​ត្រឹម ១០០% នៅ​ទូទាំង​ប្រទេស​ត្រឹម​ឆ្នាំ​២០២៥ នោះ​ឡើយ។ ជាង​នេះ​ទៀត ក៏​មិន​អាច​ជំរុញ​ឲ្យ​កម្ពុជា ឈាន​ទៅ​សម្រេច​គោលដៅ​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឲ្យ​បាន ១​លាន​តោន​ក្នុង​មួយ​ឆ្នាំ។

បើ​ទោះ​ជា​ប្រមុខ​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា លោក​មិន​ខ្លាច​ការ​គំរាម​ផ្ដាច់​ជំនួយ​របស់​សភាព​អឺរ៉ុប ក៏ដោយ​ចុះ ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​សហគមន៍​កសិករ នៅ​តែ​អះអាង​ថា សហភាព​អឺរ៉ុប គឺ​ជា​ម្ចាស់​ជំនួយ និង​ជា​អ្នក​ផ្តល់​ទីផ្សារ​ដ៏​សំខាន់ ព្រម​ទាំង​យូរ​អង្វែង​ក្នុង​ការ​នាំ​ចេញ​អង្ករ​ក្រអូប​របស់​កម្ពុជា ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​គ្នា​ទាញ​យក​ទីផ្សារ​ពី​សហភាព​អឺរ៉ុប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។